ភ្នំពេញ៖ កីឡាករប្រេស៊ីល THIAGO TEIXEIRA MACHADO ដែលមានឈ្មោះខ្មែរថា សែន ចន្ទឫទ្ធីគុន បានទម្លាយអារម្មណ៍ពិត តាមខ្សែវីដេអូខ្លីមួយថា ពេលនេះរូបគេ និងអ្នកស្រី រ៉ូម៉ា ម៉ារៀ ហៀនស្ក ស្តេហ្វហ្វន ជាប្រពន្ធ បាននិងកំពុងជួបភាពទីទាល់ខ្លាំង សម្រាប់ការមករស់នៅកម្ពុជាចាប់តាំងពីអ្នកទាំង២ ទទួលបានសញ្ជាតិខ្មែរ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។
នៅក្នុងខ្សែវីដេអូ មានរយៈពេលជាង ៣ នាទីនេះ សែន ចន្ទឫទ្ធីគុន បានឱ្យដឹងថា ខ្លួនពិតជាមានមោទនភាព ដែលបានក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិ ដើម្បីបានរួមចំណែកជួយលើកកម្ពស់ដល់វិស័យប្រដាល់ «គុនខ្មែរ» ទៅតាមក្តីសុបិនរបស់ខ្លួន ហើយនេះជាមូលហេតុដែលរូបគេបានសម្រេចបោះបង់អ្វីៗគ្រប់យ៉ាង ដែលធ្លាប់មាន នៅប្រទេសថៃ ដើម្បីបានមករស់នៅកម្ពុជា។
ប៉ុន្តែពេលនេះ សែន ចន្ទឫទ្ធីគុន បានចំណាយអស់ពីខ្លួនហើយ ហើយក៏អស់លទ្ធភាព ក្នុងការរកចំណូល ដើម្បីបន្តជួយដល់គុនខ្មែរទៀតនោះដែរ។ ស្ថិតក្នុងភាពទីទាល់នេះ ចន្ទឫទ្ធីគុន បានសុំចិត្តឱ្យប្រជាជនកម្ពុជា និងសប្បុរសធម៌ជួយដល់រូបគេ ដើម្បីមានឱកាស ក្នុងការរួមចំណែកជួយគុនខ្មែរបន្តទៀត ដោយកីឡាករប្រេស៊ីល មានសញ្ជាតិខ្មែររូបនេះ អះអាងថា រូបគេនៅតែស្រឡាញ់ និងហ៊ានជម្នះគ្រប់យ៉ាង ដើម្បីជួយដល់គុនខ្មែរ ដែលមិនមែនជាជំនួញរកស៊ីនោះឡើយ។
សែន ចន្ទឫទ្ធីគុន បានបញ្ចេញអារម្មណ៍ពិតបែបនេះថា៖ «ជម្រាបសួរអ្នកទាំងអស់គ្នា! នេះជាវីដេអូរបស់ខ្ញុំ ដែលខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំ ប្រាប់អ្នកទាំងអស់គ្នា។មួយរយ:កន្លងមក ខ្ញុំបានជម្នះគ្រប់យ៉ាង ដើម្បីជួយគុនខ្មែរ ប៉ុន្តែទន្ទឹមនោះខ្ញុំក៏បានខាតបង់លុយចំនួន ៥០ ម៉ឺនដុល្លារ ជាមួយនឹងក្លិប អាហារដ្ឋាន ហាងរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ហើយខ្ញុំបានមកប្រទេសកម្ពុជា គឺខ្ញុំនៅតែជម្នះមកទីនេះ ព្រោះខ្ញុំមានមោទនភាពខ្លាំងណាស់ ចំពោះប្រទេសកម្ពុជា និងកីឡានៅទីនេះ»។
នៅក្នុងដំណាក់កាលជួបការពិបាក សម្រាប់ការមកប្រកបអាជីពប្រដាល់ នៅប្រទេសកម្ពុជានេះ សែន ចន្ទឫទ្ធីគុន បានឱ្យដឹងថា រូបគេបានទទួលការឧបត្ថម្ភពីមនុស្សជាង២ពាន់នាក់ ដែលបានផ្ញើលុយមក ដោយអ្នកខ្លះផ្ញើ ១ ដុល្លារ ឬច្រើនជាងនេះហើយទឹកប្រាក់ដែលទទួលបានទាំងអស់មានជាង ២ ពាន់ដុល្លារ។ ចន្ទឫទ្ធីគុន បានសម្តែងការអរគុណខ្លាំង ចំពោះការជួយនេះ ប៉ុន្តែរូបគេបានអះអាងថា លុយទាំងអស់នេះ វានៅតែមិនគ្រប់គ្រាន់ក្នុងការចំណាយនានា ខណៈក្តីសុបិនក្នុងការជួយគុនខ្មែរ វានៅមិនទាន់ដល់គោលដៅ ដែលខ្លួនចង់បាន។
កីឡាករ និងជាគ្រូបង្វឹករូបនេះ បាននិយាយថា៖ «ខ្ញុំមើលឃើញថា មានក្រុមហ៊ុនជាច្រើន ដែលកំពុងតែចង់លើកស្ទួយវិស័យគុនខ្មែរ ឱ្យរីកចម្រើន និងចង់ឃើញគុនខ្មែរ មានមុខមាត់នៅលើឆាកអន្តរជាតិ ហើយនេះជាក្តីសុបិនមួយរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាខ្ញុំផងដែរប៉ុន្តែក្តីសុបិននេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងសុបិនតែម្នាក់ឯង។ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំហើយកន្លងទៅពួកយើងបានព្យាយាមប្រាប់ពិភពលោកពីវប្បធម៌របស់យើង ហើយវាមិនមែនសម្រាប់តែខ្ញុំម្នាក់ឯងទេ គឺសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះតែឥឡូវខ្ញុំជាប្រជាជនកម្ពជាមួយរូបទៅហើយ»។
សែន ចន្ទឫទ្ធីគុន បានបន្ថែមថា៖ «ខ្ញុំបានបើកកន្លែងហាត់ប្រាណ ១ ដែលនៅតែត្រូវការការឧបត្ថម្ភពីបងប្អូន ១ ដុល្លារ ឬ ២ ដុល្លារ។ ទោះថវិកានេះ វាមិនអាចគ្រប់គ្រាន់លើការចំណាយថ្លៃទីតាំង តែវាជាទឹកចិត្ត និងសេចក្តីគោរពស្រឡាញ់របស់អ្នកទាំងអស់គ្នា មានចំពោះខ្ញុំ ព្រោះខ្ញុំពិតជាមិនដឹងថា នឹងធ្វើរឿងអ្វីបានជាច្រើនទៀតទៅថ្ងៃខាងមុខ តែខ្ញុំកំពុងជម្នះវា ដោយខ្ញុំបានខ្ចីលុយធនាគារ ដើម្បីបន្តដំណើរទៅមុខ ដោយមិនចុះចាញ់ ឬរុញរាអ្វីឡើយ។
នៅត្រង់ចំណុចនេះ អ្នកប្រដាល់ ធ្លាប់ឈ្នះបានខ្សែក្រវាត់កម្រិតពិភពលោក ចន្ទឫទ្ធីគុន បានបញ្ជាក់៖ «ដូចអ្នកទាំងអស់គ្នាបានឃើញហើយថា យើងកំពុងជម្នះវា ដោយមិនដែលបោះបង់ឡើយ ហើយខ្ញុំសូមប្រាប់ទៅអ្នកចង់ជួយឧបត្ថម្ភ អ្នកដែលស្រឡាញ់គុនខ្មែរ និងអ្នកដែលស្រឡាញ់ខ្ញុំ គឺសូមជឿជាក់លើខ្ញុំ ខ្ញុំពិតជាអាចធ្វើវាបាន។ ខ្ញុំស្រឡាញ់គុនខ្មែរ ហើយខ្ញុំក៏មិនមែនមកធ្វើជំនួញអីនោះដែរ គឺមកដើម្បីជំរុញរឿងនេះឱ្យវាកាន់តែល្អទៅមុខទាំងអស់គ្នា»។
គួររំឭកថា កីឡាករ THIAGO កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីលហើយការទទួលបានសញ្ជាតិខ្មែររបស់ THIAGO និងភរិយាគឺធ្វើឡើងក្រោយតែ៣ថ្ងៃ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរដល់អ្នកទាំង ២ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ ជាមួយនឹងការផ្តល់ប្រាក់លើកទឹកចិត្តចំនួន ២ ម៉ឺនដុល្លារ បន្ថែមទៀត ក្រោយពី Thiago ត្រូវបានសហព័ន្ធកីឡាមួយថៃ (WMO)ប្រកាសដកខ្សែក្រវាត់ដែលប្រកួតឈ្នះនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ក្រោមហេតុផលថា THIAGO ប្រកួតតំណាងឱ្យគុនខ្មែរ មិនមែនតំណាងឱ្យ Muaythai៕