
កីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀង (ខៀវ) បានព្យាយាមរារាំងខ្សែប្រយុទ្ធ Shimizu Shintaro របស់ក្រុមភ្នំពេញក្រោន សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យ។ រូបថត ភ្នំពេញក្រោន
ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែអាចរក្សាគុណភាពលេងបានយ៉ាងល្អ ដើម្បីបំផ្លាញចោលនូវមហិច្ឆតាដណ្តើមយកតំបន់កំពូលតារាងនៃលីគកំពូលកម្ពុជា ពីសំណាក់ក្រុមភ្នំពេញក្រោន បានយ៉ាងជោគជ័យ តាមរយៈការវាយបកយកឈ្នះយ៉ាងរំភើបបំផុត ប៉ុន្តែការទប់អារម្មណ៍មិនបានរបស់អ្នកគាំទ្រទាំង ២ ក្រុម បែរជាបន្សល់ទុកនូវភាពសោកស្តាយ និងរូបភាពមិនល្អ ចំពោះក្រុមម្ចាស់ផ្ទះមួយនេះទៅវិញ។
តាមរយៈការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលមានអ្នកគាំទ្រផ្ទាល់ចំនួន ៤ ០៦៨ នាក់ កាលពីព្រលប់ថ្ងៃអាទិត្យម្សិលមិញ ខ្សែប្រយុទ្ធជប៉ុន Shimizu Shintaro បានស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចនៅនាទីទី២២ ដើម្បីជួយឱ្យក្រុមភ្នំពេញក្រោន នាំមុខ ១-០មុន ប៉ុន្តែ សារ៉េត គ្រីយ៉ា បានស៊ុតតាមស្មើឱ្យ ក្រុមស្វាយរៀង វិញ នៅនាទីទី ៤៥+៣។
ឈានចូលតង់ទី២ Shimizu Shintaro ដដែលបានរកឃើញគ្រាប់បាល់នាំមុខឱ្យក្រុមភ្នំពេញក្រោន ជាថ្មីម្តងទៀត នាទីទី៥៧ ប៉ុន្តែខ្សែបម្រើរបស់ជប៉ុន Ryo Fujii បានជួយឱ្យក្រុមស្វាយរៀង តាមស្មើម្តងទៀត នៅនាទីទី៦៨ ហើយបន្ថែមលើគ្រាប់បាល់នេះ ខ្សែប្រយុទ្ធរបស់ឡាវ Bounkong Bounphacahn ដែលដាក់ឱ្យចូលលេង នៅនាទីទី៧២ បានរកឃើញគ្រាប់បាល់ជ័យជម្នះឱ្យក្រុមម្ចាស់ផ្ទះ ស្វាយរៀង នៅនាទីទី៨៥ យ៉ាងរំភើបបំផុត។

ការដណ្តើមបានជ័យជម្នះ ៣-២ លើក្រុមភ្នំពេញក្រោន ក្នុងទឹកដីនេះ បានផ្តល់ភាពរីករាយខ្លាំងដល់ក្រុមព្រះខ័នរាជស្វាយរៀង ព្រោះការឈ្នះបាន ៣ពិន្ទុបន្ថែមនេះ បានជួយឱ្យពួកគេ បន្តឈរនៅលើកំពូលតារាង ដោយមាន ៥០ ពិន្ទុ គឺនាំមុខក្រុមភ្នំពេញក្រោន ចំនួន ៥ ពិន្ទុជាថ្មីម្តងទៀត ព្រោះការចាញ់ នៅក្នុងជំនួបដ៏សំខាន់នេះ បានធ្វើឱ្យ ភ្នំពេញក្រោន មាន ៤៥ ពិន្ទុដដែល និងបន្តឈរនៅលេខ ២ តាមពីក្រោយដោយក្រុមវិសាខា ដែលមាន ៣៥ពិន្ទុ និងបឹងកេត មាន ២៨ ពិន្ទុ។
យ៉ាងណាក៏ដោយ ការស្រែកចំអកឡកឡាយឱ្យគ្នា ហួសពីស្មារតីកីឡារបស់អ្នកគាំទ្រ ១ ក្រុមតូច បែរជាបង្កឱ្យមានការប៉ះទង្គិចគ្នា រហូតមានការប្រវាយប្រតប់គ្នា ១ ប្រាវ ដែលបង្កឱ្យមានរបួសស្នាមខ្លះៗផងដែរ ហើយក្នុងនាមជាម្ចាស់ផ្ទះ គឺថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញការសោកស្តាយខ្លាំង ចំពោះហេតុការណ៍នេះ។
តាមសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃចន្ទ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា៖ «យើងសូមសម្តែងការសោកស្តាយ ចំពោះហេតុការណ៍ ដែលបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រោយពីការប្រកួតរបស់យើងទល់នឹងភ្នំពេញក្រោន បានបញ្ចប់ គឺមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រភ្នំពេញក្រោន និងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។ ក្នុងនាមយើងម្ចាស់ផ្ទះ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំង ចំពោះហេតុការណ៍បែបនេះកើតឡើង នៅក្នុងកីឡដ្ឋានរបស់យើង»។

ជាមួយគ្នានេះ ក្លិបព្រះខ័នរាជស្វាយរៀង បានអំពាវនាវដល់សមត្ថកិច្ច ស្រាវជ្រាវស្វែងរកជនបង្កហេតុក្នុងរឿងនេះឱ្យឃើញ ដោយក្លិបនេះ បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពង្រឹងបន្ថែមទៀតក្នុងការគ្រប់គ្រងសុខសុវត្ថិភាពដល់អ្នកចូលទស្សនា ដើម្បីធានាឱ្យបានបរិយាកាសសប្បាយរីករាយ និងភាពជឿជាក់ជូនបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេស ជាពិសេសដើម្បីបង្ការកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងនាពេលក្រោយទៀត»៕