ភ្នំពេញ៖ កីឡាករ​វ័យក្មេងកំពុង​សាងបាន​ភាព​ល្បី អេលីត សេងទ្រី ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ថា ស្រេងទ្រី គុនខ្មែរ​ ហាក់​មិន​បានបង្ហាញ​ក្តី​បារម្ភ​នោះ​ទេ សម្រាប់ការ​ដាក់​ឱ្យប្រកួត​ជាមួយ​​ម្ចាស់​ខ្សែ​ក្រវាត់​ ៤​ មកពី​ប្រទេស​ប្រេស៊ីល Israel Dos Santos ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម នៅលើ​សង្វៀន​ថោន នា​ព្រឹក​ម៉ោង​ ១១ ថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។

នៅមុនការ​ប្រឈម​មុខដាក់​គ្នា នៅលើ​សង្វៀនជា​លើកដំបូងនេះ សេងទ្រី គុនខ្មែរ បាន​សិក្សា និ​ងមើល​ពីការ​​ប្រកួត​​របស់​កីឡាករ Israel Dos Santos ខ្លះៗ​ហើយ ដោយ​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះមានសមត្ថ​ភាព​ល្អ ហើយមាន​ចលនា​ចេញចូលវាយ​បានលឿន និងមាន​កម្លាំង​ស៊ុហ្វ​រឹង​មាំ​ផងដែរ។

តែទោះបីជា​យ៉ាង​ណា នៅពេល​ឃើញ​ចំណុច​ល្អ​របស់ Israel Dos Santos បែបនេះ ហើយ​ថែម​ទាំង​មាន​ខ្សែ​ក្រវាត់​ ៤​ កាន់នៅ​នឹងដៃទៀត​នោះបាន​ធ្វើ​ឱ្យ សេងទ្រី គុនខ្មែរ កាន់​តែមាន​ចិត្តអន្ទះសា​ចង់​ជួប​ដៃគូ​ម្នាក់​នេះព្រោះ​រូបគេពិតជា​ចង់​ស្គាល់ និងចង់​ល្បង​សមត្ថ​ភាព​ជាមួយ​អ្នក​ខ្លាំង​បែបនេះ ខណៈ សេងទ្រី ក៏​មាន​ធ្លាប់​មានបទពិសោធន៍​ប្រកួត​ជាមួយ​កីឡាករ​បរទេស​បានច្រើន​ហើយ​ដែរ។

សេងទ្រី បាន​និយាយ​ថា៖ «មើល​តាមរូប​ភាព ឃើញគាត់មានខ្សែ​ក្រវាត់​ច្រើន គឺ​មើល​ទៅ​ល្អ មាន​ចលនាវាយបាន​លឿន និងមាន​ស្ទុះល្អ​ទៀត ប៉ុន្តែ​ខ្ញុំអត់បារម្ភ​​ឡើយ។ ផ្ទុយ​ទៅវិញ​នៅ​ពេល​​ឃើញ​គេ​ល្អបែបនេះ ខ្ញុំ​រឹតតែ​ចង់​ជួប ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់ថា សមត្ថ​ភាព​របស់​យើង បាន​ឈាន​ដល់់​កម្រិត​ណា​ឱ្យប្រាកដ​ហើយ!»។

យ៉ាង​ណាក៏​ដោយ សម្រាប់អ្នកគាំ​ទ្រ​មួយចំនួន បានបង្ហាញក្តីបារម្ភ​ចំពោះ សេងទ្រី នៅ​ពេល​ត្រូវបានដាក់​ឱ្យ​ប្រកួតជាមួយ​ម្ចាស់ខ្សែ​ក្រវាត់​៤ Israel Dos Santos បែបនេះ។ ប៉ុន្តែ សេងទ្រី បានបញ្ជាក់ប្រាប់​ទៅ​​វិញ​​ថា៖​ «សូមបងប្អូន​មិនចាំបាច់បារម្ភ​នោះ​ទេ ព្រោះ​ខ្ញុំ​ហ្វឹក​ហាត់​ត្រៀម​​ពេញ​បានល្អ​​២សប្តាហ៍​ហើយ ដើម្បីត្រៀម​ការ​ប្រកួត​នេះ អ៊ីចឹងសុំ​តែការ​​គាំ​ទ្រ និងលើកទឹក​ចិត្ត​ខ្ញុំ​បាន​ហើយ ដើម្បីខ្ញុំ​មាន​កម្លាំង​ចិត្ត​វ៉ៃជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​៤​រូបនេះ»។​

នៅ​ក្នុងការ​ប្រកួត ដែលចាប់ផ្តើម​ពី​ម៉ោង ​១១​ ព្រឹក​តទៅ នា​ថ្ងៃទី​ ២៤ ខែកុម្ភៈនោះ​ដែរ អ្នកប្រដាល់​ជើង​ខ្លាំង ម៉ឺន មេឃា ត្រូវបានដាក់​ឱ្យ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយអ្នកប្រយុទ្ធ​របស់​ប្រេស៊ីល Guilherme Rodriues ក្នុង​ទម្ងន់​ ៦៣,៥ គីឡូក្រាម ចំណែក​៣គូ​ផ្សេង​ទៀត ជា​ការ​​ប្រកួត​មិត្ត​ភាព​រវាង​កីឡាករ​ក្នុងស្រុក៕