ភ្នំពេញ៖ ក្រុម​កីឡាទូកក្តោងកម្ពុជា ​បាន​​​រក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់មួយ​ទៀត ​គឺ​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​ ១ និងសំរឹទ្ធ​ ១ ពីការ​ប្រកួតកីឡា​ទូកក្តោង​ជ្រើសរើស​ជើង​ឯក​ប្រទេស​សិង្ហបុរី លើកទី៤៣ និង​ការ​ប្រកួត​កីឡា​ទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីប​អាស៊ី​ ឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024)។

សម្រាប់ការ​ប្រកួត ដែល​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរីចាប់​ពី​ថ្ងៃ​ទី ​២២ ដល់​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ ​២០២៤ ​នេះ សហព័ន្ធ​កីឡាទូកក្តោងកម្ពុជា បានបញ្ជូនក្រុម​អត្តពលិក​របស់​ខ្លួន​ចំនួន​ ៨ នាក់​ឱ្យ​ទៅ​ចូលរួម ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាទីមោទនៈ ដោយក្នុង​នោះ​កីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់និង​កីឡាករ កែវ ភារុណ បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Windsurfing Techno 293 Plus Open ចំណែក​​ពិធី​បំពាក់​មេដាយ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោងសិង្ហបុរី​។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ជាឪពុក សុទ្ធតែ​បាន​​ចូលរួមអបអរចំពោះជ័យជម្នះ​របស់​ក្រុមទូក​ក្តោង​កម្ពុជា​នេះ ដោយ​ថ្នាក់ដឹកនាំ​ទាំង​២​ បាន​បង្ហោះ​​សារ​នៅលើ​ផេចហ្វេសប៊ុក​ផ្លូវការ​​​ថា៖ ​«អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ដែលបានឈ្នះមេដាយ​ប្រាក់និង កែវ ភារុណ ទទួលបានមេដាយ​សំរឹទ្ធក្នុង​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា​ទូក​ក្តោង​ជ្រើសរើស​ជើងឯក​ប្រទេស​សិង្ហបុរីលើកទី៤៣ និង​ការ​ប្រកួត​កីឡា​ទូក​ក្តោង​ប្រភេទ Techno ជ្រើសរើស​ជើងឯក​ទ្វីប​អាស៊ីឆ្នាំ ២០២៤ លើ​​វិញ្ញាសា Windsurfing Techno 293 Plus Openនៅ​ប្រទេស​​សិង្ហបុរី»។

ចំពោះការដណ្តើម​បានមេដាយប្រាក់ ​១ និងសំរឹទ្ធ​ ១​ ពីការ​ប្រកួត​កីឡាទូកក្តោង នៅ​ប្រទេស​​សិង្ហបុរី​នេះដែរ ត្រូវបាន​សហព័ន្ធកីឡាទូកក្តោង​កម្ពុជា ចាត់ទុក​ថា ជា​ភាពជោគ​ជ័យ​យ៉ាង​​​​សំខាន់​​​ថ្មី​មួយ​ទៀត បន្ទាប់ពីក្រុមទូកក្តោងកម្ពុជា បានបង្កើត​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត សម្រាប់​​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់ ​១ និងសំរឹទ្ធ​ ២ ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅលើ​ទឹក​ដី​ខ្លួនឯង​កន្លងមក។

សហព័ន្ធបានបញ្ជាក់​បែបនេះ​ថា៖ «នេះជា​ភាពជោគជ័យ​ថ្មី​មួយ​របស់​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា នៅដើមឆ្នាំ ២០២៤ ដែល​​ក្រុម​កីឡាករ​ទូក​ក្តោង​របស់​​យើង ​បាន​ឈ្នះ​មេដាយ​កម្រិត​ទ្វីប​​អាស៊ី ពី​ការ​ប្រកួត​កីឡា​ទូក​ក្តោង​ប្រភេទ Techno ជ្រើសរើសជើងឯកទ្វីប​អាស៊ី​ឆ្នាំ ​២០២៤ ក្រោមការដឹកនាំ និង​ចង្អុល​បង្ហាញ​​​របស់ ឯកឧត្តម ថាំង ហ្គោលដុន ប្រធាន​សហព័ន្ធ និង​ឯកឧត្តម ថោង រដ្ឋសក្កិ អនុ​ប្រធាន​​​អចិន្ត្រៃយ៍​នៃ​សហព័ន្ធ ដែលតែងតែផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី ចេញ​ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ រហូត​ទទួលបាន​​មេដាយយក​មក​ជូន​ជាតិ​​ជា​បន្តបន្ទាប់»។

ជាមួយគ្នានេះ សហព័ន្ធកីឡា​ទូកក្តោង​កម្ពុជា ក៏​គ្រោង​នឹង​បញ្ជូន​កីឡាករ កីឡាការិនី ចេញ​​ទៅ​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈអន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​ ជា​ពិសេស​ព្រឹត្តិការណ៍ ThailandWindsurfing Championship 2024 (Event2) ដែល​ធ្វើ​នៅ​នៅ​ប្រទេស​ថៃ នាដើម​ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ៕