ភ្នំពេញ៖ អនុប្រធានទី១ របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ខូវ ឆាយ បានអះអាងថា ការបង្កើតឱ្យមានស្តេចប្រដាល់ តំណាងឱ្យប្រទេសកម្ពុជា វាមិនមែនជារឿងចាំបាច់ថា ត្រូវតែធ្វើឱ្យបាននោះទេ ប៉ុន្តែការបង្កើតឱ្យមានកីឡាករជានិមិត្តរូប (Idol) ដែលមានសមត្ថភាពខ្លាំងៗ ឱ្យបានច្រើនទើបជារឿងដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យគុនខ្មែររបស់យើងឱ្យកាន់តែល្បីល្បាញ។
ការលើកឡើងបែបនេះរបស់លោក ខូវ ឆាយ ដោយសារមានអ្នកកាសែត បានចោទសួរលោក ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៦ ខែកុម្ភៈ ជុំវិញការបង្កើតឱ្យមានស្តេចប្រដាល់តំណាងឱ្យប្រទេសនេះ ដើម្បីឱ្យដូចទៅនឹងប្រទេសមួយចំនួន ជាពិសេសប្រទេសថៃ ដែលគេមាន បួខាវ ជាស្តេចប្រដាល់ ចំណែកហ្វីលីពីន ក៏មាន Manny Pacquiao ជាស្តេចប្រដាល់ រីឯមីយ៉ាន់ម៉ា ក៏បានចាត់ទុកកីឡាករ ដាវ លីឌុច ជាស្តេចប្រដាល់ផងដែរ។
ទាក់ទងទៅនឹងការចោទសួរនេះ លោក ខូវ ឆាយ បានទទួលស្គាល់ថា វិស័យកីឡាប្រដាល់គុនខ្មែរ គិតមកដល់ពេលនេះ ពិតជាមិនទាន់មានកីឡាករ ដែលមានងារជាស្តេចប្រដាល់ប្រចាំប្រទេសមែន ដោយលោកបានលើកឡើងថា ដោយសារសមត្ថភាពប្រកួតរបស់កីឡាករកម្ពុជា មានឡើងមានចុះ ចំណែកកីឡាករមួយចំនួន ដែលកំពុងតែល្បីល្បាញ ក៏ទើបនឹងឡើងមកផងដែរ។
លោកបានបន្ថែមថា៖ «បើនិយាយនៅប្រទេសថៃគេមាន បួខាវ ដោយសារ បួខាវ ជាង១០ឆ្នាំហើយ ដែលគាត់បានឈរជើងនៅក្នុងវិស័យកីឡា Muaythai ដោយគាត់បានឈានដល់កម្រិតពិភពលោក និងបានឈ្នះក្នុងកម្មវិធីពិភពលោកជាច្រើន ទើបគេអាចប្រកាសថា បួខាវ ជាស្តេចប្រដាល់របស់ថៃ ចំណែកគុនខ្មែររបស់យើង ទើបតែមានឈ្មោះល្បីប៉ុន្មានឆ្នាំចុងក្រោយនេះទេ អ៊ីចឹងមកដល់ពេលនេះ យើងមិនទាន់ហ៊ានថា អ្នកណាជាស្តេចប្រដាល់ឡើយ»។
ជាមួយគ្នានេះ លោក ខូវ ឆាយ បានធ្វើការព្យាករ និងដាក់ក្តីរំពឹងថា ២ទៅ៣ឆ្នាំទៀត វិស័យកីឡាប្រដាល់គុនខ្មែរ នឹងអាចមានកីឡាករ ដែលអាចក្លាយជាស្តេចប្រដាល់លេចរូបរាងឡើង ប៉ុន្តែបុរសទើបទទួលបានតួនាទីជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការបង្កើតឱ្យមានស្តេចប្រដាល់តំណាងឱ្យកម្ពុជា វាមិនមែនជារឿងចាំបាច់ទេ។
លោក ខូវ ឆាយ បានបញ្ជាក់ថា៖ «ខ្ញុំគិតថា ការបង្កើតឱ្យមានស្តេចប្រដាល់នេះ មិនមែនជារឿងសំខាន់ចាំបាច់ ដែលយើងត្រូវធ្វើទេ។ យើងចង់ឱ្យគុនខ្មែរយើង មាន Idol ច្រើនហើយអ្នកណាក៏ជាអ្នកខ្លាំង ដែលបរទេសកោតខ្លាច គឺមិនមែនមានស្តេចប្រដាល់ម្នាក់ ឯអ្នកផ្សេងៗទៀត សុទ្ធតែអត់ខ្លាំងនោះទេ។ ផ្ទុយទៅវិញបើយើងមានស្តេចប្រដាល់រហូតដល់២០នាក់ ហើយ២០នាក់ហ្នឹង ទៅដល់ណាក៏គេខ្លាច អាហ្នឹងទើបយើងអស្ចារ្យ»។
គួររំឭកថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមអ្នកគាំទ្រ បានចាប់អារម្មណ៍ខ្លាំង ទៅលើការបង្កើតឱ្យមានស្តេចប្រដាល់តំណាងឱ្យកម្ពុជា ដោយពួកគេ បានចាប់អារម្មណ៍ខ្លាំងទៅលើ ព្រំ សំណាង ប៉ុន្តែបន្ទាប់ពី ព្រំ សំណាង ចាប់ផ្តើមធ្លាក់គុណភាព ក្រោយប្រកួតស្មើជាមួយ ដាវ លីឌុច តាមបែប Mas Fight កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣មក ក៏ត្រូវបានអ្នកគាំទ្រ ដកទំនុកចិត្តវិញ ហើយងាកមកចាប់អារម្មណ៍លើ ធឿន ធារ៉ា ម្តង តែគេនៅមិនទាន់ដឹងថា ធារ៉ា អាចរក្សាកម្រិតខ្លាំងរបស់ខ្លួន បានប៉ុន្មានឆ្នាំទៀតទេ៕