ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ២ សម័យកាល បឺត សង្ឃឹម បានប្រើប្រាស់បច្ចេកទេស និងកលល្បិចប្រកួតដ៏ល្អរបស់ខ្លួន ដើម្បីបំបាក់អំនួតរបស់អ្នកប្រដាល់អ៊ូសបេគីស្ថាន Nur Muhammad តាមរយៈការវ៉ៃឱ្យកីឡាករចំណូលថ្មីម្នាក់នេះប៊ិះនឹងសន្លប់ ប៉ុន្តែ ឡុង បេនលឿន បានជួបការបរាជ័យ សម្រាប់ការប្រកួតឱ្យក្លិបថ្មីរបស់ខ្លួន។
នៅមុនការជួបគ្នា ក្នុងព្រឹត្តិការណ៍ Cambodia Kun Khmer KKIF កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ កីឡាករជាម្ចាស់ជើងឯក ៨សម័យកាលរបស់អ៊ូសបេគីស្ថាន Nur Muhammad បានបោះពាក្យសម្តីថា រូបគេបានដឹងច្បាស់ពីរបៀបប្រកួតរបស់ បឺត សង្ឃឹម ច្បាស់ណាស់ ហើយគេក៏មានជំនឿខ្ពស់ក្នុងការផ្តួល សង្ឃឹម ឱ្យសន្លប់ផងដែរ ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែងគឺ Nur Muhammad ទៅវិញទេដែលប៊ិះនឹងសន្លប់ក្រោមកណ្តាប់ដៃ បឺត សង្ឃឹម។
តាមរយៈការប្រកួតនោះ Nur Muhammad ដែលហ្វឹកហាត់ប្រដាល់នៅប្រទេសថៃ ពិតជាមានសមត្ថភាពប្រកួតល្អ ដោយគេអាចប្រើបានគ្រប់ក្បាច់ ក្នុងការវាយប្តូរជាមួយ បឺត សង្ឃឹម ប៉ុន្តែបច្ចេកទេស និងកលល្បិចប្រកួតរបស់ សង្ឃឹម ល្អជាង ដោយរូបគេអាចបញ្ឆោត និងញាក់វាយឆ្វេងស្តាំចូលគោលដៅល្អ និងលឿនជាងទាំងការម៉ាត់ ទាត់ និងបុកជង្គង់ ហើយការឆ្មក់កែងៗមួយរបស់គេក៏ធ្វើបានល្អ។
ជាមួយការវាយចេញបានល្អទាំងព្រមរបស់ បឺត សង្ឃឹម នេះបានធ្វើឱ្យកីឡាករ Nur Muhammad បានខំប្រឹងវាយបកសងទាំងលំបាក ហើយស្ទើរតែចង់គាំងៗម្តងទៅហើយ ហើយនៅដើមទឹកទី៣ ការម៉ាត់ស្តាំចូលពេញទំហឹង និងរុញផ្តួលរបស់ បឺត សង្ឃឹម បានធ្វើឱ្យដៃគូម្នាក់នេះ ដួលទាំងវង្វេង ត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១។
នៅក្នុងពេលវេលាសេសសល់ចំនួន ២ នាទី ក្នុងទឹកទី៣ ចុងក្រោយនេះ បឺត សង្ឃឹម បានព្យាយាមវាយសម្រុកកាន់តែខ្លាំង ក្នុងបំណងផ្តួល Nur Muhammad ឱ្យសន្លប់តែម្តង ប៉ុន្តែកីឡាកររបស់អ៊ូសបេគីស្ថានម្នាក់នេះ អាចប្រមូលស្មារតីបានទាន់ពេល រួចបានវាយតាមបែបរំដោះខ្លួនរហូតដល់ចប់ទឹក និងបានចាញ់ បឺត សង្ឃឹម ត្រឹមពិន្ទុជាឯកច្ឆន្ទ។
តែទោះបីជាយ៉ាងណា មេរៀនដែល បឺត សង្ឃឹម បានផ្តល់ឱ្យតាមរយៈការជួបគ្នាជាលើកដំបូងនេះ បានធ្វើឱ្យកីឡាករ Nur Muhammad រាងបាក់អំនួតហើយ ព្រោះរូបគេមិនត្រឹមតែមិនអាចផ្តួល បឺត សង្ឃឹម បាននោះទេ ប៉ុន្តែថែមទាំងត្រូវបាន សង្ឃឹម វ៉ៃឱ្យអាជ្ញាកណ្តាលរាប់ទៀតផង ហើយនេះជាការបង្ហាញវត្តមានជាថ្មីរបស់ បឺត សង្ឃឹម បន្ទាប់ពីរូបគេ បានចាញ់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៧ ខែកុម្ភៈ។
ចំណែកកីឡាករ ឡុង សំណាង និង ឡុង បេនលឿន ដែលទើបផ្លាស់ប្តូរក្លិបពីក្លិបប្រដាល់ឡុងសាលវ័ន្ត ទៅកាន់ក្លិប Kun Khmer International Fight Gym (KKIF) នោះ បានទទួលលទ្ធផលខុសគ្នា សម្រាប់ការប្រកួត Cambodia Kun Khmer KKIF កាលពីយប់ថ្ងៃសៅរ៍នោះ។
ម្ចាស់ខ្សែក្រវាត់៣ ឡុង សំណាង បានបង្ហាញការប្រកួតយ៉ាងអង់អាច ក្នុងការតាមវាយទៅលើកីឡាកររបស់ហ្ស៊កហ្ស៊ី Emil Khalilov ស្ទើរ៣ទឹកពេញ និងបានឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៥-០ ប៉ុន្តែ ឡុង បេនលឿន បានចាញ់កីឡាករម៉ារ៉ុក Diae ដោយពិន្ទុ ៤-១ ព្រោះតាមរយៈការប្រកួតនេះអ្នកទាំង២នេះ មានក្បាច់វាយចេញប្រហាក់ប្រហែលគ្នា តែ បេនលឿន មានការធ្លាក់កម្លាំងជាង ទើបត្រូវបានសម្រេចឱ្យចាញ់បែបនេះ៕