
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក។ រូបថត FFC
ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ និងលែងមានសកម្មភាពប្រកួតផ្លូវការអស់រយៈពេលជាង ៤ ខែ កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាថ្មី នៅខែមីនាខាងមុខនេះ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។
បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានឱ្យដឹងថា ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ ហើយក្នុងនោះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ (Guinea) មកពីទ្វីបអាហ្វ្រិក នៅថ្ងៃទី២២ រួចត្រូវប៉ះក្រុមជម្រើសជាតិហ្គីយ៉ាន (Guyana) មកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃទី ២៦ ខែមីនា។
សម្រាប់ការប្រកួតប្រចាំ Series A នេះ នឹងធ្វើនៅទឹកដីប្រទេសអារ៉ាប៊ី សាអ៊ូឌីត ហើយវាក៏ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ទទួលបានឱកាសជាថ្មី ក្នុងការបង្ហាញសមត្ថភាពផងដែរ បន្ទាប់ពីក្រុមដ៏កម្សត់នេះ បានចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ១-០ សម្រាប់ការប្រកួតផ្លូវការទាំង២ជើង នៃពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី កាលពីថ្ងៃទី ១២ និងទី ១៧ ខែតុលា ឆ្នាំ ២០២៣។

សៀង ចន្ធា របស់កម្ពុជា បានព្យាយាមគ្រប់គ្រងបាល់ពីការតាមប្រជែងរបស់ក្រុមប៉ាគីស្ថាន នាជំនួបផ្លូវការ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ រូប FFC
ចំពោះគោលបំណង នៃការរៀបចំឱ្យមានការប្រកួតមិត្តភាពអន្តរជាតិ FIFA Series របស់ FIFA ដោយមាន ២០ ប្រទេស ជាសមាជិកចូលរួមប្រកួតនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់តាមការប្រកាសរបស់ខ្លួនថា គឺជាការផ្តល់ឱកាសឱ្យក្រុមជម្រើសជាតិតំណាងឱ្យប្រទេសទាំង២០នេះ ដែលជាធម្មតាមិនមាឱកាសប្រកួតជាមួយនឹងគ្នា បានប្រកួតសាកល្បងសមត្ថភាពជាមួយគ្នាព្រមទាំងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍបាល់ទាត់ពិភពលោក៕

