ភ្នំពេញ៖ ប្រមាណជា ៦០ ឆ្នាំ ក្រោយពីពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ការប្រកួតកីឡាជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែមិនយូរប៉ុន្មានទៀតទេរចនាប័ទ្មដើមនៃការគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ ត្រូវបានកែសម្រួលទីតាំងអង្គុយទស្សនាពីគ្មានកៅអី ត្រូវដំឡើងឱ្យមានកៅអីអង្គុយទៅតាមតម្រូវការនៃការប្រកួតតាមស្តង់ដារបស់ស្ថាប័នកីឡាអន្តរជាតិ បើទោះបីមានការបារម្ភបាត់រចនាប័ទ្មដើមខ្លះក៏ដោយ។
ការបំពាក់កៅអីផ្អែក នៅជុំវិញកន្លែងអង្គុយនៃពហុកីឡដ្ឋានជាតិនេះ បែរជាធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួន បង្ហាញក្តីកង្វល់ទៅវិញ ដោយពួកគាត់ យល់ឃើញថា ការចោះទម្លុះជណ្តើរថ្មដើម្បីបំពាក់កៅអីផ្អែកនេះ អាចនឹងធ្វើឱ្យខូចជណ្តើរ និងខូចទម្រង់ដើមរបស់អ្នកជំនាន់មុន ដែលពួកគាត់បានប្រឹងប្រែងធ្វើបានយ៉ាងល្អ ដើម្បីបន្សល់ទុកជាកេរមរតកដល់អ្នកជំនាន់ក្រោយ។
បុរសវ័យ ៥០ ឆ្នាំ ម្នាក់ ដែលតែងតែហាត់ប្រាណ នៅបរិវេណពហុកីឡដ្ឋានជាតិនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «តាមពិតស្តាតនេះ ចាស់ពីដើមគាត់ធ្វើបានស្អាតហើយតើ! ចំណែកកៅអីថ្មនេះ ក៏អាចអង្គុយទស្សនាបាន មិនឃើញមានអីផង ហើយថ្មនេះជាប់ល្អណាស់ មិនដែលឃើញមានកាន់ស្លែទេ ប៉ុន្តែនៅពេលគេចោះថ្មបំពាក់កៅអីពីលើបែបនេះ វាអាចធ្វើឱ្យកៅអីថ្មនេះឆាប់ខូចគុណភាពទៅវិញក៏ថាបាន និងខុសពីបរិបទរបស់ចាស់ជំនាន់មុនទៀត»។
យ៉ាងណាក៏ដោយ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងថា ចាប់ពីដើមខែមីនា ឆ្នាំ២០២៤ តទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងក្លាយជាកន្លែង សម្រាប់រៀបចំការប្រកួតអន្តរជាតិផ្លូវការ ដែលអាចដាក់អ្នកទស្សនាផ្ទាល់បានចូល៣ម៉ឺននាក់ ចំណែកការបំពាក់កៅអីផ្អែកថ្មីនេះ ត្រូវបានធ្វើឡើង ទៅតាមប្លង់របស់អ្នករចនាប្លង់ឈ្មោះ ហោ មណីឬទ្ធ យ៉ាងត្រឹមត្រូវ ដោយមានរំលេចចេញឈ្មោះ «ពហុកីឡដ្ឋានជាតិ» នៅចំណុចកណ្តាល ហើយកៅអីនៅសងខាង ក៏ផ្គុំចេញជារូបជារូបផ្កាចន្ទន៍ ដែលបង្ហាញពីរចនាប័ទ្មរបស់ខ្មែរ មានអត្ថន័យយ៉ាងល្អ។
ចំពោះអត្ថន័យគំនូរប្លង់បំពាក់កៅអីផ្អែក នៅពហុកីឡដ្ឋានជាតិនេះ ម្ចាស់ជយលាភីការរចនាប្លង់គំនូរ និងជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យលីមកុកវីង លោក ហោ មណីឬទ្ធ បានពន្យល់ថា៖ «ការរំលេចឈ្មោះ «ពហុកីឡដ្ឋានជាតិ» ជាអក្សរពណ៌ស នៅចំផ្នែកកណ្ដាលនៃពណ៌ក្រហម និងពណ៌ខៀវ លាយបញ្ចូលគ្នានេះ គឺជាពណ៌តំណាងឱ្យទង់ជាតិប្រទេសកម្ពុជា»។
ចំណែកពុម្ភអក្សរ ដែលបានយកមកប្រើប្រាស់សម្រាប់រៀបកៅអីចេញជាឈ្មោះ «ពហុកីឡដ្ឋានជាតិ» នេះ ត្រូវបានលោក ហោ មណីឬទ្ធ បញ្ជាក់ថា ជាពុម្ពអក្សរ ដែលបានរៀបចំឡើងតំណាងឱ្យអក្សរបាលី នៅក្នុងភាសាខ្មែរ ដោយបានរចនាឡើងជាពិសេស សម្រាប់បកប្រែអក្សរបាលីជាប្រព័ន្ធអក្សរខ្មែរ ហើយជាពុម្ពអក្សរបាលី ដែលអាចអានបាន និងជាទូទៅមាននៅក្នុងសាស្ត្រាស្លឹករឹត និងអក្សរសិល្ប៍ពាក់ព័ន្ធ។
និស្សិតវ័យ២០ឆ្នាំរូបនេះ បានបន្ថែមថា៖ «ចំពោះលំនាំក្បាច់ផ្កាចន្ទន៍ពណ៌ស ដែលបានរចនាឡើងទាំងសងខាងនៃពហុកីឡដ្ឋាន គឺដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ហើយការប្រើប្រាស់ផ្កាចន្ទន៍នេះ មានជាទូទៅក្នុងទម្រង់សិល្បៈផ្សេងៗ រួមទាំងស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងការបង្ហាញសិល្បៈដ៏ជ្រាលជ្រៅរបស់ប្រទេសកម្ពុជា»។
ជាមួយការគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ត្រូវបានកសាងឡើង នៅឆ្នាំ១៩៦២ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ឆ្នាំ១៩៦៣ ដែលបច្ចុប្បន្ន ត្រូវបានគេប្តូរឈ្មោះមកជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម ប៉ុន្តែព្រឹត្តិការណ៍នោះ ត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។
យ៉ាងណាក៏ដោយ ការកសាងពហុកីឡដ្ឋានជាតិ នៅតែបន្តធ្វើ ហើយនៅថ្ងៃទី១២ ខែធ្នូ ១៩៦៤ ពហុកីឡដ្ឋានជាតិដំបូងគេ នៅកម្ពុជាមួយនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ ដំណាលគ្នានឹងបុរីកីឡា ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះបរមកោដ្ឋ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋនាពេលនោះ បានយកទីតាំងដ៏ពិសិដ្ឋនេះ ដើម្បីរៀបចំការប្រកួតកីឡាកីឡាហ្គានេហ្វូ យ៉ាងឱឡារិកបំផុត។
តាំងតែពីពេលនោះមក ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ព្រមទាំងជាកន្លែងប្រារព្ធពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនរបស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅលើប្រភេទកីឡាជាច្រើន។ ប៉ុន្តែនៅសម័យខ្មែរក្រហម ពហុកីឡដ្ឋានជាតិ បានក្លាយជាគុកសម្រាប់មន្ត្រីរដ្ឋបាលដែលចេញពីសម័យ លន់ នល់។
ស្ថិតក្នុងសភាពទ្រុឌទ្រោមរាប់ទសវត្សរ៍ ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានអភិវឌ្ឍជួសជុលឡើងវិញ នៅឆ្នាំ២០០០។ ចំណែកនៅចុងឆ្នាំ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោក បានសម្រេចយកវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងរៀបចំការប្រកួតកីឡាបាល់ទះជនពិការពិភពលោក (World ParaVolley) ហើយនេះជាលើកទី១ ហើយដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ក្នុងរយៈពេលជាង ៤០ ឆ្នាំ ចុងក្រោយរបស់ខ្លួន។
ចាប់ពីឆ្នាំ២០០៧ មក ពហុកីឡដ្ឋានជាតិបានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់ និងសកម្មភាពកីឡាផ្សេងៗទៀតជារៀងរាល់ថ្ងៃ ហើយព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសបាល់ទាត់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ត្រូវយកបានរៀបចំឡើងនៅទីនេះជាបន្តបន្ទាប់ ធ្វើឱ្យអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីពហុកីឡដ្ឋានដ៏ចំណាស់មួយនេះ។
យ៉ាងណាមិញ នៅពេលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ លើកដំបូង កាលពីខែឧសភា ពហុកីឡដ្ឋានជាតិ បានក្លាយជាទីតាំងដ៏សំខាន់មួយ ក្នុងចំណោមទីតាំងមួយចំនួនទៀត ដែលត្រូវបានដាក់ឱ្យប្រកួតលើប្រភេទជាច្រើន ជាពិសេសកីឡាបាល់ទាត់ផ្នែកបុរស តាំងពីវគ្គជម្រុះ ដល់វគ្គផ្តាច់ព្រ័ត្រ ហើយនៅពេលក្រុមជម្រើសជាតិកម្ពុជា ប្រកួតម្តងៗ ស្តាតមួយនេះ គឺណែនតាន់តាប់ដោយអ្នកទស្សនា ដែលមានចំនួនប្រមាណ៣ម៉ឺននាក់។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតបាល់ទាត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នាសម័យទំនើបនេះ គឺពហុកីឡដ្ឋានជាតិ មិនត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រ ចូលទៅអង្គុយទស្សនា នៅកន្លែងកៅអីថ្ម ដែលជាបរិបទដើមរបស់ស្ថាបត្យករល្បីឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ នោះទេ។
ជាក់ស្តែង សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ីឬ AFC Cup របស់ក្លិបភ្នំពេញក្រោន កាលពីចុងឆ្នាំ២០២៣ AFC បានកំណត់ឱ្យមានការលក់សំបុត្រតែកន្លែងមានកៅអីផ្អែក នៅខាងមុខវេទិកានៃពហុកីឡដ្ឋានជាតិទេ ដោយមានចំនួន៥ពាន់កៅអី ចំណែកនៅបរិវេណកៅអីថ្មីជុំវិញស្តាត គេមិនអនុញ្ញាតឱ្យមានអ្នកទស្សនាឡើយ បើទោះបីជាកន្លែងទាំងអស់នោះ បានបំពាក់កៅអី (កៅអីអត់មានបង្អែក) កាលកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ក៏ដោយ។
ជាមួយបញ្ហា ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍នេះ ពហុកីឡដ្ឋានអូឡាំពិក បាននិងកំពុងប្រែមុខមាត់ថ្មី ជាមួយការបំពាក់កៅអីផ្អែកថ្មី នៅតាមកៅអីថ្មទាំងអស់ ដែលរំលេចចេញរូបរាងយ៉ាងស្រស់ស្អាត តាមរចនាប័ទ្មរបស់ខ្មែរ។ ការបំពាក់កៅអីផ្អែកនេះ ត្រូវបានធ្វើឡើងក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងការកៀរគររកចំណូលបន្ថែមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុញ្ញាតលើរឿងនេះផងដែរ ដើម្បីកែប្រែសោភណភាពស្តាតដ៏ចំណាស់មួយនេះ ឱ្យស្របតាមស្តងដារបស់ AFC និង FIFA។
ចំពោះចំនួនកៅអី ដែលត្រូវបានបំពាក់នៅបរិវេណពហុកីឡដ្ឋានជាតិនេះ ត្រូវបានលោក កែវ សារ៉េត ប្រាប់ថា មានចំនួនសរុប ២៥ ០០០ កៅអី គឺបន្ថែមទៅលើកៅអីចំនួន ៥ ពាន់ ដែលបានបំពាក់រួចហើយនៅខាងមុខវេទិកា ហើយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Camfield Trading ជាអ្នករ៉ាប់រងគ្រប់បែបយ៉ាង ទៅលើការបំពាក់កៅអីផ្អែកថ្មីនេះ ដោយមានទឹកប្រាក់ដេញថ្លៃសរុបចំនួន ៤៩៨ ៧៥០ ដុល្លារ។
បើតាមតួលេខនេះ គឺមានន័យថា ពហុកីឡដ្ឋានជាតិ បន្ទាប់ពីការបំពាក់កៅអីថ្មីរួចហើយ នឹងអាចផ្ទុកអ្នកគាំទ្របាន៣ម៉ឺននាក់ ដែលទទួលស្គាល់ដោយ AFC និង FIFA ហើយលោក កែវ សារ៉េត បានឱ្យដឹងទៀតថា ដំណើរការបំពាក់កៅអីផ្នែកថ្មីទាំង ២៥ ០០០ កៅអីនេះ ត្រូវធ្វើឱ្យរួចរាល់ នៅក្នុងដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពេលនេះ ក្រុមជាង និងវិស្វករ កំពុងពន្លឿនការងារនេះ ដើម្បីធ្វើឱ្យរួចរាល់ តាមកាលកំណត់។
ជាមួយគ្នានេះ លោក កែវ សារ៉េត បានឱ្យដឹងថា កៅអីផ្អែក ដែលក្រុមហ៊ុន Camfield Trading បានយកមកបំពាក់នៅតាមកៅអីថ្មនៃពហុកីឡដ្ឋានជាតិនេះ បានឆ្លងកាត់ការត្រួតពិនិត្យរួចហើយពីអ្នកឯកទេស ហើយខាង AFC និង FIFA ក៏បានទទួលស្គាល់ពីគុណភាពកៅអីនេះផងដែរ។ លោកបានបញ្ជាក់ថា៖ «បើខាងគេ មិនទាន់ទទួលស្គាល់កៅអីផ្អែកទាំងអស់នេះ ក៏យើងមិនអាចយកមកបំពាក់ នៅពហុកីឡដ្ឋានជាតិរបស់យើងបានដែរ»។
យ៉ាងណាមិញ លោក កែវ សារ៉េត ក៏បានទទួលស្គាល់ដែរថា ការបំពាក់កៅអីថ្មីនេះ វាអាចនឹងធ្វើឱ្យបាត់បង់បរិបទដើមរបស់អ្នកជំនាន់មុនមែន ព្រោះការកសាងស្តាតនេះតាំងពីដំបូងមក អត់មានដាក់កៅអីអ្វីទេ ប៉ុន្តែនៅតែអាចរៀបចំការប្រកួតក្នុងស្រុក ឬការប្រកួតកម្រិតអាស៊ីអាគ្នេយ៍បាន ដោយអ្នកទស្សនារបស់យើង អាចទៅអង្គុយប្រជ្រៀតគ្នា នៅតាមជណ្តើរថ្មបានរាប់ម៉ឺននាក់ ឱ្យតែពួកគាត់មានសំបុត្រ។
តែទោះបីជាយ៉ាងណាលោកបានបញ្ជាក់ថា៖ «បើនិយាយដល់រឿងនេះ វាអាចប៉ះពាល់ដល់បរិបទទៅតាមសម័យកាលមួយៗ ហើយបើយើងមិនដាក់កៅអីផ្អែកនេះ ក៏យើងនៅតែអាចរៀបចំការប្រកួតជាលក្ខណៈក្នុងស្រុកបាន ប៉ុន្តែដោយសារតែយើងចេះតែទទួលបានការព្រមានពី AFC និង FIFA ព្រោះរាល់ការប្រកួតអន្តរជាតិផ្លូវការ គេតែងតែបញ្ជូនក្រុមអ្នកជំនាញមកពិនិត្យមើល ហើយដល់ពេលឃើញស្តាតរបស់យើង មិនមានបំពាក់កៅអីផ្អែកតាមបែបស្តង់ដា គឺគេមិនអនុញ្ញាតឱ្យយើងដាក់អ្នកគាំទ្រ នៅកន្លែងកៅអីថ្មនោះទេ»។
អគ្គលេខាធិការ FFC រូបនេះ បានថ្លែងថា ការអនុញ្ញាតឱ្យអ្នកគាំទ្រ បានចូលទៅអង្គុយកន្លែងកៅអីថ្ម សម្រាប់ការប្រកួតអន្តរជាតិមួយចំនួនទៀត នាបណ្តាឆ្នាំកន្លងមក ដោយសារតែ FFC បានសុំទៅខាង AFC និង FIFA ឱ្យមានការបន្ធូរបន្ថយ ខណៈវិស័យបាល់ទាត់នៅកម្ពុជាយើង នាពេលនោះ ក៏ទើបតែចាប់ផ្តើមផុសផុល និងមានអ្នកគាំទ្រចូលរួមច្រើនផងដែរ។
លោក កែវ សារ៉េត បានលើកយកទិដ្ឋភាពការប្រកួតបាល់ទាត់ នៅមុនការផ្ទុះជំងឺកូវីដ១៩ មកបញ្ជាក់ ដោយកាលនោះ មានអ្នកទស្សនាជាង៣ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនា ប៉ុន្តែនៅតែមានអ្នកទស្សនាខ្លះ បាននាំគ្នាលោតផ្លោះរបងដែក ដើម្បីបានចូលទស្សនាក្នុងស្តាតដែរ បើទោះបីជាពេលនោះ FFC បានដាក់កម្លាំងសន្តិសុខការពារ និងហាមឃាត់ក៏ដោយ អ៊ីចឹងហើយការបំពាក់កៅអីផ្អែកនេះ គឺត្រូវបានធ្វើឡើង ដើម្បីប្រយោជន៍រួម និងមានការទទួលស្គាល់ជាអន្តរជាតិ។
លោកបានសង្ងត់ធ្ងន់ថា៖ «ការបំពាក់កៅអីផ្អែកថ្មីនេះ វាអាចនឹងធ្វើឱ្យបាត់ទម្រង់ដើម ប៉ុន្តែខ្ញុំគិតថា ស្ថាបនិកជំនាន់ដើមរបស់យើង លោកមិនប្រកាន់នឹងការកែប្រែនេះទេ ព្រោះស្តាតនៅស្រុកគេ ក៏បានកែពីចាស់ទៅជាថ្មី ដើម្បីមានកៅអីអង្គុយ ដែលស្របតាមស្តងដារបស់ AFC និង FIFA ចំណែកកីឡដ្ឋានរបស់ក្លិបនីមួយៗ ក៏គេបានធ្វើទៅតាមតម្រូវការបច្ចេកទេសដែរ ដោយមានបំពាក់កៅអីផ្អែកទាំងអស់»។
លោកថ្លែងថា៖ «ការកែប្រែពហុកីឡដ្ឋានជាតិនេះ គឺធ្វើឡើងដើម្បីប្រយោជន៍រួម និងដើម្បីមុខមាត់ប្រទេសជាតិយើង ព្រោះកន្លងមក សូម្បីតែការប្រកួតមិត្តភាព ក៏ខាង AFC និង FIFA សួរដេញដោលយើងថា ធ្វើនៅពហុកីឡដ្ឋាន ឬកីឡដ្ឋានណា មានបំពាក់កៅអីផ្អែកអត់? ប៉ុន្តែនៅពេលយើងបំពាក់កៅអីបានស្អាតរួចហើយ គេនឹងលែងសួរយើងពីបញ្ហានេះទៀតហើយ អ៊ីចឹងនេះជាភាពជោគជ័យមួយ សម្រាប់បាល់ទាត់របស់យើង នៅលើឆាកអន្តរជាតិ»៕