ភ្នំពេញ៖ អធិរាជ​លេងអំបោះ​ឆៅ ធន់ រិទ្ធី ​បាន​បង្ហាញ​ការ​សោក​ស្តាយ និង​បានបន្ទោស​ខ្លួនឯង ដែល​មិនអាច​រក្សា​ឱកាស​មាស ក្នុងការ​យក​ឈ្នះ​លើ​​​​​​តារាថៃហ្វៃ សៃយុគ (Saiyok Pumpanmuang) សម្រាប់​ការ​ប្រកួត​ដាក់ខ្សែ​ក្រវាត់ ក្នុង​​ព្រឹត្តិការណ៍ The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក កាលពី​យប់​ថ្ងៃអាទិត្យ ចំណែក ឡៅ ចន្ទ្រា បាន​យក​ឈ្នះ​លើ​អតីត​ជើង​ខ្លាំង​ប្រចាំ​នៅ Thai Fight ​សុដសុខន (Sudsakorn SorKlinmee)ដើម្បី​ក្លាយជា​ម្ចាស់​​ខ្សែ​ក្រវាត់ Krud Kun Khmer។

តាម​រយៈការ​ប្រកួត ដែល​ធ្វើ​នៅ​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ ​​កាលពី​យប់​ថ្ងៃទី​​ ៤ ខែកុម្ភៈ កន្លង​មក​នេះ សៃយុគ បាន​វាយ​ចេញ​ច្រើន​ជាង ធន់ រិទ្ធី ប៉ុន្តែ​ការ​ម៉ាត់​ឆ្វេង​ចូលពេញ​របស់ រិទ្ធី បាន​ធ្វើ​ឱ្យកីឡាករ​វ័យ ​៣៨ ​ឆ្នាំ​របស់​ថៃ​ម្នាក់នេះ លុត​ជង្គង់​ទៅ​លើ​សង្វៀន​ទាំង​វង្វេង​ស្មារតី នាំ​ឱ្យ​លោក​អាជ្ញាកណ្តាល ឡៅ ស៊ីណាត ធ្វើការ​រាប់​ចំនួន​៨ ទើប​អាច​បន្តការ​ប្រកួត​ទៀត​បាន។

ជាមួយការ​រាប់​នេះត្រូវបាន​គេ​រំពឹង​ថា ធន់ រិទ្ធី នឹងអាច​ទទួលបាន​ជ័យជម្នះ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ទាំង​២​ខ្សែ​នារាត្រី​ដ៏មាន​ន័យនេះជា​មិន​ខាន ចំណែក រិទ្ធី ខ្លួនឯង​ក៏​ជឿ​ថា រូបគេ នឹង​អាច​រក្សា​ការ​​មានប្រៀប​នេះ​រហូត​ដល់​ចប់​ទឹក​ទី​៣ ដើម្បី​ក្លាយជា​អ្នក​ឈ្នះ និង​អាច​សង​សឹក​បាន​សម្រេច ចំពោះការ​ចាញ់​ដោយ​សន្លប់​ក្នុងទឹក​ទី​២ ​ក្រោមទម្ងន់​ជើង​ឆ្វេង​របស់ សៃយុគ នាជំនួប​នៅសង្វៀន​ Thai Fight កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២២​​ ផងដែរ។

ប៉ុន្តែ​អ្វីៗបាន​ប្រែ​ប្រួល​ទាំង​ស្រុងព្រោះ​ការព្យាយាម​ថយ និង​វាយតាមបែប​ទប់ដើម្បី​ឱ្យ​ចប់​ទឹក​របស់ ធន់ រិទ្ធី បែរ​ជា​ផ្តល់​ឱកាស​ឱ្យ សៃយុគ មាន​ស្មារតី​រឹង​មាំ​វិញ និង​បាន​​​តាម​វាយ​លុក​ទៅលើ រិទ្ធី យ៉ាង​ខ្លាំងហើយ​ខណៈការ​ប្រកួត​នៅ​សល់​ ២០ ​វិនាទី​ទៀត​ នឹង​​ត្រូវ​បញ្ចប់​នោះ សៃយុគ ​​បាន​ទាត់​ឆ្វេង​ចូល​កញ្ចឹងក ធន់ រិទ្ធី រួច​បានម៉ាត់​ថែម​២ដៃ​ទៀត ធ្វើ​ឱ្យ រិទ្ធី ប៊ិះ​សន្លប់​ឈរ តែ​លោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត បានចាប់​ត្រកង​ទាន់ពេល រួច​​ធ្វើ​ការ​រាប់ដល់​ ៨​ ទើប រិទ្ធី អាច​ប្រកួត​បាន​វិញ។

ជាមួយការ​វ៉ៃ​គ្នាប៊ិះ​សន្លប់រៀងៗ​ខ្លួន នៅ​ទឹក​ទី​៣​ ចុង​ក្រោយនេះ ​ចៅ​ក្រម​ទាំង​៥នាក់ បាន​​សម្រេច​ឱ្យ ធន់ រិទ្ធី និង សៃយុគ ស្មើពិន្ទុ​គ្នា ព្រោះ​នេះជាការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិគឺ​គ្រាន់តែ​អ្នកទាំង ​២ នេះ បានដាក់​ខ្សែ​ក្រវាត់​រៀងៗ​ខ្លួន ដើម្បី​ឱ្យ​ប្រកួតដណ្តើម ដែល​ធ្វើ​ឱ្យ​ជំនួប​នេះ កាន់តែ​មាន​ភាព​ទាក់​ទាញ។

ទាក់​ទង​ទៅនឹង​ការ​ប្រកួត​នេះ ធន់ រិទ្ធី បាន​និយាយ​ថា៖​ «នៅពេល​​ខ្ញុំ​វ៉ៃ​គាត់(សៃយុគ) រាប់​​ក្នុង​ទឹក​ទី​៣ គឺ​ខ្ញុំ​ដឹង​​ថា ខ្ញុំ​នឹង​ឈ្នះ​គាត់​ហើយ ហេតុ​នេះ​ខ្ញុំ​មិន​បាន​ចូល​វ៉ៃគាត់​ទៀតនោះ​ទេ ព្រោះ​ខ្លាច​ភ្លាត់​វិញ។ ​ខ្ញុំ​បាន​ក្តោប​យក​ឱកាសមាន​ប្រៀប​នេះ ដោយ​វ៉ៃបែប​​ទប់ៗវិញ និង​ព្យាយាម​គេច​ចេញពីការ​តាម​វាយ​របស់​គាត់ ប៉ុន្តែ​មាន​អី ក្នុង​ពេល​កំពុង​​គេច​នោះ ​ខ្ញុំ​រអិល​ជើងនាំ​ឱ្យ​គាត់​​ទាត់​ចូល​កញ្ចឹងក ឡើង​ទន់​ដល់​ចុង​ជើង​តែម្តង»។ 

ជាមួយការ​ភ្លាត់​​ធ្វើ​ឱ្យ សៃយុគ ទាត់​ចូល​កញ្ចឹងក និងត្រូវបានអាជ្ញាកណ្តាល​រាប់​វិញ​នេះ បាន​ក្លាយជា​វិប្បដិសារី​​ខ្លាំងចំពោះ ធន់ រិទ្ធី ហើយ​រូបគេ​បាន​បន្ទោស​ខ្លួន​ឯង ដែលមិនអាច​រក្សា​ឱកាសមាសនេះ ដើម្បី​យក​ឈ្នះ​លើ សៃយុគ បាន។ រិទ្ធី បានបញ្ជាក់ពីអារម្មណ៍ពិត​របស់​ខ្លួន​បែបនេះ​ថា៖ «ខ្ញុំ​អត់សប្បាយ​ចិត្ត​លើខ្លួនឯង ដែល​មិនគួរណា​​កើត​មាន​បញ្ហា​បែបនេះ នៅចុង​ទឹក»។

«យើង​ដឹង​ថា​យើង​ឈ្នះ ទើប​មិន​ចូល​វាយ​ប្តូរ​ទៀត ព្រោះ​ខ្លាច​ភ្លាត់​ស្នៀត​ចូល​​របស់​គាត់វិញ ប៉ុន្តែនៅតែ​គេច​មិន​ផុតពីការ​ភ្លាត់​ស្នៀត ដោយបញ្ហា​រអិល​ជើង នាំ​ឱ្យ​គាត់​ទាត់​ចូល​កញ្ចឹងក​ដដែល។ ហេតុ​នេះ​ខ្ញុំ​មានតែ​លើក​ដៃសំពះ​សុំទោសដល់​បងប្អូន​ទាំង​អស់​គ្នា និង​លោក​ឧកញ៉ា សំអាង វឌ្ឍនៈ ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ»។ ធន់ រិទ្ធី បានបញ្ជាក់​បន្ថែម។

យ៉ាង​ណា​ក៏​ដោយ លោក សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន​វឌ្ឍនៈប្រ៊ូវើរី ដែលជាអ្នក​ឧបត្ថម្ភ​រៀបចំ​ឱ្យ សៃយុគ មក​ប្រកួត​ជាមួយ ធន់ រិទ្ធី នៅ​​កម្ពុជា ជា​លើក​ដំបូង​នេះ​បានប្រកាស​ឱ្យ​អ្នកទាំង ​២ ​នេះ​​ជួបគ្នាម្តង​ទៀត ដើម្បី​​យក​ខ្សែ​ក្រវាត់​ទាំង ​២ ខ្សែ ដែលដាក់ឱ្យ​ប្រកួត​ដណ្តើម​លើក​នេះឱ្យ​បានដាច់​ស្រេចហើយ​លោក​បានស្នើ​ឱ្យ ធន់ រិទ្ធី និង សៃយុគ ប្តូរ​ខ្សែ​ក្រវាត់​គ្នា​កាន់​សិន ទម្រាំ​ការ​ប្រកួត​លើក​ទី​៣ ​របស់​អ្នកទាំង​ ២ ឈាន​ចូលមក​ដល់។

ដោយឡែក សម្រាប់ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រវាង ឡៅ ចន្ទ្រា និង​អ្នក​ប្រដាល់​ចាស់​វស្សា​របស់​ថៃ សុដសុខន ​កាលពី​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​ដាច់ស្រេច​ហើយ ដោយ ចន្ទ្រា បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ បន្ទាប់ពីបាន​យក​ឈ្នះ សុដសុខន ដោយ​ពិន្ទុ។ ប៉ុន្តែ​ការ​ប្រកួត​របស់​អ្នក​ទាំង​ ២ ​នេះ មិនសូវមាន​ភាព​ស្វិតស្វាញ​ប៉ុន្មាន​ឡើយ ហើយ ចន្ទ្រា ក៏​បាន​ទទួល​ស្គាល់​ថា ​ពួកគេ​បាន​វាយ​សងគ្នា​បែប​យឺតៗ​ផងដែរ។ 
 

ឡៅ ចន្ទ្រា បាន​និយាយ​ថា៖​ «​សម្រាប់​ខ្ញុំ មើល​ឃើញ​ថា គាត់​ដូចជាមិន​ល្អ​អ្វីផង ដែល​អាច​មកពីគាត់​ស្ទើ​រ​ការ​ហ្វឹក​ហាត់​ គឺ​គាត់ចេញ​រាងយឺត​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏យឺត​ដូចគ្នា ព្រោះ​បើ​យើង​មិន​យឺត ក៏​គាត់​ទាត់​យើង​មិន​ត្រូវ​នោះ​ដែរ ហើយ​​តាម​រយៈការ​ប្រកួតនេះ សមត្ថ​ភាព​របស់​ខ្ញុំ បាន​វិល​រក​ភាព​ប្រសើរ​វិញ មិនទាន់​បាន ​៥០ ភាគ​រយ​ទេ។ តែទោះបីជា​យ៉ាងណា ​ខ្ញុំ​នឹង​ខិតខំ​ហ្វឹក​ហាត់ និង​លត់ដំ​ខ្លួន​ថែម​ទៀត​ ដើម្បី​ប្រកួត​ឱ្យ​បាន​ល្អ​ឡើង​វិញ»៕