ភ្នំពេញ៖ ការ​សម្រេច​ឱ្យ​កីឡាករ​កម្ពុជា ធន់ រិទ្ធី និងតារា​ប្រដាល់​របស់​ថៃ សៃយុគ (Saiyok Pumpanmuang) ស្មើ​ពិន្ទុ​គ្នា ក្នុងការ​ប្រកួតដាក់​ខ្សែ​ក្រវាត់ នៅលើសង្វៀ​នប្រដាល់ទទក កាល​ពី​រាត្រី​ថ្ងៃទី​៤ ខែកុម្ភៈ នៅតែ​​ក្លាយ​ជា​ប្រធាន​បទក្តៅគគុក បន្ទាប់​ពី​​ក្រុម​អ្នករិះគន់មួយចំនួន បានបំប៉ោង​រឿង​មួយ​នេះ​ឱ្យ​ធំ​ឡើងៗ តាម​រយៈការ​វិភាគ​ដោយ​គ្មានមូលដ្ឋាន​ច្បាស់លាស់​ ឬ​ធ្វើ​តែទៅតាម​អារម្មណ៍​នឹក​ឃើញ​របស់​ខ្លួន។ 

នៅ​ក្នុងចំណោម​អ្នក​រិះគន់​ទាំង​អស់នោះ បានចាត់​ទុក​ការ​កាត់​សេចក្តី​ឱ្យ​ ធន់ រិទ្ធី ស្មើពិន្ទុ​​ជា​មួយ សៃយុគ ថា ជា​រឿងចម្លែក ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ប្រដាល់ ព្រោះ​ការ​ប្រកួត​ខ្សែ​ក្រវាត់ ត្រូវតែ​មាន​អ្នក​ឈ្នះ និងអ្នក​ចាញ់ ប៉ុន្តែ​រឿងនេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និងតំណាង​អ្នករៀបចំការ​ប្រកួត​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍ជាតិ (ទទក) អះអាង​ថា វាជាការ​ភាន់ច្រលំ ដោយ​សារអ្នក​រិះគន់​ទាំង​នោះ មិន​​បាន​យល់ច្បាស់​ពី​ការ​ចរចា​របស់​អ្នក​រៀបចំ និងលក្ខន្តិកៈ​ប្រកួត។

នៅ​ក្នុង​សន្និសីទ​កាសែត​​ បកស្រាយពី​បញ្ហា​នេះ កាលពី​ថ្ងៃទី​​៦ ខែកុម្ភៈ លោក នៅ លីដា ផលិតករ​កម្មវិធី​ប្រដាល់​​ទទក បាន​និយាយ​ថា ​ការ​ប្រកួត​រវាង ធន់ រិទ្ធី និង សៃយុគ គឺ​តាំងពី​ដើម​ឡើយ​ជាការ​ប្រកួត​មិត្ត​ភាព។ បើទោះបីជា​​ភាគី​កីឡាករ​ទាំង​២ បានយក​ខ្សែ​ក្រវាត់​រៀងៗ​ខ្លួន មកដាក់​ប្រកួត​ដណ្តើម ប៉ុន្តែ​មូលដ្ឋាន​គ្រឹះនៃការ​ប្រកួត​នេះ នៅតែជា​ការ​ប្រកួត​មិត្ត​ភាព​ដដែល ហើយភាគី​ថៃ ក៏​គេសប្បាយចិត្ត​ទទួល​យក​លទ្ធផល​ស្មើ​នេះ​ដែរ ព្រោះ​យើង​បានចរចាគ្នា​ច្បាស់ហើយ​ពីរឿង​នេះ។

ធន់ រិទ្ធី និង សៃយុគ បាន​​ប្តូរ​ខ្សែ​ក្រវាត់គ្នា​គ្រប់​គ្រង ក្រោយ​ពេល​អ្នក​ទាំង​២ ត្រូវបាន​ប្រកាស​ឱ្យ​ស្មើ​ពិន្ទុ​គ្នា។ រូប​ថត ទទក

លោក​បានបញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ សៃយុគ សប្បាយ​ចិត្តទទួល​យកលទ្ធផល​នេះ​​ ទាំង​ស្រុង គេ​អត់មាន​បញ្ហា​ទោមនស្ស​អីជាមួយ​យើង​ទេ។ ដោយឡែក​ខ្មែរ​យើងមួយ​ចំនួន​​ទៅ​វិញ​ទេ ដែល​​បាន​​រិះ​គន់​ខ្លាំង​នៅលើ​បណ្តាញសង្គម​ ដែល​អាច​និយាយ​បាន​ថា យើងកំពុង​ធ្វើ​បាប​សាច់ឯង ហើយ​​គេ​កំពុងតែ​សើច។ ​យើង​បាន​ទទួល​បដិសណ្ឋារកិច្ច​ និងស្វាគមន៍​គេ​​យ៉ាង​ល្អបំផុត ហើយ សៃយុគ ក៏បាន​យល់​ព្រម និង​​មក​ប្រកួត​នៅ​កម្ពុជា​ម្តងទៀត​ អ៊ីចឹង​សូម​បញ្ឈប់​ការ​​រិះ​គន់​បែប​​ជន់​​ពន្លិចសាច់ឯង​ហ្នឹង​​ទៅ»។

ចំណែក​លោក ខូវ ឆាយ អនុ​ប្រធានទី​១ សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​លក្ខន្តិកៈ​របស់​សហព័ន្ធ ​បាន​កំណត់​ច្បាស់​ហើយ​ថា ការ​ប្រកួត​មិត្ត​ភាព មានលទ្ធផល​៣ គឺឈ្នះ ចាញ់ និងស្មើ ចំណែក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ មានតែ​លទ្ធផលឈ្នះ​ និងចាញ់​ទេ អត់​មានស្មើ​ឡើយ ខណៈការ​ផ្តល់ពិន្ទុ​នៃ​ការ​ប្រកួត​រវាង ធន់ រិទ្ធី និង សៃយុគ គឺ​ចៅក្រម​២​នាក់​ឱ្យ រិទ្ធី ឈ្នះ និង​២នាក់ឱ្យ​ សៃយុគ ឈ្នះ រីឯ​ចៅក្រម​ម្នាក់​ទៀតឱ្យ​អ្នកទាំង​២នេះស្មើ​គ្នា ព្រោះ​វាជា​ការ​ប្រកួតមិត្ត​ភាព។

តែទោះបីជា​យ៉ាង​ណា លោក ខូវ ឆាយ ដែល​​បាន​ចូលរួម​ទស្សនា​​ការ​ប្រកួត The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក ដោយ​ផ្ទាល់ កាលពី​យប់​ថ្ងៃអាទិត្យនោះ បាន​អះអាង​ថា លោក​ពិតជា​បាន​ឃើញ​ច្បាស់​ថា ទាំង​ថ្នាក់​ដឹកនាំ និង​កីឡាករ​​របស់​ថៃ ដែល​បាន​មក​ប្រកួត គឺ​ពួក​គាត់​សប្បាយ​រីក​រាយ និង​កោតសរសើរ​​​ពី​ព្រឹត្តិការណ៍នេះ ដែល​​រៀបចំ​បាន​ល្អ និង​មាន​អ្នកគាំ​ទ្រច្រើន។

លោក ខូវ ឆាយ (ស្តាំ) និង​លោក នៅ លីដា ដែល​បានធ្វើសន្និសីត​កាសែត​បក​ស្រាយ​ពី​រឿង ធន់ រិទ្ធី និង សៃយុគ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៤។រូប សហការី

លោក​បានបញ្ជាក់ថា៖ «ក្រោយការ​ប្រកួត សៃយុគ បាន​យល់​​ព្រម​ប្តូរខ្សែ​ក្រវាត់​​ជាមួយ ធន់ រិទ្ធី ព្រោះ​គាត់​សប្បាយ​ចិត្ត ទទួល​យក​លទ្ធផលស្មើ​នេះ ហើយ​ថែ​ម​ទាំង​​សន្យាទៀត​ថា គាត់​នឹង​មក​ប្រកួត​ម្តង​ទៀត ប៉ុន្តែ​អ្នក​គាំ​ទ្រ​មួយ​ចំនួន​តូច បែរ​ជា​ចង់​ឱ្យ​កីឡាករ​ខ្មែរ​ខ្លួន​ឯង​ចាញ់ ទាំង​កីឡាករ​បរទេស​គេ​អត់​តវ៉ា​អ្វី​ផង។ កាត់សេចក្តី​ឱ្យ​ស្មើ​ក៏មិនព្រម ប្រហែល​ជា​គាត់​ចង់​ឃើញ​កីឡាករ​​កម្ពុជា​​​​អាប់ឱន​ឬយ៉ាង​ម៉េច?»។ 

យ៉ាង​ណាក៏​ដោយ ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ការរិះគន់ ឬជេរ​ប្រមាថ​នេះ លោក ខូវ ឆាយ បាន​ដឹង​ច្បាស់​ថា វា​នៅ​តែ​កើតមាន​ឡើង បើទោះបីជា ចៅ​ក្រម​របស់សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ សម្រេច​ឱ្យ​ ធន់ រិទ្ធី ឈ្នះ ឬ សៃយុគ ឈ្នះ​ក៏​ដោយ  ព្រោះ​សូម្បីចៅ​ក្រម​៥​នាក់ មានការ​​ផ្តល់​ពិន្ទុ​ខុស​គ្នាទៅ​ហើយ ចុះ​ទម្រាំ​តែ​ទស្សនិក​ជនរាប់​សិប​ម៉ឺន​នាក់ ប៉ុន្តែ​លោក​បាន​ប្រាប់​ឱ្យ​ក្រុម​អ្នករិះគន់ ជេរ​តែ​សហព័ន្ធ​បាន​ហើយ កុំ​ជេរ​កីឡាករ​អី។

លោក​បានសង្កត់​ធ្ងន់​ថា៖ «ការ​ប្រកួត​នេះ ទោះ​កាត់​ក្តី​ឱ្យ​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់ ឬស្មើ ក៏​នៅ​តែ​មានគេ​ជេរ តែជេរចុះ​បងប្អូន ជេរ​សហព័ន្ធ​ចុះ គឺ​ពួក​ខ្ញុំ​ទទួលស្គាល់ និង​ទទួលរាប់​រង ព្រោះ​ធ្វើ​ម៉េច​អ្នក​ធ្វើ គេ​ជេរ​អ៊ីចឹង​ហើយ​ ប៉ុន្តែ​កុំជេរបំ​បាក់​កីឡាករ ព្រោះ​កីឡាករ​ឡើង​វ៉ៃ​ដោយ​ទឹក​ចិត្ត ហើយការ​ឈ្នះ​ចាញ់ ពេល​ខ្លះ​ត្រឹម​​១ វិនាទី​ទេ។ ជាក់​ស្តែង​ដូច ធន់ រិទ្ធី បើគាត់​​គេច ​១ ជើង ​ចុង​ក្រោយ​របស់ សៃយុគ ​បាន គឺ​ឈ្នះ​ហើយ អ៊ីចឹង​សូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​យើង​ឱ្យ​ខិតខំ​ហ្វឹកហាត់​​បន្ថែម​ទៀត​ ដើម្បី​បន្ត​យក​ឈ្នះ​កីឡាករ​បរទេស ជាជាង​បន្ទោស​បង្អាប់​​ជាតិ​សាសន៍​ខ្លួនឯង វាគ្មាន​ប្រយោជន៍​ទេ»៕