
ឈុត សេរីវ៉ាន់ថង បានក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងទម្ងន់ ៦០ គីឡូក្រាម ក្រោយយកឈ្នះ សាន់ គុនខ្មែរ កាលពីថ្ងៃអាទិត្យ។ រូបថត វ៉ាន់ថង
ភ្នំពេញ៖ អ្នកប្រយុទ្ធវាយមិនដកថយ អេលីត សាន់ ដែលបានប្តូរឈ្មោះថ្មីថា សាន់ គុនខ្មែរ នោះ ហាក់លែងមានមហិច្ឆតា ក្នុងការសងសឹកជាមួយម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ទៀតហើយ បន្ទាប់ពីរូបគេបានចាញ់ វ៉ាន់ថង ជាលើកទី៣ ទាំងទ្រមខ្លួន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅសង្វៀន PNN ចំណែក ឡៅ ចិត្រា បានចំណាយកម្លាំងត្រឹម ៥០ ភាគរយ ក្នុងការផ្តួលអ្នកប្រដាល់លំដាប់ខ្លាំងរបស់ថៃ ឱ្យបោះបង់ការប្រកួត នៅលើសង្វៀននេះដូចគ្នា។
នៅមុនការជួបគ្នា ដោយមិនបានព្រាងទុក នៅលើសង្វៀន PNN កាលពីថ្ងៃទី ៤ ខែកុម្ភៈ កន្លងមកនេះ ឈុត សេរីវ៉ាន់ថង និង សាន់ គុនខ្មែរ បានជួបគ្នា ៣ ដងមកហើយ ដោយក្នុងនោះ វ៉ាន់ថង បានឈ្នះ ២ លើក និងចាញ់ ១ លើក ប៉ុន្តែ សាន់ មិនអស់ចិត្តនោះទេ ដោយរូបគេបានអះអាងថា ជ័យជម្នះរបស់ វ៉ាន់ថង បានកើតមានឡើងដោយសារម្ចាស់មេដាយមាសម្នាក់នេះ វ៉ៃដកថយច្រើនពេក ពោលគឺមិនមានភាពសឿង ក្នុងការវ៉ៃប្តូរដោយប្រឈមជាមួយរូបគេ។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់ ៦០ គីឡូក្រាម កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ឈុត សេរីវ៉ាន់ថង បានឈរវ៉ៃប្តូរជាមួយ សាន់ គុនខ្មែរ ស្ទើរ ៥ ទឹកពេញ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ វ៉ាន់ថង បានវាយកែងឱ្យ សាន់ ដួលទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ នៅក្នុងទឹកទី២ និងម៉ាត់ឱ្យរាប់ម្តងទៀត នៅក្នុងទឹកទី៤។
តាមរយៈការប្រកួតនេះ សាន់ គុនខ្មែរ ត្រូវបាន ឈុត សេរីវ៉ាន់ដង វ៉ៃចូលពេញៗឡើងចង់ទក់សាច់ទៅហើយ តែ វ៉ាន់ថង ក៏ចង់វង្វេងម្តងៗ ក្រោមកណ្តាប់ដៃ និងការវាយកែងរបស់ សាន់ ផងដែរ។ តែទោះបីជាយ៉ាងណា ឆ្លងកាត់ការប្រកួត ៥ ទឹកពេញ ចៅក្រមទាំង ៥ នាក់ បានសម្រេចផ្តល់ពិន្ទុឱ្យ វ៉ាន់ថង ឈ្នះ សាន់ គុនខ្មែរ ដោយពិន្ទុជាឯកច្ឆន្ទតែម្តង ដើម្បីទទួលបានខ្សែក្រវាត់មួយទៀត និងទឹកប្រាក់ ១២ លានរៀល។

សម្រាប់ការចាញ់ទាំងទ្រមខ្លួនក្រោមស្នាដៃ ឈុត សេរីវ៉ាន់ថង លើកនេះ សាន់ គុនខ្មែរ បាននិយាយសារភាពជាសាធារណៈថា៖ «ការប្រកួតលើកនេះ ខ្ញុំទទួលស្គាល់ការពិតហើយ ព្រោះយើងចាញ់ ហើយត្រូវគាត់វ៉ៃរាប់ដល់ទៅ ២ ដងទៀតគឺ វ៉ាន់ថង វ៉ៃត្រូវចំណុចខ្សោយ ធ្វើឱ្យយើងគាំង និងឆ្អល់តាំងពីទឹកទី១ មក»។
នៅពេលសួរថា តើមានការតាំងចិត្តបែបណា ក្នុងការប្រកួតសងសឹកជាមួយ ឈុត សេរីវ៉ាន់ថង ម្តងទៀត? សាន់ គុនខ្មែរ បានឆ្លើយតបដោយមិនលាក់បាំងថា៖ «ខ្ញុំពិបាកនឹងប្រកួតសងសឹកជាមួយគាត់ទៀតណាស់ ព្រោះជួបគ្នា ៤ ដង យើងចាញ់គាត់ ៣ ដងទៅហើយ។ តែទោះបីជាយ៉ាងណា បើត្រូវជួបគ្នានៅក្នុងកម្មវិធីធំៗក្រោយៗទៀត គឺខ្ញុំនៅតែប្រឹងប្រែងប្រកួត ទោះបីឈ្នះ ឬចាញ់ក៏ដោយ»។
ចំណែក វ៉ាន់ថង វិញ បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ដែលបានជួបដៃគូចាស់ អេលីត សាន់ ព្រោះការជួបគ្នា៣ដងកន្លងមក មិនមានអ្វីជាដាច់ស្រេច ប៉ុន្តែលើកនេះ ឃើញថា ដាច់ស្រេចហើយ។ ទោះយ៉ាងណាខ្ញុំឃើញថា អាវុធរបស់គាត់ នៅតែធ្ងន់ និងចេញច្បាស់ៗ ហេតុនេះទោះបីជាខ្ញុំបានយកឈ្នះលើគាត់ ប៉ុន្តែខ្ញុំសូមផ្តល់កម្លាំងចិត្តដល់គាត់ ឱ្យខិតខំនៅវគ្គក្រោយៗទៀត ព្រោះអ្នកមានសមត្ថភាព តែងតែមានឱកាសរហូត»។

កីឡាករលំដាប់ខ្លាំងរបស់ថៃ សោក្រាវ ត្រូវបានអាជ្ញាកណ្តាលរាប់ ក្រោយទទួលរងការទាត់របស់ ឡៅ ចិត្រា។រូប សហការី
ជាមួយគ្នានេះ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្រា ដែលត្រូវបានដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់លំដាប់ខ្លាំងរបស់ថៃ សោក្រាវ ផេតយិនឌីអាខាឌីមី នាថ្ងៃអាទិត្យនោះដែរ គឺបានប្រើពេលមិនដល់ ២ ទឹកពេញផង ក្នុងការទាត់ឱ្យអ្នកមានឈ្មោះបោះសំឡេង នៅ ONE រូបនេះ បោះបង់ការប្រកួត។
បើទោះបីជា សោក្រាវ បានបង្ហាញភាពឌឺទៅនឹងទម្ងន់ជើងរបស់ ឡៅ ចិត្រា ដែលទាត់ទៅលើជើងក្រោមរបស់គេ ប៉ុន្តែការទាត់ឆ្វេងផ្ទួនៗរបស់ ចិត្រា បែរជាធ្វើឱ្យកីឡាករថៃម្នាក់នេះ ដួលទាំងជំហរ និងបង្ហាញការឈឺចាប់ខ្លាំង នៅគន្លាក់ជង្គង់ខាងស្តាំ នាំឱ្យលោកអាជ្ញាកណ្តាលរាប់ នៅចុងទឹកទី១ ហើយនៅទឹកទី២ ចិត្រា បានទាត់ចំរបួសចាស់នេះ ធ្វើឱ្យអាជ្ញាកណ្តាលរាប់ទៅលើ សោក្រាវ ចំនួន ២ ដងទៀត រួចធ្វើការបញ្ឈប់នៅពាក់កណ្តាលទឹកនេះតែម្តង ពេលឃើញថា របួសជង្គង់ស្តាំរបស់ សោក្រាវ កាន់តែមានសភាពធ្ងន់ធ្ងរនោះ។
ជាមួយការផ្តួលកីឡាករលំដាប់ខ្លាំង សោក្រាវ ឱ្យសន្លប់ត្រឹមទី២ នេះ ឡៅ ចិត្រា បាននិយាយថា៖ «ខ្ញុំទើបបញ្ចេញសមត្ថភាពបាន ៥០ ភាគរយ ហើយក៏នៅមិនទាន់ដឹងសមត្ថភាពពិតរបស់គាត់នោះដែរ ដោយសារគាត់អត់រាប់ការទាត់របស់ខ្ញុំ ធ្វើឱ្យគាត់ខូចជើង។ បញ្ហាខូចជើងរបស់គាត់នេះអាចថា ជាសំណាងខ្លះដែរ តែខ្ញុំបានហាត់ទាត់ច្រើន សម្រាប់ការប្រកួតលើកនេះ»៕