ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឃីម បូរ៉ា បានធ្វើឱ្យអ្នកគាំទ្រផ្ទាល់នៅសង្វៀនប៉ុស្តិ៍លេខ៥ មានការសរសើរមិនដាច់ពីមាត់ពីបច្ចេកទេសវាយកែងយ៉ាងល្អរបស់គេ ក្នុងការផ្តួលកីឡាករថៃ Khum Phitlek ឱ្យសន្លប់ឈរ ចំណែក រិន សារ័ត្ន ក៏បានឈ្នះអ្នកប្រដាល់ថៃ Kang Napha ផងដែរ ប៉ុន្តែអតីតកីឡាករធ្លាប់សាងភាពល្បីកាលពីជាង១០ឆ្នាំមុន វ៉ែន សុវណ្ណ បានជួបគ្រោះខូចជើងក្រោម សម្រាប់ការវិលមកកាន់សង្វៀនជាថ្មីលើកនេះ។
សម្រាប់ការបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីយប់ថ្ងៃទី ២៤ កុម្ភៈកន្លងទៅ ឃីម បូរ៉ា បានប្រកាសថា រូបគេនឹងធ្វើឱ្យបានល្អ និងមានបំណងចង់ផ្តួលកីឡាករ Khum Phitlek ឱ្យសន្លប់ផងដែរ ដើម្បីជាកាដូចំពោះអ្នកគាំទ្រ សម្រាប់ការវិលមកកាន់ការប្រកួតជាថ្មីនៅលើសង្វៀនមួយនេះ បន្ទាប់ពីបានដំណើរការវិញ តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣មក។
យ៉ាងណាក៏ដោយកីឡាករថៃ Khum Phitlek ក៏បានតាំងចិត្តខ្ពស់ ចំពោះការធ្វើដំណើរមកជួប ឃីម បូរ៉ា ជាលើកដំបូងផងដែរ។ តែទោះបីជាយ៉ាងណា កីឡាករថៃ ដែលធ្លាប់ប្រកួតជាមួយ ឃីម ឌីម៉ា រូបនេះ មិនអាចទប់ទល់ជាមួយ ឃីម បូរ៉ា បានឡើយ គឺរូបគេ បានចាញ់ដោយសន្លប់ នៅត្រឹមទឹកទី២។
តាមរយៈការប្រកួត កាលពីយប់ថ្ងៃសៅរ៍នោះ ឃីម បូរ៉ា បានព្យាយាមវាយកែងចំនួន២លើកទៅលើ Khum Phitlek សម្រាប់ការប្រកួតនៅទឹកទី១ ប៉ុន្តែត្រូវបានកីឡាករសម្បូរបទពិសោធន៍របស់ថៃម្នាក់នេះ បិទជាប់ដោយមិនពិបាកឡើយ ហើយបានធ្វើការវាយបកសងទៅ បូរ៉ា វិញ ដោយភាពជឿជាក់បំផុត។
តែទោះបីជាយ៉ាងណា Khum Phitlek ចាប់ផ្តើមធ្លាក់ជំហរ បន្ទាប់ពី ឃីម បូរ៉ា បានវាយចូល២កែង នៅដើមទឹកទី២។ ឃើញស្ថានភាពបែបនេះ បូរ៉ា បានព្យាយាមតាមវាយសម្រុកកាន់តែខ្លាំង ហើយនៅពេល Khum Phitlek ប្រហែសបិទលើនោះ បូរ៉ា បានម៉ាត់ឆ្វេងចូលផ្ទៃមុខ១ដៃ រួចបន្ថែមដោយការវាយកែងស្តាំចូលចំហៀងថ្ងាសខាងឆ្វេងពេញទំហឹង បណ្តាលឱ្យដៃគូម្នាក់នេះដួលទាំងជំហរ នាំឱ្យលោកអាជ្ញាកណ្តាលរាប់ភ្លាមៗ។
នៅក្នុងអំឡុងពេលរាប់នោះ Khum Phitlek បានព្យាយាមក្រោមឈរឡើងទាំងវង្វេងហើយក៏មានឈាមហូរចេញពីថ្ងាសខាងឆ្វេងផងដែរ ប៉ុន្តែដោយមើលឃើញថា Khum Phitlek នៅតែបាត់បង់ស្មារតី ដែលពាក្យបច្ចេកទេសហៅថា សន្លប់ឈរនោះ លោកអាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួតរបស់គេតែម្តង ហើយបានផ្តល់ជ័យជម្នះទៅឱ្យ ឃីម បូរ៉ា ក្រោមសំឡេងគាំទ្រយ៉ាងកងរំពងពីអ្នកគាំទ្រ ខណៈការវាយកែងស្តាំនេះ ត្រូវបានគេមើលឃើញថា ពិតជាធ្ងន់ និងមានគ្រោះថ្នាក់ដូចផ្លែកែងបងប្រុសរបស់គេ ឃីម ឌីម៉ា ផងដែរ។
ផ្ទុយពីនេះកីឡាករចាស់វស្សា វ៉ែន សុវណ្ណ ដែលបាត់មុខពីសង្វៀនប្រដាល់ច្រើនឆ្នាំមកហើយនោះ ស្រាប់តែលេចមុខជាថ្មី ដោយត្រូវបានដាក់ឱ្យប្រកួតជាមួយកីឡាករថៃ Nam Khamuon កាលពីយប់ថ្ងៃសៅរ៍នោះដែរ ប៉ុន្តែការវិលវិញរបស់ខ្លាចាស់ខ្សោយថាមពលរូបនេះ មិនទទួលបានលទ្ធផលគាប់ប្រសើរឡើយ ដោយរូបគេបានបង្ហាញការឈឺជើងក្រោម តាំងពីNam Khamuon ទាត់ត្រូវជើងឆ្វេង នៅដើមទឹកទី១។
ជាមួយគ្នានេះ វ៉ែន សុវណ្ណ បានព្យាយាមម៉ាត់ និងទាត់សងផងដែរ ដើម្បីបង្វែរស្ថានភាពកុំឱ្យ Nam Khamuon ដឹងថាខ្លួនមានបញ្ហាជើងឆ្វេង ប៉ុន្តែនៅពេល សុវណ្ណ បានទាត់ស្តាំទៅលើចន្ទល់ក្រោមរបស់ Nam Khamuon នោះ បែរជាធ្វើឱ្យមានរំញោចឈឺទៅដល់ជង្គង់ឆ្វេងរបស់ខ្លួនទៅវិញ នាំឱ្យអាជ្ញាកណ្តាលរាប់ជាលើកដំបូង និងឈានដល់បញ្ឈប់ការប្រកួតតែម្តង នៅពេល Nam Khamuon បានតាមទាត់ថែមទៅលើរបួសចាស់នេះ ចំនួន៤ជើង បណ្តាលឱ្យ វ៉ែន សុវណ្ណ ដួល និងទ្រាំការឈឺចុកចាប់លែងបានតែម្ដង។
ចំណែកការជួបគ្នារវាងកីឡាករកម្ពុជា រិន សារ័ត្ន និងអ្នកប្រដាល់ថៃ Kang Napha ពិតជាមានភាពស្វិតស្វាញខ្លាំង ដោយអ្នកទាំង២នេះ បានព្យាយាមវាយប្តូរគ្នា៥ទឹកពេញ។ តែទោះបីជាយ៉ាងណា រិន សារ័ត្ន វាយចំគោលដៅបានល្អជាង ជាពិសេសការទាត់ បុកជង្គង់ និងធាក់ទប់យ៉ាងល្អរបស់គេ ជាហេតុនាំឱ្យ សារ័ត្ន អាចយកឈ្នះKang Napha ដោយពិន្ទុទាំងលំបាក៕