ភ្នំពេញ៖ កីឡាករជើងខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ បានធ្វើឱ្យអ្នកគាំទ្រយ៉ាងច្រើនលើសលប់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានការភ្លឺភ្នែកជាមួយការជម្នះចូលវ៉ៃលុកយ៉ាងអំណត់របស់គេ រហូតធ្វើឱ្យកីឡាករជាម្ចាស់ខ្សែរបស់ថៃ Nueng Dubunlek Tded99 អស់ខ្យល់ និងដួលផ្ងារជើងសន្លប់ធំតែម្តង ចំណែកមិត្តរួមក្លិបរបស់គេ ធន់ ផានិត ក៏បានយកឈ្នះថៃ RatchasakTded99 ផងដែរ។
សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀនប្រដាល់ទទក កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ពេជ្រ សម្បត្តិ បានបង្ហាញក្តីកង្វល់ច្រើន ដោយខ្លាចកីឡាករ Nueng Dubunlek ប្រកាន់យកការវ៉ៃតាមបែបរត់គេច និងថយទាត់កាត់ ដូចពេលកីឡាករថៃម្នាក់នេះ យកឈ្នះលើកីឡាករកម្ពុជា រិន ដេវីត សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ នៅប្រទេសថៃ កន្លងមកដែរ។
តែទោះបីជាយ៉ាងណា តាមរយៈការប្រកួតគ្នាយ៉ាងស្វិតស្វាញចំនួន៣ទឹកពេញ ពេជ្រ សម្បត្តិ បាននិយាយសរសើរទៅដល់កីឡាករជាម្ចាស់ខ្សែក្រវាត់ Nueng Dubunlek វិញថា ពិតជាបានប្តូរឥរិយាបថការប្រកួត ពីការថយវ៉ៃ មកជាការវ៉ៃប្តូរយ៉ាងស្វិតស្វាញ រហូតដួលសន្លប់ នៅក្នុងទឹកទី៣។
ពេជ្រ សម្បត្តិ បាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំត្រូវបានកីឡាករ Nueng Dubunlek ទាត់ចូលច្រើនដែរ និងមានទម្ងន់ធ្ងន់ទៀត ហើយគាត់ជាកីឡាករស្វិត និងស៊ូខ្លាំង ដែលអាចចាត់ទុកថា ជាដៃគូដ៏ស្វិតស្វាញកម្របានជួបម្នាក់។ ការជួបកីឡាករបែបនេះ អាចនឹងជួយឱ្យយើងកាន់តែមានសម្ទុះការគាំទ្រខ្លាំង ចំណែកសមត្ថភាពរបស់យើង ក៏កាន់តែរីកចម្រើនទៅមុខទៀតដែរ»។
តាមរយៈការប្រកួតជាក់ស្តែង កាលពីយប់ថ្ងៃទី៩ ខែមីនា នៅលើទឹកដីខេត្តកំពង់ធំនោះ កីឡាករ Nueng Dubunlek បានរក្សាជំហរ ក្នុងការទាត់ស្កាត់ទៅ លើពេជ្រ សម្បត្តិ ធ្ងន់ៗ ប៉ុន្តែ សម្បត្តិ មិនបានអើពើចំពោះទម្ងន់វាយនេះទេ ដោយរូបគេ បានរុលចូល ដើម្បីវាយកណ្តាប់ដៃទៅលើកីឡាករដៃម្នាក់នេះយ៉ាងអំណត់បំផុត។
ឈានចូលទឹកទី២ អ្នកទាំង២នេះ បានវាយប្តូរគ្នាកាន់តែខ្លាំង។ Nueng Dubunlek បានព្យាយាមវ៉ៃតបតដោយកណ្តាប់ដៃ កែង និងបុកជង្គង់ពីការចូលវាយសន្ធប់របស់ ពេជ្រ សម្បត្តិ ប៉ុន្តែកណ្តាប់ដៃវាយស្រោចទៅលើផ្ទៃមុខរបស់ សម្បត្តិ បានធ្វើឱ្យម្ចាស់ខ្សែក្រវាត់របស់ថៃម្នាក់នេះ មានការថមថយកម្លាំងខ្លាំង ហើយពាក់កណ្តាលទឹកទី៣ Nueng Dubunlek បានគាំងក្រោមការវាយសម្រុកដោយកណ្តាប់ដៃ និងការបុកកែងរបស់ សម្បត្តិ នាំឱ្យលោកអាជ្ញាកណ្តាលចាប់រាប់ជាលើកទី១។
បន្ទាប់ពីការរាប់នេះ ពេជ្រ សម្បត្តិ បានស្ទុះចូលតាមម៉ាត់ផ្ទៃមុខ និងពោះ ហើយបន្ថែមដោយការបុកកែងផ្ទួនៗ រហូតធ្វើឱ្យ Nueng Dubunlek អស់ខ្យល់ងើបមុខលែងរួច និងបានដួលផ្ងារជើងសន្លប់ធំ ដោយមានឈាមហូរចេញពីផ្ទៃមុខផងដែរ ហើយសកម្មភាពនេះ បានធ្វើឱ្យអ្នកគាំទ្រទាំងនៅសង្វៀនផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ ពិតជាមានការភ្ញាក់ផ្អើល និងសរសើរពីសមត្ថភាព និងទឹកចិត្តប្រកួតដ៏អង់អាចរបស់ ពេជ្រ សម្បត្តិ ដែលមានភាពធន់ ស្វិត និងរឹងមាំបំផុត។
ជុំវិញសកម្មភាពចូលវាយសម្រុកទៅលើកីឡាករថៃយ៉ាងខ្លាំងក្លានេះ ពេជ្រ សម្បត្តិ បានបញ្ជាក់ថា៖ «យើងត្រូវតែតាមដេញវ៉ៃបែបនេះ ព្រោះនេះជាការប្រកួត៣ទឹក ហើយខ្ញុំក៏មិននឹកស្មានថា គាត់ហ៊ានឈរវ៉ៃប្តូរជាមួយខ្ញុំបែបហ្នឹងដែរ គឺខុសពីពេលប្រកួតជាមួយ រិន ដេវីត ដែលគាត់បានថយវ៉ៃ និងថយទាត់កាត់ភាគច្រើន។ មានន័យថា គាត់បានធ្វើដូចអ្វីដែលគាត់បាននិយាយមុនការប្រកួត គឺមិនថយ ឬរត់គេចទៀតទេ»។
ចំណែកកីឡាករ ធន់ ផានិត ក៏ធ្វើបានល្អដែរសម្រាប់ការប្រកួតជាមួយសិស្សរួមក្លិបរបស់ Nueng Dubunlek គឺកីឡាករ Ratchasak Tded99 ដោយអ្នកទាំង ២ នេះ បានប្រកួតគ្នា ៥ ទឹកពេញយ៉ាងស្វិតស្វាញ ប៉ុន្តែតាមរយៈការប្រកួតគ្នាសរុប ១៥ នាទីនេះ ផានិត វាយចំគោលដៅបានច្រើនជាង ជាពិសេសការចូលចាប់បុកជង្គង់ និងទាត់ជាប្រយោល ជាហេតុនាំឱ្យរូបគេ ទទួលបានជ័យជម្នះដោយពិន្ទុ៕