ភ្នំពេញ៖ គ្រូតា​ក្រមាមាស សាន គឹមស៊ាន ដែលជាស្ថានិក​បង្កើតឱ្យ​មាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ មុន​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កោតសរសើរ​ពីកម្រិត​បច្ចេក​ទេស​សម្តែង​របស់​កីឡាករ កីឡាការិនី​ជំនាន់​ក្រោយថា បាន​ឈាន​ដល់​កម្រិតពិភព​លោក​ហើយ ប៉ុន្តែ​លោក​​​បាន​ជំរុញ​ឱ្យ​អ្នក​ទាំង​នេះ ខិតខំ​ហ្វឹកហាត់​ឱ្យ​បានកាន់តែ​ខ្លាំង​ថែម​ទៀត និងកុំបោះបង់​ចោលឱ្យ​សោះ ដើម្បី​អាច​ក្លាយជាអត្តពលិក​ឆ្នើម​លើ​ប្រភេទកីឡាហាប់គីដូតំណាង​ឱ្យប្រទេស​កម្ពុជា នា​ពេល​អនាគត។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​ថ្លែង​ថា​៖​ «​សម្រាប់​ការ​បង្ហាញ​ក្បាច់គុន​ហាប់គីដូ​របស់​ក្មួយៗ និងចៅៗ នៅពេលនេះ គ្រូ​ខាន​បានឃើញយូរ​ហើយ អ៊ីចឹង​ធ្វើឱ្យ​​​គ្រូ​មាន​ការ​រំភើប ព្រោះ​​ជំនាន់​លោក​គ្រូ​​អត់​បាន​ធ្វើបែបនេះទេ ប៉ុន្តែ​ឥឡូវ​នេះ​ការ​សម្តែង​របស់​ពួក​យើង បាន​ឈាន​ចូល​​ទៅ​​ដល់​​កម្រិតពិភព​លោក អាច​ទទួល​យក​បាន ព្រោះ​​ខ្ញុំ​ឃើញថា បច្ចេក​ទេស​លោត​ផ្លោះ​ ការ​​លោត​ធាក់ ទាត់ ការ​បំបែក​​ក្តារ និងបច្ចេក​ទេស​ផ្សេងៗ​ទៀតគឺ​ល្អមែន​ទែន»​។ 

អតីត​ប្រធានសហព័ន្ធ​ខ្មែរកីឡាហាប់គីដូ លោក សាន គឹមស៊ាន បាន​បន្ថែម​ថា៖ «យើងត្រូវគិត​ថា តើ​​ការ​បង្ហាញ​របស់​យើង​ហ្នឹង ត្រូវ​ក្បួន​ ត្រូវខ្នាត ត្រូវក្បាច់ តាម​លំនាំ​​ល្បឿន​នៃការ​ដាល់ ល្បឿន​នៃ​ការ​ទាត់ និងចលនា​ទាំងអស់​ត្រឹមត្រូវឬអត់? ហើយ​ខ្ញុំ​ឃើញថា ​៩៨ ភាគ​រយ ​គឺ​ត្រឹមត្រូវទាំង​អស់​គ្នា ហេតុ​នេះខ្ញុំ​ពិតជាសប្បាយ​ចិត្តខ្លាំង​មែនទែន»។

លោក សាន គឹមស៊ាន ពេលប្រគល់​វិញ្ញបនបត្រ ដល់​អ្នក​ហាត់​កីឡាហាប់គីដូ។ រូប​ថត សហព័ន្ធ

ការថ្លែង​​បែបនេះ​របស់​លោក សាន គឹមស៊ាន ត្រូវបាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​ប្រគល់​លិខិត​បញ្ជាក់​វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សគុនហាប់គីដូ​ចំនួន​២៣នាក់ កាល​ពី​ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ក្រោមអធិបតីភាពលោក គួច ហុងជៀក ជាអនុ​ប្រធាន តំណាងឱ្យ​​លោកសៅ សេងហាក់ ជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ នាពេល​បច្ចុប្បន្ន។

ចំណែកព្រឹទ្ធាចារ្យ សេង ប៊ុនសុង ដែល​ធ្លាប់​ធ្វើជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ពី​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ​ ២០១៦ និង​គណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​អញ្ជើញ​​​ចូលរួមក្នុង​កម្ម​វិធីនេះ​ដែរ ដើម្បី​បាន​ទស្សនាការ​​សម្តែងក្បាច់​​បច្ចេក​ទេសផ្សេងៗ​របស់​កីឡាករ កីឡាការិនី​ហាប់គីដូ​ ដែល​បាន​ទទួល​​វិញ្ញាបនបត្រ និងសញ្ញាបត្រ​ បញ្ជាក់ពី​​​កម្រិតខ្សែ​ក្រវាត់នៃ​ការ​ខិតខំ​​ហ្វឹកហាត់​របស់​ពួកគេ នាពេល​នោះ។

 ជាមួយ​​ការ​ខិតខំបង្កើត​ឱ្យមានសហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ដោយ​ផ្តើមចេញពី​បាត​ដៃទទេ តាំងពី​ឆ្នាំ​ ២០០១ រហូត​មក​ដល់​ពេលនេះ ​លោក សាន គឹមស៊ាន មើល​ឃើញ​ថា វិស័យ​កីឡា​ហាប់គីដូ នាពេល​បច្ចុប្បន្នមាន​ការ​រីកចម្រើនគួរ​ឱ្យកត់សម្គាល់ ដោយមាន​កីឡាករ កីឡាការិនី​ជា​ថ្នាក់​​ថ្នាល​ជំនាន់​ក្រោយ​ច្រើន ហើយ​ក៏មានទីតាំង​ហ្វឹកហាត់ត្រឹមត្រូវ ក្រោម​ការ​ជួយ​ទំនុក​បម្រុង​ពី​​ថ្នាក់​ដឹកនាំសហព័ន្ធ ជាពិសេស​លោក​គ្រូ គង់ ចាន់ធីណា ដែល​បានតស៊ូជាមួយកីឡា​នេះ​ជាង​​៣៥​ឆ្នាំ​មក​ហើយ។

យ៉ាង​ណា​ក៏​ដោយ លោក គឹមស៊ាន បានជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​លើវិស័យ​កីឡាហាប់គីដូ ត្រូវ​​ខំប្រឹង​ប្រែង​បន្ត​ទៀត។ ស្ថាបនិក​រូបនេះ បានបញ្ជាក់ថា៖​ «ខ្ញុំ​មាន​បេះដូង​បង្កើត​ឱ្យ​មាន​ហាប់គីដូ​រស់​ឡើង​វិញ​នៅ​ស្រុក​ខ្មែរ ជាមួយស្ថានិក និងគ្រូបង្វឹក​មួយចំនួន​ទៀត ហើយយើង​នឹង​បន្ត​​ឈា​ន​​ទៅ​កាន់ពិភព​លោក ដើម្បី​ឱ្យគេ​ស្គាល់​ថា ខ្មែរ​យើង​ក៏​មានហាប់គីដូ​ខ្លាំងពូកែ​ដែរ​ ហេតុនេះ​​ក្មួយ! ចៅៗ ដែល​ខ្លះ​ទើបមានអាយុ ​១០ ​ឆ្នាំ និង​ ១៥ ​ឆ្នាំ គឺ​ត្រូវខិតខំហ្វឹកហាត់បន្ត​ទៀត កុំ​​ឈប់​​ឱ្យ​សោះ ដើម្បី​​ក្លាយ​ជា​​អ្នកខ្លាំងពូកែ​ខាងហាប់គីដូ​តំណាង​ឱ្យ​កម្ពុជាយើង នាពេល​អនាគត»៕