ភ្នំពេញ៖ កីឡាករ សូត្រ វាសនា ហាក់កាក់កបខ្លាំង សម្រាប់ការបង្ហាញខ្លួន នៅសង្វៀនប៉ុស្តិ៍លេខ៥ ដោយរូបគេ បានទទួលជ័យជម្នះជាថ្មីម្តងទៀត លើកីឡាករធ្លាប់បានសាងភាពល្បីរបស់ថៃ Noeng Trakarn ដោយមិនបានត្រៀមខ្លួន ប៉ុន្តែការតស៊ូវាយប្តូរយ៉ាងល្អរបស់ វីវ៉ា សាវ៉េត ជាមួយអ្នកប្រដាល់ឡាវ Sing Yai បែរជាមិនទទួលបានលទ្ធផលគាប់ប្រសើរទៅវិញ ចំណែក ធី វ៉ារិទ្ធ ក៏បានត្រឹមស្មើជាមួយថៃដែរ។
តាមពិតសម្រាប់ការប្រកួត នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីព្រលប់ថ្ងៃសៅរ៍កន្លងមកនេះ អ្នកលេងស្នៀតជើង មឿន សុខហ៊ុច ទៅវិញទេ ដែលត្រូវបានផ្គូផ្គងឱ្យជួបជើងខ្លាំងរបស់ថៃ Noeng Trakarn ប៉ុន្តែដោយសារ សុខហ៊ុច មានរបួស ក្នុងអំឡុងការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិនោះ ទើបអ្នកគ្រប់គ្រងការប្រកួត សម្រេចដាក់ សូត្រ វាសនា ឱ្យឡើងប្រកួតជំនួស។
បើទោះបីជាមួយរយៈចុងក្រោយនេះ សូត្រ វាសនា បានឡើងប្រកួតញឹកញាប់វិញ ហើយភាគច្រើន ទទួលបានលទ្ធផលល្អ ប៉ុន្តែការផ្លាស់ប្តូរភ្លាមៗ ដោយមិនបានត្រៀមខ្លួននេះ ត្រូវបានគេគិតថា វាសនា អាចនឹងពិបាកទប់ Noeng Trakarn ព្រោះកីឡាករថៃម្នាក់នេះ មានសមត្ថភាពល្អ ហើយក៏ធ្លាប់បានសាងភាពល្បី សម្រាប់ការបង្ហាញខ្លួននៅកម្ពុជា ជាច្រើនឆ្នាំហើយដែរ។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតជាក់ស្តែង កាលពីព្រលប់ថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ សូត្រ វាសនា ធ្វើបានយ៉ាងល្អ។ ថ្វីបើ Noeng Trakarn បានព្យាយាមវាយសងបានល្អ ប៉ុន្តែការបុកជង្គង់ ម៉ាត់ ទាត់ និងវាយកែងរបស់ វាសនា ត្រូវបានគេមើលឃើញថា វាយចំគោលដៅធ្ងន់ៗជាង។
ជាលទ្ធផលនៃការប្រកួតចំនួន៥ទឹកពេញនេះ ចៅក្រម បានសម្រេចផ្តល់ពិន្ទុឱ្យ សូត្រ វាសនា ឈ្នះពិន្ទុលើ Noeng Trakarn យ៉ាងស័ក្តិសម ចំណែក Noeng Trakarn ក៏បានបង្ហាញការឯកភាពទៅនឹងការសម្រេចនេះដែរ។ តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យការបង្ហាញខ្លួននៅលើសង្វៀនប៉ុស្តិ៍លេខ៥របស់ សូត្រ វាសនា គឺឈ្នះរហូត ព្រោះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក៏ វាសនា បានយកឈ្នះកីឡាករថៃ Sing Thang ដោយពិន្ទុ នៅសង្វៀននេះដូចគ្នា។
ជាមួយគ្នានេះ កីឡាករ វីវ៉ា សាវ៉េត បានបង្ហាញការប្រកួតយ៉ាងល្អ ដើម្បីវ៉ៃប្តូរជាមួយអ្នកប្រដាល់ឡាវ Sing Yai។
បើទោះបីជាកីឡាករឡាវ ដែលធ្លាប់ស្មើពិន្ទុជាមួយ ថុល មករា ម្នាក់នេះ មានភាពរឹងមាំ ហើយមានជំនាញក្នុងការប្រើក្បាច់ជង្គង់បានល្អ ប៉ុន្តែ សាវ៉េត ក៏មានក្បាច់ជង្គង់ល្អ ចំណែកកណ្តាប់ដៃរបស់គេ គឺវាយចំគោលដៅបានពេញៗ ដែលធ្វើឱ្យ Sing Yai មានឈាមហូរតាមរន្ធច្រមុះផងដែរ។
តែទោះបីជាយ៉ាងណា ភាពជឿជាក់ក្នុងការទទួលបានជ័យជម្នះរបស់ វីវ៉ា សាវ៉េត ត្រូវបានរលាយបាត់ នៅពេលពិធីករ បានប្រកាសលទ្ធផលពីការដាក់ពិន្ទុរបស់ចៅក្រមទាំង ៥នាក់ ដោយផ្តល់ជ័យជម្នះទៅឱ្យអ្នកប្រដាល់ឡាវ Sing Yai។ ប៉ុន្តែ វីវ៉ា សាវ៉េត មិនបានបង្ហាញប្រតិកម្មណាមួយ ទៅលើការសម្រេចសេចក្តីនេះទេ។
ផ្ទុយទៅវិញកីឡាករឡាវ Sing Yai ទៅវិញទេ ដែលបានចាប់ដៃ វ៉វ៉ា សាវ៉េត លើកឡើងលើ ដែលរូបគេចង់បង្ហាញថា សាវ៉េត ពិតជាធ្វើបានល្អ ហើយសមនឹងទទួលបានជ័យជម្នះ នៅក្នុងការប្រកួតនេះដូចគ្នា ហេតុនេះការសម្រេចឱ្យអ្នកទាំង ២ នេះស្មើពិន្ទុគ្នា អាចជាជម្រើសល្អជាងការសម្រេចឱ្យ Sing Yai ជាអ្នកឈ្នះ។
ចំណែកកីឡាករកម្ពុជា ធី វ៉ារិទ្ធ បានត្រឹមស្មើពិន្ទុជាមួយ Niev Vangchan ដែលកីឡាករថៃម្នាក់នេះ ធ្លាប់បានចាញ់ ម៉ន ព្រហ្មម៉ាញ នៅលើសង្វៀនប៉ុស្តិ៍លេខ៥នេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤៕