ភ្នំពេញ៖ ​ក្រុម​បឹងកេត បានបាត់​បង់ឱកាស​ប្រជែង​យកតំណែង​ជើងឯក​នៃ​លីគកំពូល​កម្ពុជា ​​ត្រឹម​ពាក់​កណ្តាល​ផ្លូវ បន្ទាប់ពី​ពួកគេ មិនអាច​រក្សា​ការ​នាំ​មុខលើ​​ក្រុម​វិសាខា រហូត​ដល់​ទីបញ្ចប់​នោះ ហើយការ​បាត់​បង់​ ៣ ពិន្ទុ នៅលើ​ទឹក​ដី​ខ្លួនឯង​នេះ ​ធ្វើ​ឱ្យ​​ ​​បឹងកេត នៅ​​សល់​ត្រឹមឱកាស​ប្រជែង​យក​តំបន់​កំពូល​តារាងទាំង ​៤ (Top4) ដូច​ក្រុម ISI ដង្កោសែន​ជ័យ ​ដែរ ដោយក្រុមទាំង​ ២​ នេះ មាន​ ៣១ ពិន្ទុ​ដូចគ្នា។

តាម​រយៈការ​ប្រកួត នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​យប់​ថ្ងៃ​អាទិត្យ ខ្សែ​​ប្រយុទ្ធ ឱ ភារុន បាន​ស៊ុតបាល់​ទម្លុះសំណាញ់ទី​ក្រុម​វិសាខា នៅនាទីទី​៤៥ ដើម្បី​ជួយ​ឱ្យក្រុម​បឹងកេត នាំ​មុខ ១-០ យ៉ាងរំភើប ប៉ុន្តែឱកាស​ឈ្នះ​ ៣ ពិន្ទុ​របស់បឹងកេត បាន​រលាយ​បាត់ត្រឹម​រយៈពេល​ ២​ នាទី ពីការ​វាយ​បក​យ៉ាងមានប្រសិទ្ធភាព​របស់​វិសាខា ដែលផ្តល់​លទ្ធភាព​​ឱ្យ​ខ្សែ​ប្រយុទ្ធ De Liveira Baston Jonanta រក​បាន​ ២ ​គ្រាប់​ជាប់ៗ​គ្នា នៅនាទីទី​៥៨ និង​ទី ​៦០ ដើម្បី​ជួយ​ឱ្យ​វិសាខា ឈ្នះ ២-១ ជា​ផ្លូវការ។

ជាមួយ​ជ័យជម្នះលើ​​ក្រុមបឹងកេត​​នេះ លោក​ មាស​ ចាន់ណា​ គ្រូ​បង្វឹក​ក្រុម​វិសាខា បាន​និយាយ ក្រោយ​ការ​ប្រកួត​ថា៖ ​«​ថ្ងៃនេះ​ខ្ញុំ​សប្បាយ​ចិត្ត ដោយសារ​កូន​ក្រុម​របស់​ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការ​លេង​បាន​ខ្លាំង​ និង​មានចិត្តចង់ឈ្នះ​ ហើយ​គួបផ្សំនិងការលេងរបស់ពួក​គាត់​បាន​ល្អ​ផង​​ដែរ»។

តាម​រយៈការ​ឈ្នះ​បាន ​៣ ពិន្ទុ​ពី​ក្រុម​បឹងកេត នេះ បានជួយ​ឱ្យ វិសាខា បន្ត​ឈរ​នៅលេខ​៣ ដោយ​មាន ​​៣៨ ពិន្ទុ គឺ​មាន​ន័យ​ថា ​​វិសាខា នៅមានឱកាស​តិចតួច ក្នុងការ​ប្រជែង​យក​តំណែង​​ជើងឯក​នៃលីគកំពូលកម្ពុជា ក្នុង​រដូវ​កាល​ថ្មី​នេះ ជាមួយ​ក្រុមកំពុង​ឈរ​នៅលេខ​ ១ ស្រាប់ ព្រះ​ខ័ន​រាជស្វាយរៀង ដែល​មាន​ដល់​៥៦ពិន្ទុ និង​ក្រុម​ឈរ​នៅលេខ​ ២ ​​ភ្នំពេញ​ក្រោន ដែល​​មាន ​៤៩​ ពិន្ទុ។

ផ្ទុយពីនេះក្រុម​បឹងកេត ដែល​មាន​ត្រឹម ​៣១ ពិន្ទុដដែល​នោះ បាន​អស់ឱកាសទាំងស្រុង​ហើយ ក្នុងការ​ប្រជែង​យកតំណែង​ជើងឯក ព្រោះ​ពេល​នេះ​ពួកគេ មាន​ពិន្ទុ​ដាច់​​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង ព្រះខ័នរាជស្វាយរៀង រហូត​ដល់ ២៥ ពិន្ទុ ខណៈការប្រកួតដំណាក់​កាល​ទី​៣​នេះ នៅ​សល់​តែ​៥​​ប្រកួត​ទៀត​​ទេ ហើយបូកទាំងវគ្គដណ្ដើមជើងឯក សម្រាប់ក្រុម Top4 ចំនួន ៣ ប្រកួតទៀត គឺ​មានន័យ​ថា បើ​ទោះបីជា បឹងកេត ឈ្នះ​ទាំង​៨​ប្រកួតនេះជាប់ៗ​គ្នាស្មើនឹង ​២៤ ពិន្ទុ​ទៀត ក៏​​ពួកគេ​នៅតែ​មាន​​ពិន្ទុតិចជាង​​​​​​​ក្រុម​ស្វាយរៀង ដដែល។

ជាមួយគ្នា​នេះ ក្រុមបឹងកេត ក៏មិនទាន់ច្បាស់ថា នឹង​អាច​​រក្សា​ទីតាំង​លេខ​​រៀង​ទី៤ ដែល​ពួក​គេ កំពុង​គ្រប់​គ្រង​នៅពេលនេះ ដើម្បី​បាន​ឡើង​ទៅ​លេង​ក្នុងការ​ប្រកួត​ដំណាក់​កាលទី​៤ ឬវគ្គ Top4 នោះ​ដែរ ព្រោះ​​ក្រុមចំនួន ​៤ ​ទៀត សុទ្ធតែ​នៅមានឱកាស​ប្រជែង​យក​ទីតាំងនេះដូចគ្នា ជាពិសេស​ក្រុម ISI ដែល​កំពុង​ឈរនៅលេខ​៥ ព្រោះ​ពួក​គេ ក៏​មាន ​៣១ ពិន្ទុ​ស្មើ បឹងកេត ដែរ ចំណែក​ក្រុម​កង​យោធពល​ខេមរភូមិន្ទុ និងណាហ្គាវើលដ៍ ដែល​ឈរ​នៅលេខ​ ៦ និងលេខ ​៧ មាន​ ២៤ ពិន្ទុស្មើ​គ្នា។

 

យ៉ាង​ណា​ក៏​ដោយ លោក​ ហុង​ ផេង ដែលកំពុងដឹកនាំ​ក្រុម​បឹងកេត បាន​បង្ហាញ​ការ​ជឿជាក់ខ្លាំង ក្នុងការ​បាន​ទៅលេង​នៅ​វគ្គ Top4។ គ្រូ​បង្វឹករូបនេះ បាន​និយាយថា៖​ «យើង​ដឹង​ស្រា​ប់​ហើយថា ការប្រជែងពាននៅលីគ​ យើង​​ស្ថិត​នៅឆ្ងាយ​គឺ​​​យើង​មិន​អាច​ទៅ​ដណ្ដើម​ពាន​បានឡើយ​។ អ្វីដែលសំខាន់ គឺយើង​ព្យាយាមទៅរក Top4​  ព្រោះ​យើង​នៅ​មាន​ឱកាស​ច្រើន​ហើយ​ខ្ញុំនៅតែជឿជាក់ថា ក្រុមរបស់ខ្ញុំអាចធ្វើបាន»៕​