កីឡាករជើង​ខ្លាំង និងជា​ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ព្រំ សំណាង ​​បាន​ទម្លាយ​​ថា រូបគេ​ហាក់មានអារម្មណ៍​ព្រឺរោម នៅពេល​មើល​ឃើញ​ការ​ប្រកួត​របស់​អ្នក​ប្រយុទ្ធ​មីយ៉ាន់ម៉ា Yar Man ដែល​រូបគេ​ត្រូវជួប​នៅលើ​សង្វៀន​ថ្មី​សន្លាង​​របស់​ស្ថានីយ​ទូរទស្សន៍​ថោន ក្នុងកម្ម​វិធី Boostrong Kun Khmer King Of The Ring នាព្រលប់​ថ្ងៃសុក្រ​នេះ ចំណែក​កីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជា ​​៤​ នាក់​ទៀត ក៏ត្រូវដាក់ឱ្យ​វ៉ៃ​បោះអំឆៅ ក្នុងពេលជាមួយគ្នា​នេះ​ដូចគ្នា។ 

កីឡាករ ព្រំ សំណាង បាន​និយាយដោយមិនលាក់បាំង​​ថា៖​ «​ខ្ញុំ​រាងព្រឺៗរោម​ដែរ ពេល​ឃើញ​ការ​ប្រកួត​របស់​គាត់ (Yar Man) ព្រោះ​គាត់ជា​កីឡាករ​វ៉ៃ​បុក និង​ចេញ​ចូលបាន​លឿន ហើយ​ខ្ញុំឮ​ថា គាត់ជា​កីឡាករ​ស្បែក​ស្ពាន់ និង​តាន់ ចំណែក​ប្រតិភូ​ខាងប្រទេស​មីយ៉ាន់ម៉ា ក៏​បាន​មក​មើលការ​​ប្រកួតនេះ​ច្រើន»។

សម្រាប់​ការជួបគ្នា​ក្នុង​លំដាប់គូឯក​រវាង ព្រំ សំណាង និងកីឡាករ Yar Man ជា​ការ​ប្រកួតពាក់ហ្គង់​ចេញម្រាម ហើយនេះ​ក៏ជា​លើក​ទី​២​ដែរ​ដែល ព្រំ សំណាង ប្រកួត​ពាក់​ហ្គង់​បែបនេះ។ តែទោះបីជា​យ៉ាង​ណា ព្រំ សំណាង បាន​តាំង​ចិត្តប្រកួត​ខ្លាំង បើទោះបីជា​រូប​គេនៅ​មាន​ការ​បារម្ភ​ខ្លះៗ ចំពោះការ​វិល​មកកាន់សង្វៀន​ថោនជាថ្មី បន្ទាប់ពី​បាន​ផ្អាក​អស់រយៈពេល​​ចូល​១​ខែ។

សំណាង បានបញ្ជាក់ថា៖ «ខ្ញុំ​ជឿ​ថា ការ​ប្រកួតនេះ​ គាត់នឹង​វ៉ៃ​បុក​៥​ ទឹក​ពេញ អ៊ីចឹង​ខ្ញុំ​រាង​បារម្ភ​ដែរ ព្រោះ​ខ្ញុំ​បាន​ផ្អាក​ការ​ប្រកួត​ចូល​ ១ ​ខែ​ហើយ​ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ជា​ទូតសុច្ឆន្ទៈ​របស់​ Boostrong អ៊ីចឹង​ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ខំប្រឹង​វាយ​បុក​ ធ្វើ​ឱ្យ​បាន​ល្អ។ បើទោះបីជា​ខាង​គេ​ជា​កីឡាករ​​ស្បែក​ស្ពាន់ និងស្វិត​យ៉ាងណា​ក៏​ដោយ គឺ​លុះ​ត្រា​តែ​គេ​ដាក់​ខ្ញុំ​ដេកស្តូក​តែម្តង ទើប​ខ្ញុំ​ឈប់ តែបើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នៅតែ​ខំ​ប្រឹង​ទៅមុខ​ទៀត»។

ជាមួយ​គ្នា​នេះ​កីឡាករ​លំដាប់ខ្លាំងៗ និងកំពុងមានឈ្មោះបោះ​សំឡេង​របស់​កម្ពុជា​ចំនួន​៤នាក់​ទៀត ក៏ត្រូវ​បានដាក់​ឱ្យប្រកួត​អំបោះឆៅ​ជាមួយ​អ្នកប្រយុទ្ធមក​ពី៤​ប្រទេស​ផ្សេង​គ្នា​ ក្នុង​ព្រឹត្តិការណ៍នេះ​ផងដែរ ដោយ​ក្នុង​នោះ ពេជ្រ សម្បត្តិ ត្រូវ​ជួប​កីឡាករ​​ថៃ Makralek Sit Pa Rang ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម។

ចំណែក​មិត្ត​រួមក្លិប​របស់​គេ ពេជ្រ ប៊ុនសិដ្ឋ ត្រូវ​ប្រកួត​ជាមួយ​អ្នកប្រដាល់​របស់ហ្វីលីពី​ន Romed Ja. Tendrid ក្នុងទម្ងន់ ​៥៧​ គីឡូក្រាម រីឯ ភក្តី គុនខ្មែរ ត្រូវ​ប្រឈមជាមួយ​អ្នកប្រដាល់​រុស្ស៊ី Happy Serg ក្នុងទម្ងន់​​ ៦៥​ គីឡូក្រាម និង ស៊ន រ៉ាគីម ត្រូវ​តទល់​ជាមួយ​កីឡាករ​ឥណ្ឌូនេស៊ី Arsy Ahmad ក្នុង ទម្ងន់ ៦០​ គីឡូក្រាម ហើយ​កីឡាករ​ចម្រុះ​ជាតិសាសន៍​ទាំង​ ១០​ នាក់នេះ ត្រូវបាន​យក​បង្ហាញ​ខ្លួនរួមគ្នា នៅ​ក្នុងសន្និសីទ​កាសែត កាលពី​រសៀល​ថ្ងៃទី​​៨ ខែកុម្ភៈ។

ជាមួយការ​បង្កើតសង្វៀនថ្មី​ ដែលមាន​រាងមូល មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នេះ ​លោក Tommy Kim ទី​ប្រឹក្សា​របស់ស្ថានីយទូរទស្សន៍​ថោន និងជា​តំណាង IPPC ប្រចាំ​នៅកម្ពុជា បាន​ឱ្យ​ដឹង​នៅ​ក្នុងសន្និ សីទកាសែត​ថា គឺ​ដើម្បី​ធ្វើ​ឱ្យការ​ប្រកួត​គុនខ្មែរ កាន់តែ​មាន​ភាពសម្បូរបែប និង​ឈាន​ទៅ​ដល់​កម្រិត​ពិភព​លោក។

លោក​បាន​និយាយ​ថា៖ «ការ​ឌីហ្សាញ​រេញ (សង្វៀន)​ មូល​នេះ វា​បាន​បង្កប់​​អត្តន័យ​ច្រើន ព្រោះ​​កន្លង​មក យើងមានតែ​រេញ​ ៤ ជ្រុងទេ ដែល​វ៉ៃ​តាមច្បាប់គុនខ្មែរ។ បន្ទាប់មក​យើងបាន​ឌីហ្សាញ​ចេញជា​រេញ ​៨​ ជ្រុង ដែល​យក​តាម​ក្បួន​យន្ត​ ៨​ ទិស​នៃបុព្វបុរស​ខ្មែរ​យើង​មក​រៀប ហើយ​យើង​ក៏​ទទួល​បានជោគ​ជ័យ នៅលើ​រេញ​របស់​យើង។ ឥឡូវ​យើង​បានចេញ​រេញ​មូល​មួយ​ទៀត ឬ​ហៅ​ថា រេញ​កង ចក្រ​គឺ​យើង ​នឹង​មាន​មេកានិច​នៃ​ការ​ប្រកួត​ថ្មី ដោយមាន​ការ​រួម​បញ្ចូល​គ្នា»។ 

លោកបាន​បន្ថែម​ថា៖ «​យើង​ត្រូវ​ធ្វើសមាហរណកម្ម​កីឡាករ​ខ្មែរ និងក្បាច់​គុនខ្មែរ​ទៅ​ពិភព​លោក​ឱ្យ​បានកាន់​តែ​ជ្រៅ អ៊ីចឹង​រេញ​មូល​នេះ​ នឹងបម្រើ​ការ​ប្រកួត​ទៅតាមស្តង់​ដា​របស់​ពិភព​លោក​ គឺ​យើង​នឹង​មាន​ការ​ប្រកួតទាំង MMA ឃីកបុកស៊ីង និង​គុនខ្មែរ នៅលើ​រេញ​នេះតែមួយ។ យើង​​ចង់​បង្ហាញ​ថា ប្រទេស​ខ្មែរ ​ដើរ​ទាន់​សម័យ​ ហើយ​ក្បាច់​គុន​ខ្មែរ អាច​វ៉ៃ​បាន​គ្រប់ទម្រង់​ទាំង​អស់ គឺ​ចង់វ៉ៃ​រេញ​ ៤ ជ្រុងក៏​បាន ៨​ ជ្រុង​ក៏​បាន និងរេញមូល​ក៏​បាន»៕