ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា គ្រោងនឹងចូលរួមការប្រកួតលីគកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វិញ ដែលអាស្រ័យទៅលើការសម្របសម្រួល និងការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បើទោះបីជាមានការដាក់ពិន័យ ឬដាក់ទម្ងន់មកកាន់ក្លិបវិញ ជុំវិញការសុំដកខ្លួនចេញពីការប្រកួតទាំង ២ នេះ កាលពីថ្ងៃទី ៨ ខែមីនា ក៏ដោយ។
ការត្រៀមខ្លួនចូលរួមការប្រកួតវិញរបស់ក្លិបវិសាខានេះ គឺបន្ទាប់ពី FFC បានធ្វើសន្និសីទកាសែតបកស្រាយពីការកាត់សេចក្តីរបស់អាជ្ញាកណ្តាលក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន និងលីគកំពូលកម្ពុជាកាលពីរសៀលថ្ងៃទី ១១ ខែមីនា ទៅតាមលិខិតស្នើសុំរបស់ក្លិបនេះផ្ទាល់ ដែលមិនពេញចិត្តទៅនឹងការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ហោ ប៊ុនថង ក្នុងការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន កាលពីយប់ថ្ងៃទី ៦ ខែមីនា គឺក្នុងពេល វិសាខា បានស្មើ ២-២ ជាមួយក្រុមភ្នំពេញក្រោន។
រំឭកទៅដល់បញ្ហា ដែលនាំឱ្យក្លិបវិសាខា សម្រេចប្រកាសដកខ្លួនចេញពីការប្រកួតនេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខា បាននិយាយថា៖ «ការសម្រេចចិត្តដកខ្លួននេះ ដោយសារយើងមានបញ្ហាកើតឡើងនៅក្នុងការប្រកួត ហើយយើងបានស្នើសុំឱ្យមានការបកស្រាយ ព្រោះខាងខ្ញុំទទួលយកអត់បាន ចំពោះការសម្រចរបស់អាជ្ញាកណ្តាល ប៉ុន្តែការដាក់លិខិតចុងក្រោយរបស់យើង មិនមានការពន្យល់បកស្រាយសមស្របណាមួយអាចទទួលយកបាន ហេតុនេះយើងក៏សម្រេចចិត្តដកខ្លួនតែម្តង»។
យ៉ាងណាក៏ដោយ តាមរយៈការបកស្រាយពីការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទនោះ ប្រធាននាយកដ្ឋានអាជ្ញាកណ្ដាល បានទទួលស្គាល់ថាការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ហោ ប៊ុនថង ពិតជាបានបង្កើតកំហុស ដែលកើតចេញពីការសម្រេចលឿនពេក ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតរវាងក្រុមវិសាខា និងភ្នំពេញក្រោន ហេតុនេះទាមទារឱ្យមានការពង្រឹងគុណភាពក្រុមអាជ្ញាកណ្តាលឡើងវិញ។
ជាមួយគ្នានេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញការសោកស្តាយ ចំពោះបញ្ហានេះផងដែរ ហើយលោកបានអះអាងថា វាជាការខាតបង់ដ៏ធំមួយ ហើយក៏បានប៉ះពាល់ខ្លាំងវិស័យបាល់ទាត់នៅកម្ពុជាផងដែរ បើសិនជាក្លិបវិសាខា ពិតជាដកខ្លួនចេញពីការប្រកួតមែននោះ ហេតុនេះលោកចង់ឱ្យក្លិបមួយនេះ ចូលរួមការប្រកួតវិញ ប៉ុន្តែក៏ត្រូវមានការសិក្សាផ្លូវច្បាប់ជាអន្តរជាតិឱ្យបានត្រឹមត្រូវផងដែរ។
លោក កែវ សារ៉េត បានបញ្ជាក់ក្នុងសន្និសីទកាសែតនោះដែរ៖ «យើងចង់បានក្លិបវិសាខា ត្រឡប់ចូលវិញ អ៊ីចឹងករណីចូលមកវិញបាន ឬមិនបាន ក៏ត្រូវមានការសិក្សាពីច្បាប់ឱ្យបានច្បាស់លាស់ដែរ។ បើយើងសំអាងតែលើច្បាប់ផ្ទៃក្នុងរបស់យើង ខ្លាចវាខុសនឹងច្បាប់អន្តរជាតិ ដោយសាររឿងនេះ វាបានខ្ចរខ្ចាយទៅដល់ FIFA និង AFC ហើយ អ៊ីចឹងបើ FFC ធ្វើខុស ក៏គេព្យួរ ឬពិន័យយើងដែរ»។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បានបន្ថែមថា៖ «ចំពោះសហព័ន្ធ និងគ្រួសារបាល់ទាត់កម្ពុជា គឺស្វាគមន៍ការចូលមកវិញរបស់ក្លិបវិសាខា ប៉ុន្តែត្រូវផ្អែកលើនិតិវិធីដែរ គឺយើងត្រូវសិក្សាបន្តិចទៀត ព្រោះខ្លាចក្រែងមានកំហុសជាមួយ FIFA និង AFC ចំណែកសមាជិកក្លិបនៅក្នុងលីគ គឺគេបន់ឱ្យតែក្លិបវិសាខា វិលត្រឡប់មកប្រកួតជាមួយគ្នាវិញទេ»។
ចំពោះការងារទាំងអស់នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានយល់ព្រមទទួលយក ដោយកញ្ញា បានបញ្ជាក់ក្រោយសន្និសីទកាសែតថា៖ «ចំពោះការប្រកួតជាការរៀបចំរបស់គណៈកម្មការរៀបចំការប្រកួត អ៊ីចឹងខ្ញុំទុកជូនគាត់ជាអ្នកសម្រេច។ បើសិនជាគាត់ឱ្យលេង ឬក៏សប្តាហ៍ទី២៤ ហ្នឹងលុបចោល ហើយឱ្យវិសាខា ចាញ់ អាហ្នឹងជាការសម្រេចរបស់គាត់ ចំណែកពួកខ្ញុំនឹងទទួលពីការដាក់ពិន័យអ្វីក៏ដោយ គឺយើងមិនប្រកែកនឹងច្បាប់ និងការដាក់ទម្ងន់មកវិសាខាវិញនោះទេ»។
យ៉ាងណាក៏ដោយ នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខារូបនេះ គ្រោងនឹងស្នើឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើកំណែទម្រង់វិស័យបាល់ទាត់ឱ្យបានកាន់តែប្រសើរថែមទៀត ដោយកញ្ញា បាននិយាយ៖ «ដំណាក់កាលជាបន្តទៀត ខាងខ្ញុំនឹងស្នើសុំទៅសហព័ន្ធ ដើម្បីឱ្យមានការកោះប្រជុំជាមួយក្លិបទាំង៩ផ្សេងទៀត នៅក្នុងលីគកំពូល ដើម្បីយើងធ្វើកំណែទម្រង់ទៅលើការអភិវឌ្ឍ ឬក៏រៀបចំផែនការទៅរដូវកាលក្រោយបន្តទៀត ទាំងការអភិវឌ្ឍយុវជន ការប្រកួតរបស់ឈុតធំ ឬក៏ការអភិវឌ្ឍអាជ្ញាកណ្តាលអ្វីក៏ដោយ គឺត្រូវតែមានគម្រោងការច្បាស់លាស់សម្រាប់ឆ្នាំក្រោយ»។
អ៊ូ បញ្ញាសុកិត្យា បានបន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា រដូវកាលនេះ បើសិនជាមានការសម្របសម្រួលល្អ យើងនឹងចូលរួមប្រកួតវិញប៉ុន្តែសម្រាប់តែរដូវកាលនេះទេ ចំណែករដូវកាលក្រោយ យើងនឹងពិចារណាថា ចូលឬក៏អត់! គឺក្រោយពីការស្នើសុំប្រជុំហើយ បើសិនមានការរៀបចំគម្រោងល្អ អាហ្នឹងក្លិបនឹងសម្រេចចិត្តចូលរួម ដើម្បីប្រកួតនៅរដូវកាលក្រោយៗទៀត»៕