ភ្នំពេញ៖ ការ​​ប្រកួត​​សងសឹក​​​របស់​អ្នក​ប្រដាល់​មាន​រហស្សនាម «អធិរាជ​លេងអំបោះ​ឆៅ» ធន់ រិទ្ធី និង​​​​​តារា​ថៃហ្វៃ សៃយុគ (Saiyok Pumpanmuang) ក្នុង​​ព្រឹត្តិការណ៍ The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក នៅ​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ ​​នា​យប់​ថ្ងៃអាទិត្យ​នេះ កាន់តែ​ឡើង​កម្តៅ​ខ្លាំង រីឯ​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់រវាង ឡៅ ចន្ទ្រា និង​អ្នក​ប្រដាល់​​ចាស់​វស្សារបស់​ថៃ សុដសុខន (Sudsakorn Sor Klinmee) ក៏កំពុង​ទាញ​បានការចាប់អារម្មណ៍​ខ្លាំង​​ដូច​គ្នា។

សម្រាប់ជួបគ្នា​រវាង ធន់ រិទ្ធី និង​ សៃយុគ នៅលើ​ទឹកដី​កម្ពុជា ជា​លើក​ដំបូង​នេះ ​​គឺ​​​ដំបូង​ឡើយ វាគ្រាន់តែ​ជាការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ធម្ម​តា​ប៉ុណ្ណោះ ប៉ុន្តែ​ ធន់ រិទ្ធី ដែល​ធ្លាប់​សន្លប់​ក្រោមទម្ងន់​ជើង​ឆ្វេង​របស់ សៃយុគ ​ក្នុង​​ការ​​ប្រកួតនៅ​សង្វៀន Thai Fight កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២២​នោះ បាន​បញ្ឆេះ​​ការ​ប្រកួតនេះកាន់តែ​មាន​កម្តៅ​ឡើង ដោយ​រូបគេ​សម្រេច​ដាក់​ខ្សែ​ក្រវាត់ Krud Kun Khmer  របស់​ខ្លួន​ឱ្យ សៃយុគ វ៉ៃ​ដណ្តើម​យក​ ដោយ​គ្មាន​សំណើអ្វី​ទាំង​អស់។

ចំណែក សៃយុគ ពេល​ទទួល​ដំណឹង​នេះ​ហើយ ក៏​នៅ​មិន​សុខ​​​នោះ​ដែរ ដោយ​រូបគេបានស្ពាយ​ខ្សែ​ក្រវាត់របស់​ខ្លួន មកពី​ប្រទេស​ថៃ ដើម្បីដាក់​​ឱ្យ ធន់ រិទ្ធី វ៉ៃដណ្តើម​យក​ដូច​គ្នា គឺ​មាន​ន័យ​ថា ​អ្នក​ឈ្នះ នៅរាត្រី​ថ្ងៃអាទិត្យ​នេះ នឹង​ទទួលបានខ្សែ​ក្រវាត់​ ២​ តែម្តង ហើយ​ទាំង ធន់ រិទ្ធី និង សៃយុគ សុទ្ធតែ​បាន​បង្ហាញ​ការ​​តាំង​​ចិត្តខ្ពស់ និង​ឌឺដង​គ្នា​ខ្លាំង ក្នុងការ​វ៉ៃ​ដណ្តើម​យក​ខ្សែ​ក្រវាត់ទាំង​២​ខ្សែ​នេះ។​

កីឡាករ សៃយុគ បាន​និយាយ​ពេល​​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​​ថា៖ ​«​ខ្សែ​ក្រវាត់ របស់​ខ្ញុំ​​នេះ ជា​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក ដែល​ខ្ញុំ​ដណ្តើម​បាន​កាល​ពី​២ឆ្នាំ​មុន ហើយខ្ញុំ​ជឿជាក់​ថា តាម​រយៈការ​ប្រកួតនេះ ខ្ញុំ​នឹង​ស្ពាយ​ខ្សែ​ក្រវាត់​​ចំនួន​​២​ត្រឡប់​ទៅ​ថៃ​វិញ។ ខ្ញុំ​មិន​បាន​មើល​ស្រាល​ ធន់ រិទ្ធី នោះ​ទេ ព្រោះ​ពេលនេះ គាត់​ឡើង​ជើង​ជាងមុន ប៉ុន្តែ​ខ្ញុំ​មានភាព​ប្រាកដ​ក្នុង​ចិត្ត​លើសពី​១០០​ភាគ​រយ​ថា ការ​ប្រកួត​នេះនឹង​មិនដល់​៣​ទឹក​ពេញ​នោះ​​ឡើយ»។​

តើ ឡៅ ចន្ទ្រា ឬ សុដសុខន ដែលជា​ម្ចាស់​ខ្សែ​ក្រវាត់ Krud Kun Khmer នៅ​រាត្រីថ្ងៃ​អាទិត្យ​នេះ?។ រូប​ថត ទទក

អ្នកប្រដាល់​ជើងខ្លាំង​ប្រចាំ​នៅ​សង្វៀ​ន Thai Fight រូប​នេះ បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​មានការបារម្ភ​អ្វី​ទេ ព្រោះ​ខ្ញុំ​បានត្រៀម និងកែ​ប្រែចំណុច ដែល​ត្រូវ​ប្រកួតជាមួយ ធន់ រិទ្ធី រួចអស់​​ហើយ​ ហេតុនេះសូម​ឱ្យ ធន់ រិទ្ធី បញ្ចេញ​​អស់ពី​លទ្ធភាព​មក ព្រោះ​ខ្ញុំ​ត្រូវ​បង្ហាញ​​ឱ្យ​អស់​ដូចគ្នា។ ខ្ញុំ​មក​លើក​នេះ ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់ត្រឡប់​​ទៅវិញ មិនមែន​វ៉ៃ​លំៗ បែបសប្បាយៗ​នោះ​ឡើយ»។ 

ភាសា​ឌឺដង​របស់ សៃយុគ បាន​ធ្វើ​ឱ្យ​ ធន់ រិទ្ធី កាន់តែ​មាន​ភាព​ពុះកញ្ជ្រោល​​ខ្លាំង ហើយ​រូបគេបាន​ឆ្លើយ​តប​ទៅ​កាន់ សៃយុគ ​បែប​នេះ​​ថា៖​«វា​នៅមិនទាន់​ដឹង​ថា គាត់ (សៃយុគ) យក​ខ្សែ​ក្រវាត់​ទៅ​វិញ​ទាំង​២ ឬ​ក៏​គាត់ត្រូវទុក​ខ្សែ​ក្រវាត់​​របស់​គាត់ នៅ​ទីនេះ​នោះ​ទេ។ ចំពោះ​ខ្ញុំ​ផ្ទាល់ គឺ​មិនឱ្យគាត់យក​ខ្សែ​ក្រវាត់នេះ​ទៅវិញ​បាន​ឡើយ ហើយខ្ញុំ​សង្ឃឹម​២០០ភាគ​រយ មិនឱ្យ​ក្រោមគាត់​ឡើយ​»។

ចំពោះ​អ្វីដែល សៃយុគ បាន​និយាយ​ថា ការ​ប្រកួតនេះ នឹង​មិនអាចដល់​៣ទឹក​ពេញ គែ ធន់ រិទ្ធី បាន​បញ្ជាក់តប​​ថា៖​ «អ្នក​ដែល​មិនដល់​៣​ទឹក ​មាន​តែ​​គាត់ គឺ​ខ្ញុំ​មិនអាច​នោះ​ទេ ព្រោះ​ ធន់ រិទ្ធី ពេល​នេះ ស្វិតណាស់ មិន​ងាយស្រួល​ដូច​មុន​ឡើយ ហើយ​ប្រាកដ​ណាស់ បើ​បងមិន​វ៉ៃ​ខ្ញុំ គឺ​ខ្ញុំ​នឹង​វ៉ៃបង​ហើយ»។

ជាមួយគ្នា​នេះ ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​រវាង​អតីតជើង​ខ្លាំង​នៅ​សង្វៀន Thai Fight សុដសុខន និង នាយ សង្ហា ឡៅ ចន្ទ្រា ក៏កំពុង​ទទួលបាន​ការ​ចាប់អារម្មណ៍​ដូច​គ្នា ព្រោះ សុដសុខន ដែល​ធ្លាប់​ចាញ់​ពិន្ទុ ព្រំ សំណាង និងស្មើពិន្ទុ​ជាមួយ អ៊ុង វិរៈ នោះ បាន​អះអាងថា ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​កម្ពុជា ជា​លើក​ទី​៣​​នេះ គឺ​រូប​រាងកាយ និងសមត្ថ​ភាព​របស់​គេមាន​ភាព​ប្រសើរជាងមុនឆ្ងាយ។

សុដសាខន បាន​និយាយ​ថា៖ ​«​សម្រាប់​ការ​មក​ប្រកួត​២​លើក​កន្លងមក មិនមែន​ខ្ញុំ​មក​វ៉ៃ​លំៗ​​យក​​តែ​​តម្លៃ​ខ្លួន​ទៅវិញ​នោះ​ទេ ​តែ​ដោយសារ​កាល​នោះ​រាង​កាយ​​របស់​ខ្ញុំ មិន​ទាន់​មាន​ភាពប្រសើរ ដោយ​រាង​​កាយ​​ខ្ញុំ នៅ​ធាត់​បន្តិច ប៉ុន្តែ​មក​លើក​នេះ រាងកាយ​ខ្ញុំបាន​ល្អ​ប្រសើរ​១០០​ភាគ​រយ​ហើយ ហើយខ្ញុំ​ក៏​បានសម​ទៅនឹងការ​ប្រកួត​នៅ​កម្ពុជា​ផងដែរ អ៊ីចឹង​​លើក​នេះ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រពេញ​ចិត្ត»។

ចំណែក ឡៅ ចន្ទ្រា ក៏​បានអះ​អាង​​ពីការ​ត្រៀម​ខ្លួន​បាន​ល្អ​​ដូចគ្នា ហើយ​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣​រូបនេះ  បាន​បញ្ជាក់​ថា រូបគេមិន​មានចិត្តខ្លាច​រអា សុដសុខន នោះ​ឡើយ។ ជាមួយគ្នា​នេះ អ៊ុង វិរៈ ដែលជា​សិស្ស​ច្បង​របស់​គេបាន​ផ្តល់​ក្តី​សង្ឃឹម​លើ ឡៅ ចន្ទ្រា ៧០​ភាគ​រយ​ថា នឹង​ទទួល​បានជ័យជម្នះ នៅ​ក្នុងការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ នៅយប់​ថ្ងៃអាទិត្យ​នេះ៕