ភ្នំពេញ៖ គ្រូប្រដាល់លោក ក្រាក់ សម្ផស្ស បានបង្ហាញការមិនពេញចិត្ត និងបានបន្ទោសទៅលើការបំពេញតួនាទីមិនបានល្អរបស់លោកអាជ្ញាកណ្តាល ទេស សារិន ដែលបានក្លាយជាដើមចមធ្វើរូបលោកទទួលរងការម៉ាត់ និងទាត់ចូលដើមទ្រូងពេញទំហឹងពីសំណាក់កីឡាករអ៊ីរ៉ង់ បណ្តាលឱ្យលោកមិនអាចក្រោកឈរបន្តការប្រកួតទៀតបាន ចំណែក ឈឿង ល្វៃ បានបង្ហាញការប្រកួតកាន់តែកាច ដើម្បីយកឈ្នះលើជើងខ្លាំងរបស់ថៃ រីឯ រិន ដេវីត ក៏បានឈ្នះថៃដូចគ្នា។
សម្រាប់ការប្រកួត ក្នុងព្រឹត្តិការណ៍ CAMBODIA KUN KHMER KKIFដែលធ្វើឡើងនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ លោកគ្រូ ក្រាក់ សម្ផស្ស ត្រូវបានកីឡាករអ៊ីរ៉ង់ Majid Tocayah ម៉ាត់ស្តាំ និងបន្ថែមដោយការទាត់ជើងឆ្វេងចូលដើមទ្រូង បណ្តាលឱ្យដួលងើបលេងរួច នៅត្រឹមនាទីទី១ ក្នុងទឹកទី១។
បើទោះបីជាគណៈកម្មការរៀបចំការប្រកួត គ្មានប្រតិកម្មអ្វីចំពោះការដួលសន្លប់យ៉ាងលឿននេះ ប៉ុន្តែលោក ក្រាក់ សម្ផស្ស ផ្ទាល់ បានសម្តែងការមិនពេញចិត្តចំពោះការបំពេញការងាររបស់លោកអាជ្ញាកណ្តាល ទេស សារិន ដែលមិនបានចាប់ទាញកីឡាករទាំង២ឱ្យមកឈរនៅកណ្តាលសង្វៀន រួចទើបស្រែកឱ្យបុក (ប្រកួតបន្ត) ឡើយ គឺចាប់ឃាត់នៅក្បែរសង្វៀន រួចស្រែកឱ្យបុកនៅកន្លែងហ្នឹងតែម្តង ធ្វើឱ្យកីឡាករ Majid Tocayah ឆ្លៀតឱកាសវ៉ៃទៅលើលោកទាំងមិនទាន់បានត្រៀមខ្លួន ហើយក៏មើលមិនឃើញទៅទៀត។
លោក ក្រាក់ សម្ផស្ស បាននិយាយក្រោយការប្រកួតថា៖ «ជាធម្មតា នៅពេលចាប់ឃាត់កីឡាករកំពុងប្រកួតគ្នា គឺអាជ្ញាកណ្តាល ត្រូវទាញកីឡាករទាំង២មកកណ្តាលសង្វៀនដើម្បីឱ្យមើលឃើញច្បាស់ទាំងអស់គ្នាសិន ទើបស្រែកឱ្យបុក ប៉ុន្តែករណីនេះ ខ្ញុំបានឈរនៅចំហៀងបាំងអាជ្ញាកណ្តាលទៅហើយ មានមើលអីឃើញ អ៊ីចឹងគ្រាន់តែគាត់ទម្លាក់ដៃចុះ និងស្រែកឱ្យបុក ខាងគេវ៉ៃមកដល់មុខខ្ញុំបាត់ មានអីគេចទាន់ បើយើងមិនទាន់បានត្រៀមខ្លួនស្រួលបួលផងហ្នឹង»។
គ្រូប្រដាល់ ដែលទើបវិលត្រឡប់មកប្រកួតជាថ្មី នៅលើសង្វៀន លោក ក្រាក់ សម្ផស្ស បានបញ្ជាក់បន្ថែម ដោយអស់សង្ឃឹមថា៖ «ខ្ញុំមិនធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមកទេ! និយាយរួមទៅវាខុសលក្ខន្តិកៈ គឺលោកអាជាកណ្តាល មិនត្រូវធ្វើបែបហ្នឹងឡើយ ហើយខ្ញុំក៏មិនដឹងនិយាយយ៉ាងម៉េចឱ្យត្រូវទំហំចិត្តខ្លួនឯងដែរ នៅពេលនេះ»។
យ៉ាងណាក៏ដោយ លោក ក្រាក់ សម្ផស្ស បានធ្វើការសុំទោសទៅដល់អ្នកគាំទ្រ ចំពោះការចាញ់សន្លប់យ៉ាងលឿននេះ ហើយលោកមានបំណងចង់ជួប Majid Tocayah ម្តងទៀត ព្រោះលោកបានមើលឃើញថា កីឡាករអ៊ីរ៉ង់ម្នាក់នេះ ល្អបានតែដៃទេ ចំណែកជើងក្រោម មិនជារឹងប៉ុន្មានឡើយ។ «គេល្អដៃមែន តែស្ទក់ជើងក្រោម គឺខ្ញុំទាត់ចូល២ជើង ឃើញថាគេរាងស្រុតទៅហើយហេតុនេះខ្ញុំចង់ជួបគេម្តងទៀត»។
ផ្ទុយពីនេះ ការជួបគ្នារវាងជើងខ្លាំង ឈឿង ល្វៃ និងអ្នកប្រដាល់របស់ថៃ Detrit Krasiraphop ដែលបានបង្ហាញភាពឌឺដងគ្នាខ្លាំងតាំងពីពេលថ្លឹងទម្ងន់នោះ គឺអ្នកទាំង២នេះ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ហើយអ្វីដែលជក់ចិត្តនោះ គេឃើញថា ម្ចាស់មេដាយមាសស៊ីហ្គេម ឈឿង ល្វៃ កាន់តែមានរបៀបវ៉ៃកាចជាងមុន ទាំងកម្លាំងទាត់ បុកជង្គង់ ជាពិសេសគឺការវាយកែងតែម្តង។
បើទោះបីជាទម្ងន់វាយចេញធ្ងន់ៗនេះ មិនអាចផ្តួលកីឡាករថៃ Detrit ឱ្យសន្លប់បាន ព្រោះដៃគូម្នាក់នេះ ក៏មានអាវុធវាយចេញធ្ងន់ៗ ប៉ុន្តែតាមរយៈការប្រកួត៣ទឹកពេញ ឈឿង ល្វៃ ត្រូវបានប្រកាសឱ្យឈ្នះពិន្ទុយ៉ាងស័ក្តិសម។ ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម រិន ដេវីត ក៏បានឈ្នះកីឡាករថៃ Jakkapong Krumram ដោយពិន្ទុដែរ ហើយថែមទាំងបានទាត់ឆ្វេងចូលថ្គាមបណ្តាលឱ្យថៃម្នាក់នេះវង្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់ ១លើក នៅក្នុងទឹកទី២ ទៀតផង៕