ភ្នំពេញ៖ គ្រូបង្វឹកជនជាតិអេស្ប៉ាញ លោក Pep Munoz ដែលកំពុងទទួលបានជោគជ័យខ្លាំង លើការដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងនោះ បានស្នើឱ្យប្រព័ន្ធសារព័ត៌មានផ្លូវការ ផ្តល់ការគោរពដល់កូនក្រុមរបស់លោកឱ្យបានច្រើនជាងនេះ តាមរយៈការជួយចុះផ្សាយពីការខិតខំប្រឹងប្រែងរបស់កីឡាករ ដែលបានព្យាយាមខ្លាំងទាំងទៅលើការហ្វឹកហាត់ និងការប្រកួត ធ្វើឱ្យពួកគេ ដណ្តើមបានជ័យជម្នះជាបន្តបន្ទាប់ ដើម្បីបន្តឈរនៅលើកំពូលតារាងនៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ។
ការលើកឡើងបែបនេះរបស់លោក Pep Munoz ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២២ កាលពីយបើថ្ងៃទី២៤ ខែកុម្ភៈ។ ការដណ្តើមបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឱ្យពួកគេ បន្តឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជា ដោយមាន ៥៦ ពិន្ទុ និងតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលមាន ៤៩ ពិន្ទុ បន្ទាប់ពីពួកគេ បានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ កាលពីយប់ថ្ងៃសៅរ៍នោះដែរ។
តាមរយៈការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ISI នោះ លោក Pep Munoz បានអះអាងថា វាជាការងារដ៏ពិបាក ព្រោះក្រុមម្ចាស់ផ្ទះមានទម្រង់លេងល្អ និងមានឆន្ទៈខ្ពស់ ក្នុងការប្រជែងរកគ្រាប់បាល់ ប៉ុន្តែកូនក្រុមរបស់លោក ពិតជាធ្វើបានល្អ ក្នុងការរកបានគ្រាប់បាល់នាំមុខ ១-០ នៅតង់ទី១ និងបន្តព្យាយាមរកបាន៣គ្រាប់ទៀត ក្នុងពេលក្រុម ISI ក៏អាចរកបាន២គ្រាប់ ជាមួយការបញ្ចប់ទីយ៉ាងល្អផងដែរ នៅតង់ទី២។
លោកបាននិយាយថា៖ «បើទោះបីជាគូប្រកួត បានបង្កើតឱកាស ក្នុងការរកបានគ្រាប់បាល់ តែយើងនៅតែព្យាយាម គឺស្មារតីរបស់យើង ត្រូវតែប្រយុទ្ធទាត់បាល់បញ្ចូលទីបន្ថែមទៀត ព្រោះយើងដឹងថា បើយើងមិនអាចរកបានគ្រាប់បាល់នាំមុខឆ្ងាយទេ គឺក្រុម ISI នឹងអាចរកបានគ្រាប់បាល់តាមយើងទៀត អ៊ីចឹងមានន័យថា កីឡាកររបស់យើង បានប្រឹងប្រែងខ្លាំងមែនទែនទាំងការហ្វឹកហាត់ និងការប្រកួត ដោយយើងតែងតែបង្ហាញបានល្អ នៅរាល់ការប្រកួត ហេតុនេះយើងគួរណាស់ទទួលបានការគោរពច្រើនជាងហ្នឹង ជាពិសេសពីសារព័ត៌មានផ្លូវការ ទំព័រផ្លូវការ ឬបណ្តាញសង្គមផ្លូវការជាដើម»។
គ្រូបង្គោលក្រុមស្វាយរៀងរូបនេះ បានបន្ថែមថា៖ «សារព័ត៌ផ្សេង គេចុះផ្សាយយ៉ាងម៉េចជារឿងរបស់គេ ក៏ប៉ុន្តែចំពោះសារព័ត៌មានផ្លូវការ គួរតែផ្តល់ការគោរពដល់កីឡាកររបស់យើង និងក្រុមរបស់យើងឱ្យបានច្រើន ដោយសារតែពួកយើងបង្ហាញបានល្អ។ សារព័ត៌មានមួយចំនួន គេចាំចុះផ្សាយតែពេលយើងចាញ់ការប្រកួតទេ ហេតុនេះទើបយើងខំប្រឹងប្រែងគ្រប់ការប្រកួតអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អ»។
តាមរយៈការប្រកួត នៅ AIA Stadium, KMH Park កាលពីព្រលប់ថ្ងៃសៅរ៍នោះ ខ្សែប្រយុទ្ធកាណាដា Marcus Haber រកបាន២គ្រាប់ នៅនាទីទី១៦ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ និង១គ្រាប់ទៀតនៅនាទីទី៥៥ ហើយវាក៏ជាគ្រាប់បាល់ទី២៦របស់គេផងដែរ ដែលរកបានឱ្យក្រុមស្វាយរៀង ក្នុងរដូវកាលនេះ ខណៈ២គ្រាប់ទៀត ជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Silva Costa នៅនាទីទី៤៧ និង សារ៉េត គ្រីយ៉ា នៅនាទីទី៨៤ ចំណែក២គ្រាប់របស់ក្រុម ISI រកបានដោយខ្សែប្រយុទ្ធ Ndongo Louis Willy នៅនាទីទី៦៣ និង Chern Jinryeong នៅនាទីទី៨១៕