
ការប្រកួតកីឡាបាល់ទះតេជោលីគ រវាងក្រុមវិសាខា (ខៀវ) និងក្រុមក្រសួងមហាផ្ទៃ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបថត សហព័ន្ធ
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានឈានដល់ការបង្កើតការប្រកួតបាល់ទះពានរង្វាន់ Special Volleyball Cup 2024 ជាលើកដំបូង ហើយព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាថ្មីមួយ ដែលនឹងជំរុញឱ្យមានការប្រកួតបាល់ទះកាន់តែកក្រើក នៅទូទាំងប្រទេសកម្ពុជា ចាប់ផ្តើមពីថ្ងៃទី ២៤ ខែកុម្ភៈតទៅ ដើម្បីជ្រើសរើសយកក្រុមខ្លាំងៗ មកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ២២ ដល់ទី ២៨ ខែមេសា។
ជាមួយគ្នានេះ ការកែប្រែទម្លាប់លេងមិនល្អរបស់មហាជននៅតាមមូលដ្ឋាន បានក្លាយជាផ្នែកសំខាន់មួយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រេចបង្កើតឱ្យការប្រកួតពាននេះឡើង ចំណែកព្រឹត្តិការណ៍ ដែលមានការប្រកួតជម្រុះនៅតាមភូមិភាគធំៗទាំង ៥ នៅក្នុងប្រទេសកម្ពុជានេះ គឺនឹងបើកចំហឱ្យអត្តពលិកជាជនបរទេស មកពីគ្រប់ទ្វីប អាចបង្កើតជាក្រុមបាល់ទះ ដើម្បីចូលរួមបានដូចគ្នា ខណៈកាលកំណត់ឈប់ទទួលពាក្យក្រុមចូលរួម នៅត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ខាងមុខនេះ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា៖ «ការបង្កើតឱ្យមានពាននេះឡើង ក្នុងគោលបំណងផ្ដល់ឱកាសឱ្យក្រុមអត្តពលិកដែលជាយុវជនបន្តវេនមានឱកាសបានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន សម្រាប់ការប្រកួតជាក់ស្តែងនៅលើទីលានហើយដោយសារព្រឹត្តិការណ៍នេះ ជាការប្រកួតទម្រង់ ៤ ទល់ ៤ នាក់ អ៊ីចឹងវានឹងក្លាយជាសារមួយផ្តល់ទៅឱ្យអ្នកលេងក្រៅប្រព័ន្ធ គឺយើងនឹងខំកែទៅដល់មហាជន ដែលលេងបាល់ក្រៅប្រព័ន្ឋឱ្យងាកមកលេងបាល់តាមស្តង់ដាវិញ»។
បន្ថែមលើនេះ Special Volleyball Cup 2024 នឹងមានការប្រកួតទៅដល់ភូមិឋានរបស់យុវជននៅទូទាំង ២៥ រាជធានី-ខេត្ត ព្រោះពានរង្វាន់មួយនេះ នឹងរៀបចំឱ្យមានការប្រកួតនៅតាមភូមិភាគធំៗចំនួន ៥ គឺទី១ ភូមិភាគបាត់ដំបង ដែលនឹងចាប់ផ្ដើម ពីថ្ងៃទី ២៤-២៦ ខែកុម្ភៈ ដូច្នេះចំពោះបណ្ដាខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ អាចដាក់ពាក្យចូលរួមប្រកួត នៅភូមិភាគនេះបាន។

ចំណែកទី២ ភូមិភាគសៀមរាប ដែលប្រកួតពីថ្ងៃទី ២-៣ ខែមីនា ហើយបណ្ដាខេត្ត ដែលចូលរួមលេងនៅភូមិភាគនេះ មានដូចជា សៀមរាប កំពង់ធំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម រីឯទី៣ ភូមិភាគកំពង់ចាម ដែលនឹងរៀបចំពីថ្ងៃទី ៩-១០ ខែមីនា ហើយក្រុមដែលនឹងចូលរួមនៅភូមិភាគនេះមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាម្ចាស់ផ្ទះ។
ចំពោះភូមិភាគទី៤ គឺព្រៃវែង ដែលមានខេត្តកណ្ដាល ព្រៃវែង និងបណ្ដាខេត្តដែលស្ថិតនៅជាប់ភូមិផងរបងជាមួយនឹងព្រៃវែង ហើយទី៥ ចុងក្រោយ គឺភូមិភាគខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមីនាដោយក្នុងនោះមានខេត្តកំពង់ស្ពឺ ព្រះសីហនុ កែប កំពត និងខេត្តកោះកុង។
តាមលក្ខខណ្ឌនៃការប្រកួត Special Volleyball Cup 2024 នេះ គឺក្រុមទទួលបានលេខ ១ និងលេខ ២ នៅតាមភូមិភាគទាំង ៥ នឹងទទួលបានឱកាសឡើងមកប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ជាមួយក្រុមលេខ ១ ដល់លេខ ៦ ដែលកំពុងប្រកួតនៅក្នុង «តេជោលីគ» ហើយវគ្គផ្តាច់ព្រ័ត្រនេះ គ្រោងនឹងរៀបចំពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមេសា។ ចំណែកក្រុមកីឡាករបរទេស ក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតជម្រុះ នៅតាមភូមិភាគ ដែលពួកគេកំពុងរស់នៅផងដែរ។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ការប្រកួតដ៏ទាក់ទាញ និងរំភើបសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទះ ដែលនឹងធ្វើឱ្យចំនួនអ្នកគាំទ្របាល់ទះ នៅប្រទេសកម្ពុជា កាន់តែមានការកើនឡើង ព្រោះក្រៅពីការប្រកួតរវាងក្រុមបាល់ទះជាជនជាតិខ្មែរ នៅទូទាំងប្រទេសកម្ពុជា គឺយើងផ្ដល់លទ្ធភាពទៅដល់ក្រុមអត្តពលិកជាជនបរទេសផងដែរ»។

អគ្គលេខាធិការសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «ចំពោះបណ្ដាក្រុមដែលជាជនជាតិបរទេស គឺគាត់អាចបង្កើតក្រុមមានគ្នា ៦ អ្នក ដើម្បីចូលរួមការប្រកួតនេះបានដូចគ្នាអ៊ីចឹងខ្ញុំជឿជាក់ថាទោះជាបណ្ដាជនបរទេសមកពីទ្វីបណាក៏ដោយគឺយើងនឹងទទួលស្វាគមន៍ទាំងអស់ឱ្យតែគាត់ចូលរួមជាមួយនឹងព្រឹត្តិការណ៍របស់យើង»។
ទន្ទឹមនឹងនេះ កីឡាកររបស់ក្លិបធំៗទាំង ៦ ដែលកំពុងលេងនៅតេជោលីគ ដូចជា វិសាខា បញ្ជាការដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ស្នងការរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលពោធិ៍សាត់ និងក្រុមកងពលធំអន្តរាគមន៍លេខ ៣ ក៏អាចចុះឈ្មោះលេងឱ្យក្រុមនៅតាមភូមិភាគបានដូចគ្នា ប៉ុន្តែអ្នកទាំងនោះ មិនអាចមានឈ្មោះលេងឱ្យសាមីក្លិបទាំង៦នេះបានទេ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ការប្រកួតSpecial Volleyball Cup 2024 គឺមានការប្រគល់ពាន និងប្រាក់រង្វាន់ នៅតាមភូមិភាគទាំង៥មួយដំណាក់កាល មុនពេលក្រុមជើងឯក និងជើងឯករង នៅតាមភូមិភាគទាំងនោះ ឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដើម្បីដណ្តើមយកពានធំ អមជាមួយប្រាក់រង្វាន់កាន់តែច្រើន គឺក្រុមជើងឯក នឹងទទួលបាន ៥០ លានរៀល ក្រុមលេខ ២ បាន ២០ លាន ក្រុមលេខ ៣ បាន ១២ លានរៀល រួមជាមួយពានរង្វាន់ឯកត្តជនចំនួន ៦ ទៀតដោយក្នុងនោះ ពាន ១ ទទួលបាន១លានរៀល។
ជាមួយរបត់ថ្មីនៃការប្រកួតពាននេះ លោក អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់ថា៖ «គ្រប់បណ្ដាពានទាំងអស់គឺយើងតែងតែលេងនៅរាជធានីភ្នំពេញហើយភាគច្រើនក្រុមមានមូលដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកឈ្នះពានចំណែកឱកាសរបស់តាមបណ្ដាខេត្ត គឺមានតិចតួចស្ដួចស្ដើងប៉ុន្តែលើកនេះយើងបើកឱកាសឱ្យតាមបណ្ដាខេត្តយើងឈ្នះពានមួយសិន ហើយខ្ញុំជឿជាក់ថា ២ ក្រុមនៅតាមភូមិភាគទាំង ៥ នេះ គាត់នឹងធ្វើអ្វីដែលអស្ចារ្យក្នុងការមកដណ្ដើមពាន ដែលមានទឹកប្រាក់ ៥០ លានរៀល ក្នុងវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ គឺខ្លាំងក្នុងចំណោមខ្លាំង »៕