ភ្នំពេញ៖ កីឡាករនីហ្សេរីយ៉ា សញ្ជាតិកម្ពុជា ម៉ានូ សិល្បៈ បានបង្ហាញការមិនអស់ចិត្តចំពោះលោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត ដែលបានសម្រេចឱ្យរូបគេចាញ់កីឡាករមីយ៉ាន់ម៉ា ទុយមីនឡាត នៅត្រឹមទឹកទី២ ចំណែក លី រិទ្ធី ក៏ទទួលបានលទ្ធផលមិនគាប់ប្រសើរដូចគ្នា ចំពោះការជួបអ្នកប្រដាល់តួកគី។
សម្រាប់ការប្រកួតព្រឹត្តិការណ៍ The Battle of Kings របស់សង្វៀនប្រដាល់ទទក នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ កីឡាករ ម៉ានូ សិល្បៈ ត្រូវបានលោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត សម្រេចបញ្ឈប់ នៅត្រឹមទឹកទី២ បន្ទាប់ពីរូបគេត្រូវបានអ្នកប្រដាល់ ទុយ មីនឡាត ម៉ាត់ស្តាំ និងបន្ថែមដោយកណ្តាប់ដៃឆ្វេង ចូលថ្គាមពេញ បណ្តាលឱ្យ ដួលទាំងវង្វេងវង្វាន់នោះ។
ចំពោះស្ថានភាពរបស់ ម៉ានូ សិល្បៈ នៅពេលនោះ ត្រូវបានគេមើលឃើញថា ពិតជាបានវង្វេង និងមានស្មារតីមិនទាន់រឹងមាំមែន ព្រោះនៅពេលលោក ឡៅ ស៊ីណាត ស្រែកឱ្យវ៉ៃបន្តនោះ គឺរូបគេមិនបានចាប់អារម្មណ៍ និងមើលទៅលើកីឡាករ ទុយ មីនឡាត ដែលបានស្ទុះមកបម្រុងចូលវ៉ៃនោះឡើយ ហេតុនេះហើយទើប ឡៅ ស៊ីណាត សម្រេចបញ្ឈប់ ម៉ានូ តែម្តងទៅ ចៀសវាងមានគ្រោះថ្នាក់ខ្លាំងជាងនេះ។
តែទោះបីជាយ៉ាងណា ម៉ានូ បែរជាបានបង្ហាញការមិនអស់ចិត្ត តាំងពីនៅលើសង្វៀន រហូតចុះមកដល់ក្រោមសង្វៀន និងបានចាត់ទុកការបញ្ឈប់របស់លោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត ជារឿងខុសទំនងទៅវិញ។ ម៉ានូ បាននិយាយក្រោយការប្រកួតថា៖ «លោកអាជ្ញាកណ្តាល បានសួរខ្ញុំថា ខ្ញុំវ៉ៃបានទៀតអត់ ហើយខ្ញុំថា វ៉ៃបាន ប៉ុន្តែនៅពេលគាត់បញ្ឈប់ខ្ញុំ គឺខ្ញុំអត់យល់តែម្តង!»។
នៅពេលសួរពីស្ថានភាពរបស់ខ្លួន ពេលត្រូវកណ្តាប់ដៃរបស់ ទុយ មីនឡាត ហើយដួលនោះ ក៏ ម៉ានូ បាននិយាយខុសពីស្ថានភាពជាក់ស្តែងដែរ ដោយកីឡាករទម្ងន់៨៥គីឡូក្រាមរូបនេះ បញ្ជាក់ថា៖ «ខ្ញុំអត់មានសន្លប់ អត់មានវិលមុខអ្វីទេ ខ្ញុំរអិលដួល នៅពេលគាត់វ៉ៃត្រូវមុខរបស់ខ្ញុំ ហើយខ្ញុំក៏ងើបឡើងវិញភ្លាម អ៊ីចឹងហើយខ្ញុំនៅតែអត់យល់ នៅពេលលោកអាជ្ញាកណ្តាលបញ្ឈប់ខ្ញុំ»។
ជាមួយការលើកឡើងរបស់ ម៉ានូ សិល្បៈ នេះ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើន សម្តែងការរិះគន់ទៅលើរូបគេ ដែលមិនព្រមទទួលយកការពិតថា ខ្លួនឯងពិតជាចាញ់ និងបាត់បង់ស្មារតី នៅក្នុងពេលលោកអាជ្ញាកណ្តាល ចាប់រាប់ និងបញ្ឈប់នោះ។
អ្នកគាំទ្រ បានបញ្ចេញជាយោបល់បែបដាស់តឿនដល់ ម៉ានូ សិល្បៈ ដូច្នេះថា៖ «ចាញ់គេហើយទទួលស្គាល់ទៅហើយងាកមកប្រឹងហាត់បន្ថែម ព្រោះអ្នកមើលគេឃើញច្បាស់ណាស់។ពលរដ្ឋខ្មែរមិនចូលចិត្តទេអ្នកដែលព្យាយាមប្រកែកមិនទទួលយកការពិតរបស់ខ្លួន»។
ដោយឡែកកីឡាករកម្ពុជា លី រិទ្ធី ក៏ទទួលបានលទ្ធផលមិនល្អ សម្រាប់ការប្រកួត កាលពីយប់ថ្ងៃសៅរ៍នោះផងដែរ ដោយរូបគេត្រូវបានប្រកាសឱ្យចាញ់ពិន្ទុអ្នកប្រដាល់តួកគី យូណាម៉ូរ៉ាត់ ប៉ុន្តែ លី រិទ្ធី មិនបានបង្ហាញអាការឡាំប៉ាដូច ម៉ានូ សិល្បៈ នោះទេ ព្រោះតាមរយៈការប្រកួតយ៉ាងស្វិតស្វាញចំនួន៣ទឹក បានបញ្ចប់ គឺ រិទ្ធី ពិតជាចាញ់ប្រៀប និងថមថយកម្លាំងជាង យូណាម៉ូរ៉ាត់ ពិតមែន៕