ភ្នំពេញ៖ កីឡាករជើងខ្លាំងមានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បានទម្លាយថា រូបគេមានបំណងចង់ឱ្យការប្រកួតជាមួយម្ចាស់ខ្សែក្រវាត់មកពីប្រទេសបារាំង Florent Louis Joseph នៅក្នុងព្រឹត្តិការណ៍ Idol Kun Khmer របស់សង្វៀនបាយ័ន ស្ថិតនៅខណ្ឌកំបូល បានបញ្ចប់ដោយមានអ្នកសន្លប់។
សម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមពីម៉ោង៨យប់ ថ្ងៃសុក្រតទៅនោះ ពេជ្រ សម្បត្តិ ត្រូវដាក់ឱ្យប្រកួតមិត្តភាពអន្តរជាតិជាមួយ Florent Louis Joseph ក្នុងទម្ងន់៦០គីឡូក្រាម ហើយជាមួយគ្នានេះក៏មានការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ចំនួន៤គូទៀតផងដែរ ដោយអ្នកទាំងអស់នេះត្រូវបានអ្នករៀបចំការប្រកួតរបស់សង្វៀនបាយ័ន,ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងតំណាងម្ចាស់ឧបត្ថម្ភធំពី Ganzberg អះអាងថា សុទ្ធតែជាជើងខ្លាំងប្រចាំប្រទេស និងត្រូវចំណាយលុយច្រើន ក្នុងការនាំយកមកប្រកួត នៅកម្ពុជាលើកនេះ។
នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតនេះ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ពេជ្រ សម្បត្តិបានឱ្យដឹងថា Florent ជាកីឡាករមានស្នៀតវ៉ៃល្អគ្រប់ផ្នែក គឺអាចវាយបានទាំងដៃ ជើង និងទាត់ ពិសេសមានក្បាច់ញាក់ល្អ។ សម្បត្តិ និយាយថា៖ «មើលទម្រង់វ៉ៃរបស់គាត់ស្រដៀងគ្នាទៅនឹងកីឡាករថៃ Tum Kitti Patkam ដែលខ្ញុំធ្លាប់បានចាញ់នៅប្រទេសអូស្រ្តាលី ប៉ុន្តែកម្លាំងស៊ុហ្វរបស់គាត់ នៅមិនទាន់ដឹងទេ ព្រោះមិនធ្លាប់ជួបគ្នា អ៊ីចឹងមានតែចាំមើល នៅថ្ងៃប្រកួត»។
យ៉ាងណាក៏ដោយ ពេជ្រ សម្បត្តិ ចង់ឱ្យការប្រកួតនេះ បញ្ចប់ដោយមានអ្នកសន្លប់ ដោយបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ច្បាស់ថា អាវុធគ្រោះថ្នាក់របស់គាត់ ជាក្បាច់អ្វីឱ្យប្រាកដទេ ព្រោះគាត់វាយចេញស្មើទាំងជើង ទាំងដៃ និងទាត់ ប៉ុន្តែជំនួបនេះ ខ្ញុំចង់បញ្ចប់ដោយមានម្នាក់សន្លប់ តែនៅមិនទាន់ដឹងថា ករណីនេះអាចកើតឡើងបានលឿន ឬយ៉ាងណាឡើយ ព្រោះពេលខ្លះក៏អត់សន្លប់ តែពេលយើងវ៉ៃឱ្យដៃគូសន្លប់លឿន បងប្អូនអ្នកគាំទ្រស្រែកថា សន្លប់លឿនណាស់ មិនទាន់បានមើលជក់ភ្នែកផង ដល់អ៊ីចឹងខ្ញុំលែងប្រាកដដូចគ្នា គឺមានតែពេលប្រកួតជាក់ស្តែង»។
ចំណែកកីឡាករ Florent Louis Joseph ដែលអះអាងថា ធ្លាប់ឈ្នះជើងឯកការប្រកួតខ្សែក្រវាត់ចំនួន២លើក នៅប្រទេសបារាំងនោះ បាននិយាយថា៖ «ខ្ញុំបានមើលវីដេអូការប្រកួតខ្លះៗរបស់ ពេជ្រ សម្បត្តិ ហើយឃើញថា គាត់ជាកីឡាករដ៏ល្អម្នាក់ ដែលធ្វើឱ្យខ្ញុំមានចិត្តចង់ប្រកួតជាមួយគាត់កាន់តែខ្លាំង គឺវានឹងក្លាយជាការប្រកួតដ៏ល្អមួយ ហើយខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យបានល្អ»។
សម្រាប់ការប្រកួត នៅយប់ថ្ងៃសុក្រនេះដែរ ជើងខ្លាំង លន បញ្ញា ត្រូវបានដាក់ឱ្យប្រកួតជាមួយកីឡាករបារាំង Oumar Bathily ក្នុងទម្ងន់៦៥គីឡូក្រាម រីឯជើងខ្លាំងទម្ងន់៦៩គីឡូក្រាមរបស់បារាំង Omar Samb ដែលដំបូងឡើងត្រូវដាក់ឱ្យជួប រឿង សោភ័ណ្ឌ នោះ ត្រូវប្រកួតជាមួយកីឡាករតួកគី Adem Kabak វិញ ដោយសារ រឿង សោភ័ណ្ឌ មានបញ្ហាសុខភាព មិនទទួលយកការប្រកួតនេះ។
ចំណែក ប៊ុន សុធា, ពេជ្រ ប៊ុនសិទ្ធ, រិទ្ធី ចាន់ណា និង ណង សាវ ត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាម ហើយតាមរយៈការចាប់ឆ្នោតក្នុងសន្និសីទកាសែតនោះ គឺ ពេជ្រ ប៊ុនសិទ្ធ ត្រូវប៉ះ រិទ្ធី ចាន់ណា ហើយ ប៊ុន សុធា ត្រូវជួប ណង សៅ ក្នុងការប្រកួតជម្រុះ៣ទឹក ដើម្បីយកឈ្នះឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន២០លានរៀល។
ជាមួយគ្នានេះ លោក គង់ វិសាល តំណាងស្ថានីយទូរទស្សន៍បាយ័ន បានថ្លែងថា៖ «នេះជាការប្រកួតដ៏ធំ ដោយយើងបាននាំយកកីឡាករបារាំង៣នាក់ និងតួកគី១នាក់ មកប្រកួតគុនខ្មែររបស់យើង ដែលសុទ្ធតែជាជើងខ្លាំងប្រចាំប្រទេស ជាពិសេសកីឡាករបារាំង ដែលសុទ្ធតែម្ចាស់ខ្សែក្រវាត់ ហើយយើងបានចំណាយច្រើនទៅលើតម្លៃខ្លួន និងការស្នាក់នៅ ព្រោះពួកគាត់ បានមកដល់កម្ពុជាជាង១០ថ្ងៃហើយ អ៊ីចឹងសូមពុកម៉ែបងប្អូនទៅគាំទ្រការប្រកួតនេះឱ្យបានច្រើនកុះករ»។
ចំណែកលោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖ «តាមរយៈការប្រកួតដ៏ធំនេះ យើងបានផ្សារភ្ជាប់ជាមួយអ្នករៀបចំការប្រកួតនៅតំបន់អឺរ៉ុប ដោយលោកក៏មានវត្តមាននៅទីនេះ ដើម្បីធ្វើទំនាក់ទំនង ផ្លាស់ប្តូរបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងការនាំកីឡាករបារាំង និងកីឡាករអឺរ៉ុបផ្សេងទៀតមកប្រកួតនៅកម្ពុជា ហើយនឹងមានការនាំយកកីឡាករកម្ពុជាទៅប្រកួតនៅបារាំង ក្នុងខែមិថុនាខាងមុខនេះផងដែរ ដោយយើងបានជ្រើសរើសកីឡាករ និងកំណត់ពេលវេលាប្រកួតរួចហើយ»៕