ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុម Burn X Flash នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងកាហ្សានប្រទេសរុស្ស៊ីនាថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមការប្រកួតកីឡាអេឡិចត្រូនិក (E-Sports) ដ៏ធំមួយឈ្មោះថា Games of The Future 2024 នៅទីនោះហើយក្រុមតំណាងឱ្យកម្ពុជាមួយនេះ មានក្ដីរំពឹងយ៉ាងមុតមាំថានឹងប្រជែងដណ្តើមបានលទ្ធផលល្អជូនជាតិមាតុភូមិ។
នៅក្នុងជំនួបជាមួយអ្នកគាំទ្រនៅរោងកុន Prime Cineplex កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងមក លោក Lee Xin ប្រធានក្រុម Burn X Flash បាននិយាយថា៖ «ពួកយើងបានត្រៀមខ្លួន ១០០ ភាគរយ ហើយដោយយើងបានហ្វឹកហាត់ និងសិក្សាពីការប្រកួតនេះបានច្រើនហើយតាមរយៈសមត្ថភាពនិងការសិក្សាពីក្រុមផ្សេងៗទៀតដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះយើងសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អគឺអាចនឹងឈានទៅដល់ការប្រកួត ៤ ក្រុមចុងក្រោយ (Top4)»។
សម្រាប់ការចូលរួមការប្រកួត Games of The Future 2024 ជាលើកដំបូងនៅប្រទេសរុស្ស៊ីនេះក្រុម Burn X Flash នឹងត្រូវប្រកួតប្រជែងលើវិញ្ញាសា Mobile Legend: Bang Bang ដែលជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាប្រកួតទាំង១៦ ដែលត្រូវបានដាក់ឱ្យប្រកួតដោយមានប្រាក់រង្វាន់សរុបរហូតដល់ ២៥ លានដុល្លារអាមេរិក ហើយព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា។
បន្ថែមពីលើការប្រកួតប្រជែងដណ្តើមយកលទ្ធផលល្អជូនប្រទេសជាតិក្រុម Burn X Flash ក៏ត្រៀមនឹងនាំយករូបភាពល្អៗពីកម្ពុជាដើម្បីបង្ហាញទៅប្រទេសផ្សេងៗដែលចូលរួមការប្រកួត Games of The Future 2024 នេះផងដែរដើម្បីអាចទាញបានមកវិញនូវចំនួនអ្នកទេសចរមកដើរកម្សាន្តនៅកម្ពុជា។
នៅត្រង់ចំណុចនេះលោក Lee Xin បានបញ្ជាក់ថា៖ «សម្រាប់ការចូលរួមប្រកួតនៅប្រទេសរុស្ស៊ីជាលើកដំបូងនេះយើងមានបំណងចង់បង្ហាញឱ្យគេបានដឹងថាកម្ពុជាយើងក៏មានធនធានកីឡាអេឡិចត្រូនិកល្អៗដែរ ហើយមួយទៀតយើងចង់នាំយកព័ត៌មាននិងអ្វីដែលល្អៗទាក់ទងនឹងប្រទេសយើងទៅបង្ហាញឱ្យប្រទេសផ្សេងៗបានដឹងនិងបានស្គាល់ដើម្បីអាចអូសទាញពួកគាត់ឱ្យធ្វើដំណើរមកទេសចរណ៍នៅកម្ពុជា»។
សម្រាប់ការធ្វើដំណើរទៅចូលរួម Games of The Future 2024 នៅប្រទេសរុស្ស៊ីនេះក្រុម Burn X Flash ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងភាពជាដៃគូផ្លូវការជាមួយប្រព័ន្ធផ្សព្វផ្សាយ PEAK Sports ផងដែរដើម្បីផ្សព្វផ្សាយការប្រកួតនេះមកកាន់កម្ពុជាវិញ។
លោក Lee Xin បាននិយាយថា៖ «យើងពិតជាមានកិត្តិយស ដែលបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងដើម្បីផ្សព្វផ្សាយពីការប្រកួតរបស់យើងឱ្យបានកាន់តែទូលំទូលាយហើយតាមរយៈការផ្សព្វផ្សាយនេះវានឹងជួយពង្រីកការយល់ដឹងឱ្យបានកាន់តែច្រើនពីប្រភេទកីឡាអេឡិចត្រូនិករបស់យើង។ជាមួយគ្នានេះយើងនឹងព្យាយាមដណ្តើមឱ្យបានលទ្ធផលល្អនិងនាំយកអ្វីដែលថ្មីមកជូនអ្នកគាំទ្រនិងដៃគូសហការដែលបានផ្តល់ការទុកចិត្តលើពួកយើង»។
ជាមួយកិច្ចសហប្រតិបត្តិការនេះដែរ លោកសេងសុភ័ក្រនាយកប្រតិបត្តិក្រុមហ៊ុន PEAK Digital បានថ្លែងថា៖ «យើងពិតជារីករាយមែនទែនដែលបានរួមចំណែកផ្សព្វផ្សាយការប្រកួតរបស់ក្រុមតំណាងឱ្យកម្ពុជា Burn X Flash ដែលត្រូវចូលរួមការប្រកួតជាមួយក្រុមអន្តរជាតិផ្សេងៗទៀត ក្នុងព្រឹត្តិការណ៍ Games of The Future 2024 នៅប្រទេសរុស្ស៊ីអ៊ីចឹងនេះជាឱកាសរបស់ PEAK ដែលបានជួយរុញក្រុមកីឡាកររបស់យើងឱ្យឈានទៅសម្រេចក្តីស្រមៃ»។
លោកបានបន្ថែមថា៖ «តាមរយៈការសហការក្នុងការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ Games of The Future 2024 នេះយើងសង្ឃឹមថានឹងជួយជំរុញក៏ដូចជាលើកទឹកចិត្តដល់ប្អូនៗដែលនិយមលើប្រភេទកីឡា E-Sports ឱ្យចូលរួមកាន់តែច្រើនកុះករដើម្បីកសាងក្តីស្រមៃសម្រាប់ខ្លួនលើជំនាញមួយនេះព្រមទាំងចូលរួមគាំទ្រដល់ក្រុម Burn X Flash របស់កម្ពុជាយើងឆ្ពោះទៅទទួលបានជោគជ័យត្រឡប់មកវិញ»៕