ភ្នំពេញ៖ កីឡាករកម្ពុជា សោម ពិសិដ្ឋ បានប្រើប្រាស់ថាមពល និងកលល្បិចប្រកួតអស់ពីខ្លួន ទម្រាំអាចយកឈ្នះជើងខ្លាំងរបស់ថៃ Extra សម្រាប់ការជួបគ្នានៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ប៉ុន្តែ សោម វិឆ័យ ត្រូវបានប្រកាសឱ្យចាញ់ បន្ទាប់ពីទាត់ដោយល្មើសបទបញ្ជាបណ្តាលឱ្យកីឡាករ Chhouk Mongkhunសន្លប់ចំណែក ផាន់ សុផាត ក៏បានសន្លប់ក្រោមទម្ងន់ដៃ Amy Selackchaiផងដែរ។
តាមរយៈការប្រកួត កាលពីយប់ថ្ងៃ ៩ ខែមីនា កន្លងមកនេះ កីឡាករ Extra ដែលមានសមត្ថភាពល្អ ហើយធ្លាប់បានឈ្នះពិន្ទុម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២២ យ៉េន ឌីណា សម្រាប់ការប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥នេះ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នោះ គឺនៅតែមានស្នៀតប្រយុទ្ធល្អ ជាពិសេសទម្ងន់ទាត់ចេញដ៏មានប្រសិទ្ធភាពរបស់គេ ដែលបានធ្វើឱ្យ សោម ពិសិដ្ឋ បានជួបការលំបាកច្រើន។
តែទោះបីជាយ៉ាងណា នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ សោម ពិសិដ្ឋ បានជម្នះចូលវាយកៀក ដើម្បីបានប្រើកណ្តាប់ដៃ និងបុកជង្គង់ទៅលើ Extra ព្រោះ ពិសិដ្ឋ បានដឹងច្បាស់ថា បើរូបគេនៅតែប្រកាន់ជំហរវាយជាប្រយោល គឺមិនអាចគេចផុតពីការបរាជ័យក្រោមកម្លាំងទាត់ខ្លាំងៗ និងការបោះជង្គង់ពីចម្ងាយរបស់ Extra បាននោះទេ។
ជាមួយការប្តូរយុទ្ធសាស្រ្តប្រកួតនេះ សោម ពិសិដ្ឋ នៅតែទទួលរងការលំបាក ពីការវាយបកសងធ្ងន់ៗរបស់ Extra ប៉ុន្តែការប្តូរចលនាចូលវ៉ៃដ៏រវៀសរវៃរបស់គេ នៅតែអាចជួយឱ្យកីឡាករជាម្ចាស់ផ្ទះរូបនេះវាយចូលគោលដៅបានល្អ ជាពិសេសការប្រើកណ្តាប់ដៃម៉ាត់ទៅលើផ្ទៃមុខ និងការបុកជង្គង់ នៅពេលចូលឡាំ ហើយចំណុចល្អទាំងនេះបានជួយឱ្យ សោម ពិសិដ្ឋ អាចយកឈ្នះជើងខ្លាំង Extra ដោយពិន្ទុយ៉ាងរំភើបបំផុត។
ចំណែក កីឡាករថៃ Chhouk Mongkhun ដែលធ្លាប់ទាត់ឱ្យជើងខ្លាំង ធន់ មករា ខូចជើងក្រោមត្រឹមទឹកទី១ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ នោះ បានប្រើទម្ងន់ជើងដដែលនេះទាត់ទៅលើ សោម វិឆ័យ ដែលធ្វើឱ្យ វិឆ័យ ស្ទើរតែអស់ជំហរ និងដួលម្តងៗផងដែរ សម្រាប់ការជួបគ្នា កាលពីថ្ងៃសៅរ៍នោះ។
តែទោះបីជាយ៉ាងណា ឱកាសក្នុងការបញ្ចេញសមត្ថភាព ជាមួយការប្រើស្នៀតជើងដ៏ល្អរបស់ Chhouk Mongkhun ត្រូវបានបញ្ចប់ត្រឹមដើមទឹកទី២ ព្រោះការសសៀរចូលរបស់គេ ត្រូវបាន សោម វិឆ័យ ទាត់ស្កាត់ចំប្រដាប់ការពារ (ពងស្វាស) ពេញទំហឹង ធ្វើឱ្យកីឡាករថៃម្នាក់នេះដួលចុករមួលយ៉ាងខ្លាំង។
លោកអាជ្ញាកណ្តាលបានទុកពេលឱ្យ Chhouk Mongkhun សម្រួលការឈឺចាប់នេះចំនួន២នាទី ប៉ុន្តែកីឡាករថៃម្នាក់នេះ នៅតែបង្ហាញការឈឺចាប់ មិនអាចបន្តការប្រកួតបានដដែល បើទោះបីជាអាជ្ញាកណ្តាលរាប់គ្រប់ ១០ ហើយក្រោយការរាប់នេះ លោកអាជ្ញាកណ្តាលបានចាប់ដៃ សោម វិឆ័យ បង្ហាញទៅចៅក្រមដាក់ពិន្ទុទាំង ៥ នាក់ រួចសម្រេចឱ្យ វិឆ័យ ចាញ់ការប្រកួតនេះតែម្តង ព្រោះនេះជាការទាត់ចំកន្លែងហាមឃាត់ ដែលល្មើសទៅនឹងច្បាប់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ដោយឡែកកីឡាករ ផាន់ សុផាត ដែលបានបង្ហាញភាពពុះកញ្ជ្រោលខ្លាំង ក្នុងការតាមទាត់ និងម៉ាត់ទៅលើអ្នកប្រដាល់ថៃ Amey Selackchhai នោះបានចាញ់នៅទឹកទី២ ដ៏គួរឱ្យសោកស្តាយ ព្រោះការទាត់ស្តាំរបស់ ផាន់ សុផាត នីពាក់កណ្តាលទឹកទី២ ត្រូវបាន Amey ចាប់ជើងជាប់រួចរុញឱ្យអស់ជំហរ ហើយបានស្ទុះម៉ាត់ឆ្វេង និងបន្ថែមដោយកណ្តាប់ដៃស្តាំចូលផ្ទៃមុខពេញៗ បណ្តាលឱ្យ សុផាត ដួលសន្លប់ធំតែម្តង៕