ភ្នំពេញ៖ មន្រ្តីជំនាញ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា លោក អាំង សិរិពិសិដ្ឋ បានអះអាង​ថា សកម្មភាព​​លេង​បាល់ទះ​​ខុស​បច្ចេក​ទេស ខុស​ស្តង់ដា ឬលេង​ក្រៅប្រព័ន្ធ នៅតាម​ទីសាធារណៈ​​ក្នុង​ប្រទេស​កម្ពុជា ដែល​មានការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គមយ៉ាងសន្ធឹកសន្ធាប់​​មួយ​រយៈ​ពេល​ចុង​ក្រោយ​​នេះ វា​មិន​បាន​ផ្តល់​ផលចំណេញ​ដល់​សង្គម​ជាតិ​របស់​យើងសូម្បី​បន្តិច​សោះ គឺ​មាន​តែ​បំផ្លាញ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា លោក អាំង សិរីពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា ការ​លេង​បាល់​ទះ​​ក្រៅ​ប្រព័ន្ធ ដែល​ឃើញមាន​​លើកបាល់ (ប៉ាស់សេ)ស្អិតជាប់​ដៃ និង​ការ​លោត​ចាប់​បាល់​​បោកខុស​បច្ចេក​ទេស ​បាន​ក្លាយជា​ទម្លាប់​មិន​ល្អដល់​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​សហព័ន្ធ​កីឡា​បាល់​ទះ​​អាស៊ីអាគ្នេយ៍ ក៏​មានការបារម្ភ​ទៅលើបញ្ហា​នេះ​ដែរ អ៊ីចឹងក្នុងនា​ម​យើង​ជា​​សាមីសហព័ន្ធ​ផ្ទាល់​​ ​ពិតជា​មានអារម្មណ៍​ខ្មាសគេណាស់។

លោក​បានបញ្ជាក់ថា៖ «ខ្ញុំ​មានអារម្មណ៍ខ្មាស​គេ​ណាស់ ក្នុងនាមជាសមាជិក​សហព័ន្ធ​កីឡាបាល់​ទះ​អាស៊ីអាគ្នេយ៍ ព្រោះ​គេ​បានបង្ហាញកង្វល់ទៅលើ​បញ្ហា​នេះ ដោយគេ​បាន​សួរ​មក​ខ្ញុំ​ថា នេះ​ជា​​របៀប​​លេងបាល់​នៅ​កម្ពុជា​ឬ? ហើយ​​ខ្ញុំបាន​ឆ្លើយ​​តបបែបលេងសើច​​ថា ស្រុក​​ខ្ញុំ​មាន​ការ​​លេង​បាល់​ទះ​ប្លែកៗបែប​នេះ តែ​នេះ​​គ្រាន់តែ​ជា​ការ​លេង​បែបបាយ​ឆ្ងាញ់​ប៉ុណ្ណោះ។ ប៉ុន្តែ​ធាតុ​​ពិតនៃ​ការ​លេង​ខុសស្តង់ដា​នេះ វា​មិន​បាន​ផ្តល់​ចំណេញ​មក​ដល់សង្គម​ជាតិ​យើងសូម្បីបន្តិច មានតែ​បំផ្លាញ!»។

លោក​បានបន្ថែម​ថា៖ «បើ​លេង​ត្រឹម​បាយឆ្ងាញ់​មិនសូវ​ជាអ្វី​ប៉ុន្មាន​ទេ ​ប៉ុន្តែ​នេះ​មានការ​ភ្នាល់​លុយ​ ហើយមាន​ការ​ផ្សាយ​ផ្ទាល់ ដោយ​ដាក់ចំណង​ជើង​សុទ្ធថា ជា​គូ​លំដាប់​ប្រទេស​ទៅ​ទៀត តែ​តាម​​ពិត​ជា​ការ​លេង​បែប​បាត​ប្រទេស​ទៅវិញ​ទេ អ៊ីចឹង​ការ​លេង​របៀប​នេះ វា​​បាន​ក្លាយជា​ទម្លាប់​មិន​ល្អសម្រាប់​ក្មេងៗជំនាន់​ក្រោយ ព្រោះនៅ​ពេល​គាត់​ចាប់​ផ្តើម​រៀន​លេង​បាល់ទះ គឺ​​គាត់​​លេង​​តាម​​បែ​ប​គ្មាន​ស្តង់ដា​ហ្នឹង ​​ហេតុនេះ​នៅពេល​សហព័ន្ធ ចង់​ជ្រើស​រើស​កីឡាករ​​ទាំង​​អស់​នោះ ជាយុវជន​បន្ត​វេន​ក៏អត់កើតដែរ»។

ការ​បង្ហាញពី​ផល​ប៉ះពាល់ ចំពោះ​ការ​លេង​បាល់​ទះ​ខុស​ស្តង់ដា​នេះ គឺ​លោក អាំង សិរីពិសិដ្ឋ បាន​លើក​ឡើង នៅ​ក្នុង​សន្និសីទ​កាសែត ស្តីពីការ​ប្រកួត​កីឡាបាល់​ទះ ៤x៤ ទូ​ទាំង​ប្រទេស (Wurkz Special Volleyball 4x4 Cup 2024) នៅ​ផ្សារទំនើប​ជីបម៉ុងមេហ្គាម៉ល កាល​​ពី​ថ្ងៃទី ​២០ ខែកុម្ភៈ ហើយ​លោក សិរីពិសិដ្ឋ និង​លោក លាង ម៉េង សហស្ថាបនិក និង​ជា​ប្រធាន​​ក្រុម​អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាង​ថា ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍នេះ​ឡើងគឺ​ដើម្បី​កែ​ប្រែ​ទម្លាប់​ការ​លេង​បាល់​ទះ​ខុស​ស្តង់ដា នៅតាមភូមិដ្ឋាន គ្រប់​រាជធានី-ខេត្ត ឱ្យ​ងាក​មក​លេងតាមស្តង់ដាវិញ។

លោក អាំង សិរីពិសិដ្ឋ បាន​​ថ្លែង​​ថា៖​ «​ខ្ញុំបាន​​ហាម​ក្រុមជម្រើសជាតិ​ទាំង​អស់ មិន​ឱ្យ​​លេង​បាល់​​ខុស​ស្តង់ដា​​ទេ ព្រោះ​ខ្ញុំ​បានជជែក​ជាមួយ​អ្នក​ឧកញ៉ា ​លាង ម៉េង រួច​ហើយ​​ថា ការ​​បង្កើត​ឱ្យ​មាន​ទម្រង់​លេង ៤x៤ នេះ​គឺ​យើង​ត្រូវលេង​តាមស្តង់​ដា ដោយយើង​ចង់លុប​បំបាត់​ការ​​លេង​​បាល់​ខុស​បច្ចេក​ទេស​ដោយសារ​សហព័ន្ធ ចង់​​ស្វែង​រក​អ្នក​ដែល​មាន​កាយ​សម្បទា​ល្អ​​និង​មានសមត្ថ​ភាព​ យក​មក​ច្នៃ ដើម្បី​អាច​ក្លាយជា​កីឡាករ​បន្ត​វេន និងលេង​តំណាង​​ឱ្យ​​ប្រទេសជាតិ​យើង​បាន»។​

ចំណែក​លោក លាង ម៉េង បាន​ថ្លែង​ថា៖​ «​ការ​បង្កើត​​ព្រឹត្តិការណ៍នេះ គឺ​​យើង​ចង់​ឱ្យ​​មនុស្ស​នៅ​គ្រប់​ខេត្ត ក្រុង បានដឹង​ថា ពួកគាត់​​មាន​ឱកាស និង​ក្តីសង្ឃឹម ក្នុង​ការ​​ក្លាយជា​កីឡាក​រ​​​ទៅ​​តាម​មហិច្ឆតា​របស់​ខ្លួន ព្រោះ​ខ្ញុំ​ជឿជាក់ថា សហព័ន្ធ ពិតជា​ត្រូវ​ការ​ធនធាន​ល្អៗ​ ដើម្បី​បន្ត​វេន​ក្នុង​ក្រុមជម្រើសជាតិ អ៊ីចឹងខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដំណើរ​​វែង​ឆ្ងាយជាមួយ​សហ​ព័ន្ធដើម្បី​ធ្វើ​ការ​ងារ​នេះ គឺ​ធ្វើ​យ៉ាង​ណា​រក​ឱ្យ​បាន​ធនធាន​​មានសមត្ថភាព និង​ទេព​កោសល្យ នៅតាម​ភូមិ​ដ្ឋាន យក​មក​បណ្តុះ​បណ្តាល​សម្រាប់បន្ត​វេន ដើម្បី​ធ្វើ​ឱ្យ​វិស័យបាល់​ទះ​របស់​យើង កាន់តែ​រីកចម្រើន​ទៅ​មុខ​​ទៀត»។

សម្រាប់​ការ​ប្រកួត​កីឡាបាល់​ទះ ៤x៤ ទូ​ទាំង​ប្រទេស ប្រចាំ​ឆ្នាំ​ ២០២៤ ​នេះ ​គឺ​​មាន​​ការ​​ប្រកួត​​​ជម្រុះ​នៅតាមភូមិភាគ​ធំៗ​ចំនួន​​ ៥ ដោយ​ផ្តើម​ចេញពី​ ភូមិ​ភាគ​ខេត្តបាត់ដំបងមុនគេ ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ ២៥ ខែកុម្ភៈ រួច​បន្ត​ទៅ​ភូមិ​ភាគ​ខេត្តសៀមរាប ថ្ងៃ​ទី​ ២-៣ ខែមីនា រីឯ​ភូមិភាគ​ខេត្ត​កំពង់ចាម ចាប់ប្រកួត​ពី​ថ្ងៃទី ​៩ ដល់​ទី​ ១០ ខែមីនា ហើយ​ភូមិ​ភាគ​ខេត្តព្រៃវែង ​ថ្ងៃទី​ ១៦-១៧ ខែ​មីនា ចំណែក​ភូមិ​ភាគ​ខេត្តព្រះសីហនុ ក៏​ត្រូវ​ប្រកួតជម្រុះ​ ២​ ថ្ងៃ​ដូចគ្នា គឺ​ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី ​២៤ ខែមីនា។

ចំពោះ​ភូមិភាគ​ទាំង​ ៥ ​នេះ មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតសរុប​ចំនួន​ ៤២ ក្រុម ចំណែក​​​ភូមិ​ភាគ​ខេត្តបាត់ដំបង ដែល​​ត្រូវ​ប្រកួត​មុន​គេ ​​មាន​​ ១០ ក្រុម​បានចូលរួម ហើយ​បាន​ចាប់​​ឆ្នោត​​រួច​រាល់​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃ​អង្គារ​។  រីឯ​​លក្ខខណ្ឌ​​​ប្រកួតវិញ គឺ​ក្រុម​​ទទួល​បាន​លេខ ​១ និង​លេខ​ ២ ​នៅតាម​ភូមិ​ភាគ​ទាំង​ ៥ នឹង​ទទួលបាន​ឱកាស​ឡើង​មក​ប្រកួតជុំ​​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​លេខ​ ១ ដល់​លេខ ​៦ ​នៃ​ការ​ប្រកួត​ «តេជោលីគ» ដែល​ទើប​បានបញ្ចប់ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ​គ្រោង​នឹង​រៀបចំ​​ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៨ ខែ​មេសា៕