ភ្នំពេញ៖ គ្រូ​បង្វឹកក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi បាន​សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុមគិរីវង់សុខសែន​ជ័យ​ថា លេងបាន​ខ្លាំងស្ទើរពេញ​ ៩០ នាទី ដែល​ធ្វើ​ឱ្យក្រុម​របស់លោក​រកបាន​ត្រឹម​ ១ ​គ្រាប់​ទាំង​លំបាក ដើម្បី​ក្លាយជា​ក្រុម​ចុងក្រោយ​គេ ដែល​ដណ្តើមបាន​កៅអីឡើង​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួតថ្នាក់ជាតិ​​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​ ២០២៤។

បើទោះបីជា​ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ ២-០ សម្រាប់ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី ប៉ុន្តែការ​ប្រកួត​កាត់សេចក្តី​ជើងទី​២ វគ្គ​ ៨ ​ក្រុមចុងក្រោយ នៅ​កីឡដ្ឋាន​ស្មាតអអេសអិន​របស់​ខ្លួន កាលពី​យប់​ថ្ងៃទី​ ២៨ កុម្ភៈ ​ភ្នំពេញ​ក្រោន អាច​រកបានត្រឹម​ ១ ​គ្រាប់​គត់ ដែល​ស៊ុតបញ្ចូល​ទី​​ដោយខ្សែ​ប្រយុទ្ធ លឹម ពិសុទ្ធ នៅនាទីទី​៤២ បន្ទាប់ពីរូប​គេ​បាន​ទទួល​​​បាល់ពីការ​បញ្ជូន​យ៉ាងស្អាត​របស់ លឹម វិសាល ត្រូវជា​ប្អូនប្រុសបង្កើត។

តាម​រយៈការ​ដណ្តើម​បាន​ជ័យជម្នះ ១-០ ​ទាំង​លំបាក​នេះបាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ បាន​យក​ឈ្នះ​ក្រុម​គិរីវង់ សម្រាប់ការ​​ប្រកួតទាំង​២​ជើង ដោយ​លទ្ធផល ៣-០ ដើម្បី​ក្លាយជា​បេក្ខភាព​ទី​៤​ ចុងក្រោយ ​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយក្រុម​ចំនួន​ ៣​ ទៀត រួម​មាន​​ព្រះខ័នរាជស្វាយរៀង បឹងកេត និង​វិសាខា ដែល​បាន​ទម្លាក់ក្រុម​ណាហ្គាវើលដ៍ ក្រុម​ISIដង្កោសែន​ជ័យ និង​ក្រុម​ខេត្តព្រៃវែង នៅ​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​នេះដូចគ្នា។

 

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​យក​ឈ្នះ​ក្រុម​គិរីវង់ ១-០ នេះ លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន បាន​អះអាង​ថា មានការ​លំបាក ដោយ​លោកបានសរសើរពីរបៀប​​លេង​របស់​​ក្រុមគិរីវង់ បែបនេះ​ថា៖​ «វាមិនមែន​ជាការ​ប្រកួត​ងាយស្រួល​នោះទេ ដូច​ដែល​យើង​បាន​ឃើញ​ហើយ ពួកគេពិតជាលេងខ្លាំងទាំង ​២ វគ្គ ដូច្នេះ​វា​ពិបាក​សម្រាប់​យើង​ក្នុង​ការ​លេង​បាល់​ពី​ខាង​ក្រោម»។

តែទោះបីជា​យ៉ាង​ណា លោក Oleg Starynskyi នៅតែ​បានសម្តែងការ​អបអរ​ទៅលើ​ការ​​ខិតខំ​ប្រឹង​ប្រែង​លេង​របស់កូនក្រុម​លោក ដែល​បានព្យាយាម​ធ្វើ​បាន​ល្អ ដើម្បី​បន្ត​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​គិរីវង់ បើទោះបីជា ការ​ប្រកួតនេះ ភ្នំពេញ​ក្រោន បានដាក់កីឡាករ​ក្មេងៗមួយចំនួន​ឱ្យលេង​នៅ​ក្នុងជម្រើសទី​១ ដោយទុកកីឡាករ​សំខាន់ៗ ឱ្យ​សម្រាក និងចូល​លេងត្រឹ​ម​ចុង​ម៉ោង​ក៏​ដោយ។​​

គ្រូ​បង្វឹកសញ្ជាតិ​អ៊ុយ​ក្រែន​ លោក Oleg ​បានបញ្ជាក់ថា៖ «បើទោះបីជា​កីឡាករ​យើង​មាន​កំហុស​ខ្លះ​ក្នុងការប្រកួតនេះ ក៏​ខ្ញុំ​រីករាយ​​ចំពោះ​ពួកគេ ដែល​យើង​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ល្អ​នេះ គឺ​យើងបាន​បង្កើត​ឱកាស និង​រក​គ្រាប់​បាល់​បាន។ យើង​បាន​ដាក់​កីឡាករក្មេងៗ​លេង​ច្រើន និង​​លាយគ្នា​ជាមួយ​កីឡាករ​មាន​បទពិសោធន៍​មួយ​ចំនួន ហើយ​ពួកគេ​បាន​បង្ហាញ​ការ​លេង​ល្អ ​តែ​​ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​តម្រូវឱ្យ​ពួកគេ​ត្រូវ​កែ​ប្រែ​ផងដែរ»។

ដោយ​ឡែក សម្រាប់ការ​ប្រកួត​​វគ្គ​ ៨​ ក្រុមចុងក្រោយ​របស់​ក្រុមចំនួន​ ៦ ​ទៀត ដែលបាន​បញ្ចប់​ការ​ប្រកួតទាំង​ ២ ជើង តាំងពី​សប្តាហ៍​មុន​នោះ គឺ​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះក្រុម​ណាហ្គាវើលដ៍​ ៤-១ ក្នុងជើងទី​១ រួច​បន្ត​ឈ្នះ ៦-០ ក្នុងជើងទី២ សរុប​ឈ្នះ ១០-១ រីឯ​បឹងកេត បាន​ឈ្នះ​ក្រុម ISI ដោយ​លទ្ធផល ៤-២ ទាំង​២ជើង សរុប​ឈ្នះ ៨-៤ ចំណែក​ក្រុមណាហ្គាវើលដ៍ បាន​យក​ឈ្នះក្រុម​ខេត្ត​ព្រៃវែង ត្រឹម ១-០ ទាំងលំបាក សម្រាប់ការ​ប្រកួត​ទាំង​ ២ ជើង។

តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រកួត​នៅ​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​នេះ ក្រុម​ភ្នំពេញ​ក្រោន ឡើង​ទៅ​ជួប​​ក្រុមម្ចាស់​ជើងឯក​៣សម័យ​កាល វិសាខា នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយក្រុម​ព្រះខ័ន​រាជស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​​ក្រុមបឹងកេត ដែលជំនួបទាំង​ ២​ នេះ គ្រោង​ធ្វើនៅ​ថ្ងៃទី ​៦ ខែមីនា ខាងមុខ​នេះ៕