ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួង អប់រំ យុវជន និងកីឡា, សហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវរួមគ្នាបណ្តុះធនធានកីឡាករ កីឡាការិនីឱ្យបានគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាពការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយវិស័យកីឡាជាតិ នៅក្នុងតំបន់ និងលើសកលលោក។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន ៣១៩៩ លានរៀល (ប្រមាណ ៧៨ ម៉ឺនដុល្លារ) ជូនដល់ជយលាភីដល់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជំរុញឱ្យវិស័យកីឡាមានការរីកចម្រើនរហូតដណ្តើមបានមេដាយជាបន្តបន្ទាប់ជូនជាតិ។
លោកថ្លែងថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលខ្ពស់លើវិស័យកីឡា គួរជាទីមោទនៈជូនជាតិមាតុភូមិរបស់យើង ហើយនេះជាការងារកើតចេញពីកម្លាំងសរុប និងការខិតខំរួមគ្នា គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រី បានរំឭកពីការទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់របស់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ជាលើកដំបូងរបស់កម្ពុជា ដែលបានលើកមុខមាត់កិត្តិយសនិងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍។
លោកបានបញ្ជាក់ថា៖ «ឧត្តមប្រយោជន៍ជាតិធំ ១ ទៀត គឺធ្វើឱ្យប្រជាពលរដ្ឋបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ ពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលប្រការនេះបានរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពជាតិ នៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យកីឡារបស់យើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីសំខាន់ណាស់ នៅក្នុងសង្គមកម្ពុជា»។
យ៉ាងណាក៏ដោយ លោក ម៉ាណែត បានទទួលស្គាល់ថា ការកសាងធនធានមនុស្ស នៅក្នុងវិស័យកីឡា ត្រូវប្រើពេលយូរ និងវិនិយោគច្រើន ប៉ុន្តែលោកបញ្ជាក់ថា៖ «ក្រោមម្លប់សន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត»។
ឈរលើគោលជំហរក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យបានកាន់តែរឹងមាំនេះ លោក ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ ចំណុចដើម្បីឱ្យភាគីពាក់ព័ន្ធ នៅក្នុងវិស័យកីឡា យកទៅអនុវត្ត ជាពិសសក្រសួងអប់រំ, សហព័ន្ធកីឡាជាតិ និង NOCC ដែលជាស្ថាប័នជំនាញផ្នែកកីឡារបស់កម្ពុជា។
លោកសង្កត់ធ្ងន់ទៅលើអនុសាសន៍ត្រង់ចំណុចទី១ ដោយបញ្ជាក់ថា៖« ក្រសួងអប់រំ ដោយសហការជាមួយសហព័ន្ធកីឡាជាតិ ត្រូវរៀបចំយុទ្ធនាការគាំទ្របណ្តុះបណ្តាល និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយវិស័យកីឡាជាតិ នៅក្នុងតំបន់ និងសកលលោក»។
ចំណែកចំណុចទី២ ក្រសួង និងសហព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំង និងបណ្តុះបណ្តាលធនធានយុវជនដែលមានទេពកោសល្យផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិ នាពេលអនាគត។ ទី៣ លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រូបង្វឹកនិងកីឡាករ កីឡាការិនីទាំងអស់ខិតខំហ្វឹកហាត់ តាមជំនាញរបស់ខ្លួនជាប្រចាំ ដើម្បីត្រៀមចូលរួមការប្រកួតប្រជែង ទាំងកម្រិតជាតិ និងតំបន់។
ចំពោះចំណុចទី៤ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «NOCC និងសហព័ន្ធជាតិ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការទាំងបច្ចេកទេស និងបទពិសោធន៍ ជាមួយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសជាសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការវិវឌ្ឍកម្រិតបច្ចេកទេសឱ្យដល់កម្រិតខ្ពស់ដើម្បីឱ្យកីឡាករ កីឡាការិនីកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត»។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជយលាភី និងគ្រូបង្វឹកនោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់សហការីពាក់ព័ន្ធ សហព័ន្ធកីឡា និងកីឡាករ កីឡាការិនីដែលបានខិតខំអស់ពីកម្លាំងកាយចិត្ដរួមសហការគ្នាបានយ៉ាងល្អ រហូតទទួលបានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល អាចចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយជូនជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ លោកបានរំឭកពីការសម្រេចនូវសមិទ្ធផលដ៏ធំធេងរបស់ក្រុមអត្តពលិកកម្ពុជា ដែលរួមគ្នាដណ្តើមបានមេដាយមាស ៨១ ប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧ ធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យដ៏ធំធេង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ហើយជាមួយគ្នានោះ ក្រុមអត្ដពលិកកម្ពុជាបានបំបែកកំណត់ត្រាប្រវត្ដិសាស្ដ្រដោយដណ្ដើមបានមេដាយមាសចំនួន ១៦ គ្រឿង លើប្រភេទកីឡាអូឡាំពិកចំនួន ១០។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «សមិទ្ធផលដ៏ថ្លៃថ្លានេះ បានបង្ហាញយ៉ាងប្រត្យក្សអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិនិងការអនុវត្ដគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាប្រកបដោយប្រសិទ្ធភាព និងមានគណនេយ្យភាពល្អប្រសើរ»។
លោកថា៖ «ក្រសួងអប់រំ ប្ដេជ្ញាបន្ដលើកទឹកចិត្ដ ជំរុញនិងសម្របសម្រួលដល់ការរៀបចំការប្រកួតជើងឯកក្នុងស្រុក និងការប្រកួតក្រៅប្រទេស ដើម្បីឱ្យសហព័ន្ធកីឡាអាចដកស្រង់បច្ចេកទេស និងអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក កីឡាករកីឡាការិនី ជាពិសេសក្រសួង នៅតែបន្ដរៀបចំ និងផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់ រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជយលាភីបន្ដបន្ទាប់ទៀត»៕