ភ្នំពេញ៖ កីឡាករជើងខ្លាំងរបស់កម្ពុជា បានប្រឈមការលំបាកខ្លាំងទៅនឹងអាកាសធាតុត្រជាក់នៅទីក្រុងហុងកុង មុនពេលរូបគេត្រូវប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ពិភពលោក I-1 WORLD CHAMPION GOLD BELT ជាមួយអ្នកប្រដាល់បរទេសចំនួន ៣ នាក់ទៀត ដែលនឹងត្រូវធ្វើនៅល្ងាចម៉ោង ៦ (ម៉ោងនៅកម្ពុជា) នាថ្ងៃអង្គារនេះ ប៉ុន្តែ ល្វៃ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការប្រជែងយកឱ្យបានខ្សែក្រវាត់នេះត្រឡប់មកមាតុប្រទេសវិញ។
កីឡាករ ឈឿន ល្វៃ ដែលបានធ្វើដំណើរចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី ១០ ខែមីនានោះ ត្រូវធ្វើការសម្រកទម្ងន់មកសល់ត្រឹម ៧២ គីឡូក្រាម ដើម្បីចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅហុងកុង ជាលើកដំបូងនេះ ប៉ុន្តែបញ្ហាអាកាសធាតុត្រជាក់ បានធ្វើឱ្យកីឡាកររបស់កម្ពុជារូបនេះមានការពិបាកខ្លាំង ក្នុងការធ្វើគីឡូ ដែលលើសជាង៣គីឡូក្រាម។
លោក ស្រី រាជបុត្រ គ្រូជំនួយ ឈឿង ល្វៃ ដែលបានធ្វើដំណើរទៅហុងកុងដែរនោះ បានឱ្យដឹងតាមរយៈការឡាយវីដេអូ នៅក្នុងអំឡុងថ្លឹងទម្ងន់ កាលពីថ្ងៃចន្ទថា៖ «អាកាសធាតុនៅទីនេះ (ហុងកុង) គឺ ១៤ អង្សាសេ ហើយមានភ្លៀង និងខ្យល់ទៀត ខណៈ ឈឿង ល្វៃ គាត់ចាញ់ត្រជាក់ទៀត អ៊ីចឹងវាមានការពិបាកសម្រាប់គាត់ដែរ ប៉ុន្តែគាត់មិនបានភ័យនោះទេ ព្រោះយើងមកទីនេះ ដើម្បីប្រកួតយកជ័យជម្នះជូនជាតិ ហេតុនេះយើងនឹងព្យាយាមបណ្តុះឆន្ទៈឱ្យគាត់ទៅមុខទៀត ហើយសង្ឃឹមថា ឈឿង ល្វៃ នឹងអាចយកបានខ្សែក្រវាត់ត្រឡប់ទៅប្រទេសយើងវិញបាន»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «សូមជឿជាក់លើ ឈឿង ល្វៃ ចុះព្រោះគាត់បានប្រឹងប្រែងមែនទែន។ ទោះរងាខ្លាំងយ៉ាងណា ក៏គាត់នៅតែពាក់អាវរត់ទាំងភ្លៀង និងនៅស្ទីមធ្វើគីឡូរហូតដល់ម៉ោង ១២ យប់ ហើយនៅសល់ ៣ គីឡូទៀត ព្រោះវាត្រជាក់ពេក ប៉ុន្តែព្រឹកម៉ោង ៥:៣០ ខ្ញុំសុំឱ្យគេបើកកន្លែង Gym និងកន្លែងស្ទីម ដើម្បីឱ្យ ឈឿង ល្វៃ ធ្វើគីឡូរហូតស្រកសល់ត្រឹម ៧១,៨ គឺគាត់ខំប្រឹងខ្លាំងណាស់»។
ចំណែក ឈឿង ល្វៃ បាននិយាយ កាលពីថ្ងៃចន្ទនោះដែរថា៖ «ឥឡូវរាងអស់កម្លាំងបន្តិច ព្រោះត្រូវធ្វើគីឡូច្រើនដែរ។ នៅស្រុកខ្មែរ ការសម្រកមកសល់ត្រឹម ៧២ គីឡូក្រាម មិនសូវជាពិបាកទេ ប៉ុន្តែនៅទីនេះត្រជាក់អ៊ីចឹងវាពិបាកខ្លាំង ក្នុងការសម្រកគីឡូ ដោយយើងត្រូវអត់បាយច្រើនថ្ងៃ ធ្វើឱ្យយើងស្លក់មុខស្លក់មាត់បន្តិច ប៉ុន្តែវាមិនជាអ្វីទេ គឺយើងនឹងព្យាយាមហូបអ្វីដែលជារបស់ប៉ូវកម្លាំងមកវិញ»។
សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ពិភពលោក នៅហុងកុងក្នុងទម្ងន់ ៧២ គីឡូក្រាមនេះ គណៈកម្មការរៀបចំការប្រកួត បានដាក់ឱ្យ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករថៃ លីប៊ី និងអាល្លឺម៉ង់ ដោយអ្នកទាំង ៤ នេះ ត្រូវធ្វើការចាប់ឆ្នោត នៅថ្ងៃប្រកួតតែម្តង ហើយអ្នកឈ្នះ នៅក្នុងការប្រកួតជម្រុះ៣ទឹកនេះ នឹងត្រូវឡើងទៅប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីខ្សែក្រវាត់តែម្តង។
នៅក្នុងចំណោមបេក្ខភាពទាំង៣នាក់នេះ ឈឿង ល្វៃ មានការបារម្ភទៅលើកីឡាកររបស់អាល្លឺម៉ង់ ដែលមានកាយសម្បទាធំ និងខ្ពស់ ចំណែកកីឡាកររបស់ថៃ និងអ្នកប្រដាល់របស់លីប៊ី ឈឿង ល្វៃ មិនសូវជាបារម្ភទេ ហេតុនេះ ឈឿង ល្វៃ រំពឹងថា នឹងចាប់ឆ្នោតប៉ះកីឡាករអាល្លឺម៉ង់មុនគេ ដើម្បីវ៉ៃឱ្យដាច់ស្រេច ខណៈនៅព្រឹកថ្ងៃអង្គារនេះ ល្វៃ បានអះអាងថា កម្លាំងរបស់គេបានវិលមករកភាពល្អប្រសើរវិញហើយ។
ឈឿង ល្វៃ បាននិយាយតាមវីដេអូឡាយរបស់ខ្លួនថា៖ «ថ្ងៃនេះជាថ្ងៃខ្ញុំត្រូវប្រកួត ហើយពីយប់មិញ ពិតជាគេងលក់ស្រួលមែនទែន អ៊ីចឹងមុខរបស់ខ្ញុំពេញវិញហើយ អត់ស្លក់ទៀតទេ ចំណែកកម្លាំងកំហែងក៏មានវិញផងដែរ ហើយថ្ងៃនេះក៏ប្លែកទៅទៀត ព្រោះបើកថ្ងៃចែសតែម្តង។ ថ្ងៃធ្វើគីឡូអត់មានបើកថ្ងៃបែបនេះទេ គឺមានភ្លៀងរលឹមរហូត តែអាកាសធាតុនៅត្រជាក់ដដែល»។
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ឈឿង ល្វៃ បានបង្ហាញការតាំងចិត្តបែបនេះថា៖ «ខ្ញុំអត់អីទេពុកម៉ែបងប្អូន កម្លាំងកំហែងរបស់ខ្ញុំពេញវិញល្អហើយ ព្រោះកាលពីយប់មិញគេងគ្រប់គ្រាន់ ចំណែកការហូបចុកក៏បានគ្រប់គ្រាន់ អ៊ីចឹងកម្លាំងពេញល្អ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះ និងខ្សែក្រវាត់ទៅជូនជាតិមាតុភូមិរបស់យើងវិញ ហេតុនេះសូមពុកម៉ែបងប្អូនតាមដានការប្រកួត ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ខ្ញុំផងដែរ»៕