ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ឃីម បូរ៉ា បានកាច់ធ្មុងកីឡាករជើងខ្លាំងរបស់ថៃ Petchrung Roeung Academy តាមរយៈការតាមវាយកែង និងម៉ាត់រហូតធ្លាក់ក្អួត និងសន្លប់ឈរតែម្តង សម្រាប់ការជួបគ្នាក្នុងព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀនប្រដាល់ ទទក។
សម្រាប់ការប្រកួតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ កីឡាករ Petchrung Roeung Academy បានបោះពាក្យសម្តីបែបមិនឱ្យតម្លៃដល់ ឃីម បូរ៉ា ដោយជំរុញឱ្យម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជារូបនេះ ខំប្រឹងប្រែងវ៉ៃឱ្យអស់ពីសមត្ថភាពមក ដើម្បីឱ្យស័ក្តិសមទៅនឹងកិត្តិយសរបស់គេ ដែលជាជើងខ្លាំងម្នាក់របស់ថៃ។
ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង ដែលគ្រោងធ្វើ ៥ ទឹកនោះ គឺ Petchrung Roeung អាចឈរវ៉ៃប្តូរជាមួយ ឃីម បូរ៉ា មិនដល់ ៣ ទឹកស្រួលបួលផង ក៏ត្រូវបាន បូរ៉ា វាយកែង និងបន្ថែមដោយកណ្តាប់ដៃ បណ្តាលឱ្យកីឡាករថៃម្នាក់នេះធ្លាក់ក្អួត និងសន្លប់ឈរនៅលើដៃលោកអាជ្ញាកណ្តាល វង្ស ស៊ីថៃ តែម្តង។
បើទោះបីជា Petchrung Roeung បានបង្ហាញភាពរឹងមាំ ក្នុងការប្រកួតនៅទឹកទី១ និងទឹកទី២ តាមរយៈការចាប់បុកជង្គង់របស់គេ ដែលពេលខ្លះ ឃីម បូរ៉ា ស្ទើរតែរើបម្រះមិនចង់ចេញ ប៉ុន្តែនៅដើមទឹកទី៣ បូរ៉ា បានវាយកែងស្តាំចូលផ្ទៃមុខពេញ បណ្តាលឱ្យថៃម្នាក់នេះដួលទាំងជំហរ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១។
ភ្លាមៗបន្ទាប់ពីការរាប់នោះ ឃីម បូរ៉ា បានតាមវាយកែង ទៅលើ Petchrung Roeung ហើយចុងក្រោយគេបានម៉ាត់ឆ្វេងចូលថ្គាមមួយដៃពេញ ធ្វើឱ្យដៃគូបានសម្តីម្នាក់នេះវង្វេង។ ឃើញបែបនេះលោកអាជ្ញាកណ្តាល វង្ស ស៊ីថៃ បានស្ទុះទៅចាប់ត្រកង ក្នុងបំណងកុំឱ្យ Petchrung Roeung ដួលទាន់ តែថៃម្នាក់នេះបានធ្លាក់ក្អួត និងសន្លប់ឈរតែម្តង។
យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានជ័យជម្នះនេះ ឃីម បូរ៉ា បាននិយាយថា៖ «ការប្រកួតនេះតានតឹង ព្រោះអាវុធរបស់គាត់ (Petchrung Roeung) ធ្ងន់ដែរ ពិសេសគាត់ចាប់រឹង ធ្វើឱ្យយើងរើបម្រះមិនរួច ហើយម្យ៉ាងខ្ញុំក៏អត់សូវទុកចិត្តលើស៊ុហ្វខ្លួនឯងផង ដោយសារខ្ញុំមានបញ្ហាសុខភាពតិចតួច អ៊ីចឹងយើងមិនកញ្រ្ជោលតាមគាត់នោះទេ គឺយើងព្យាយាមវ៉ៃមួយៗយកធ្ងន់ និងយកត្រូវប្លង់»។
តែទោះយ៉ាងណា ឃីម បូរ៉ា បានបន្ថែមថា៖ «នៅពេលគាត់ប្រើយុទ្ធសាស្រ្តដេញចាប់យើងបែបនេះ គឺមានការពិបាកមែនទែន ដោយសារគាត់រឹងជាងយើង ប៉ុន្តែនៅពេលគាត់ព្យាយាមតាមចាប់ពេកបែបនេះ យើងមានតែសាកកម្លាំងជាមួយគាត់ ហើយពេលខ្ញុំចូលរើជាមួយគាត់មួយប្រាវ ឃើញថា គាត់អស់ដែរ។ គាត់ដូចជាមិនមានក្បាច់អ្វីដែរទេ គឺបានតែចាប់រឹង ហេតុនេះយើងបានព្យាយាមវ៉ៃឆ្ងាយវិញ វាស្រួលសម្រាប់យើង»។
ចំណែកការប្រកួត ក្នុងព្រឹត្តិការណ៍ Krud Kun Khmer កាលពីថ្ងៃអាទិត្យនោះដែរ កីឡាករនិយមវាយសម្រុក ពេជ្រ ប៊ុនសិដ្ឋ បានយកឈ្នះអ្នកប្រដាល់របស់ថៃ Sanvan Khongdum Tded99 ដោយពិន្ទុ ប៉ុន្តែ ធន់ ស៊ីហុង បានចាញ់ថៃ Prtchseenin Tded99 ដោយពិន្ទុ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញចំនួន៥ទឹកពេញ៕