
សកម្មភាពហ្វឹកហាត់កីឡាគុនល្បុក្កតោ របស់លោកគ្រូអ្នកគ្រូ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា កាលពីថ្ងៃទី២១ ខែកុម្ភៈ។ រូបថត សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រូប សហការី
ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានកំពុង និងចាប់ផ្តើមពង្រឹងធនធានគ្រូបង្វឹក នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា តាមរយៈការបញ្ជូនគ្រូជំនាញរបស់ខ្លួនឱ្យចុះទៅបង្ហាត់បង្ហាញពីបច្ចេកទេសនៃប្រភេទកីឡាជាអត្តសញ្ញាណជាតិមួយនេះ ដល់លោកគ្រូអ្នកគ្រូ ស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ។ ទាំងនេះគឺដើម្បីឱ្យពួកគាត់ អាចមានចំណេះជំនាញច្បាស់លាស់ក្នុងការចុះទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់សិស្សានុសិស្សជាបន្តទៀតតាមគ្រឹះស្ថានអប់រំនានា នៅក្នុងប្រទេសកម្ពុជា។
ចំពោះការចាប់ផ្តើមបណ្តុះបណ្តាលធនធានគ្រូបង្វឹក នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានេះ គឺត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញសកម្មភាពហ្វឹកហាត់ «គុនល្បុក្កតោ» នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋនៅទូទាំងប្រទេសកម្ពុជា ព្រោះសិស្សានុសិស្ស ជាអ្នកបន្តវេនយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ។ បន្ទាប់ពីមរតកក្បាច់គុនរបស់ដូនតាខ្មែរនេះ ទទួលបានជោគជ័យក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមការរូបភាព ដែលសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈគឺឃើញមានលោកគ្រូ អ្នកគ្រូអប់រំជាច្រើននាក់ បានចាប់ផ្តើមហ្វឹកហាត់កីឡាគុនល្បុក្កតោ មុនពេលពួកគាត់ នាំយកជំនាញទាំងនេះ ទៅសាបព្រោះបន្តដល់សិស្សានុសិស្ស។ ហើយនេះជាជំហានដ៏ជោគជ័យមួយទៀត ក្នុងការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិគឺបន្ថែមទៅលើការដាក់ក្បាច់គុនល្បុក្កតោ ឱ្យមានការហ្វឹកហាត់ជាផ្លូវការ នៅក្នុងកងយោធពលខេមរភូមិន្ទ។

ជុំវិញការងារនេះ សហព័ន្ធ បានបង្ហោះសារបែបនេះថា៖ «ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនំា ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការសហការគ្នាជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដើម្បីធ្វើការហ្វឹកហាត់ និងបញ្ជ្រាបកីឡាគុនល្បុក្កតោ ដល់លោកគ្រូ អ្នកគ្រូអប់រំកាយនិងកីឡា សម្រាប់យកទៅធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តដល់សិស្សានុសិស្ស តាមគ្រឹះស្ថានអប់រំនានា ក្នុងព្រះរាជាណាចក្រកម្ពុជា»។
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្ថែមថា៖ «តាមរយៈវិស័យអប់រំនេះផងដែរ បានបំផុសនូវសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ក្នុងគោលបំណង ដើម្បីជំរុញក្នុងកិច្ចការពារ ថែរក្សា និងអភិរក្សក្បាច់គុនល្បុក្កតោខ្មែរដល់សិស្សានុសិស្ស»៕
