![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20243/26_3_2024_ss1.jpg)
ការប្រកួតប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ជាលើកដំបូង។ រូប ហុង មិនា
ភ្នំពេញ៖ សហព័ន្ធគុនខ្មែរអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងភាគីពាក់ព័ន្ធមួយចំនួនទៀត គ្រោងនឹងរៀបចំឱ្យមាននូវ «ក្រមសីលធម៌គុនខ្មែរ» ដែលជាច្បាប់ទម្លាប់ និងបទប្បញ្ញតិ្ត ក្នុងការដាក់ឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់សម្រាប់ប្រទេស នៅលើពិភពលោកចូលជាសមាជិក និងជួយជ្រោមជ្រែងកីឡាជាអត្តសញ្ញាណរបស់ដូនតាខ្មែរនេះ ឱ្យកាន់តែមានភាពរីកសុសសាយថែមទៀត។
គម្រោងបង្កើតឱ្យមានក្រមសីលធម៌គុនខ្មែរនេះ ត្រូវបានសហព័ន្ធគុនខ្មែរអន្តរជាតិ លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី២២ ខែមីនា ក្រោមការដឹកនាំរបស់លោក មៀម រ៉ា ហើយតាមរយៈការពិភាក្សានោះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ បានយល់ស្របក្នុងការបង្កើតឱ្យមានក្រមសីលធម៌គុនខ្មែរ ដើម្បីជាការបើកផ្លូវដ៏សំខាន់មួយ ក្នុងការពង្រីកសក្តានុពល «គុនខ្មែរ» ទៅកាន់ពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិបានថ្លែងក្រោយកិច្ចប្រជុំនោះថា៖ «យើងនឹងរៀបចំឱ្យមានក្រមសីលធម៌គុនខ្មែរ ដែលជាក្រមមួយអនុវត្តទូទាំងពិភពលោក សម្រាប់សមាជិកគុនខ្មែររបស់យើង ព្រមទាំងពង្រីកក្រមសីលធម៌នេះទៅពិភពលោក ដើម្បីឱ្យស្គាល់ថា គុនខ្មែរមានឋានានុក្រមយ៉ាងម៉េច? មានការរៀបចំ និងប្រព្រឹត្តទៅ ក្នុងគោលបំណងបែបណា? ហើយការទទួលខុសត្រូវរបស់ប្រទេសជាសមាជិក និងការអភិវឌ្ឍគុនខ្មែរ តើអភិវឌ្ឍតាមរបៀបណា?»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20243/26_3_2024_ss2.jpg)
កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា។ រូប ឈន ណន
ចំណុចសំខាន់មួយចំនួនទៀត ដែលនឹងត្រូវចងក្រងឱ្យមាននៅក្នុងក្រមសីលធម៌គុនខ្មែរនេះ គឺនិតិវិធីក្នុងការដោះស្រាយវិវាទ និងបញ្ហាផ្សេងៗសម្រាប់ប្រទេសជាសមាជិក យកទៅអនុវត្ត ហើយការកំណត់គោលការណ៍រួមក្នុងការថែរក្សា និងអភិរក្សនូវផ្នត់គំនិតដើមនៃយុទ្ធគុនខ្មែរ ក៏ជាផ្នែកសំខាន់ ដែលនឹងត្រូវចងក្រង នៅក្នុងច្បាប់ទម្លាប់ និងបទប្បញ្ញតិ្តរបស់ក្រមសីលធម៌គុនខ្មែរ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «ក្រមសីលធម៌គុនខ្មែរជាច្បាប់ ទម្លាប់ និងបទប្បញ្ញតិ្ត ដែលមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់សម្រាប់ពិភពលោក ក្នុងការគ្រប់គ្រងគុនខ្មែ គឺយើងធ្វើឱ្យពិភពលោកមានសណ្តាប់ធ្នាប់ ទទួលយកគុនខ្មែរ និងជួយពង្រីកគុនខ្មែរឱ្យត្រូវតាមក្រមសីលធម៌ហ្នឹង។នេះជាអ្វីដែលយើងបានខំប្រឹងជួយដល់ជាតិ ព្រមទាំងបន្តឱ្យអ្នកជំនាន់ក្រោយ និងធ្វើឱ្យគុនខ្មែរស្ថិតក្នុងការរីកចម្រើន ដែលមានស្ថិរភាព និងចីរភាពអាចទទួលយកបានទាំងអស់គ្នា»។
ចំពោះគោលដៅសំខាន់ ក្នុងការបង្កើតឱ្យមានក្រមសីលធម៌គុនខ្មែរនេះ គឺសហព័ន្ធគុនខ្មែរអន្តរជាតិ ចង់ទាក់ទាញប្រទេសផ្សេងៗទៀតចូលជាសមាជិកឱ្យបានច្រើនជាង ៧៥ ប្រទេស ដើម្បីកម្ពុជា អាចស្នើសុំទៅគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (IOC) ដាក់ «គុនខ្មែរ» ជាសមាជិក ព្រោះពេលនេះសហព័ន្ធគុនខ្មែរអន្តរជាតិ មានប្រទេសជាសមាជិកចំនួន ៥៤ ហើយ ហើយថ្មីៗនេះប្រទេសម៉ុលហ្គោលី ក៏បានសុំដាក់ចូលជាសមាជិកដែរ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20243/26_3_2024_ss3.jpg)
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «យើងមានបទបញ្ជា និងលក្ខន្តិកៈប្រកួតរបស់សហព័ន្ធគុនខ្មែរហើយ ប៉ុន្តែយើងមិនទាន់មានការគ្របដណ្តប់ទៅលើច្បាប់សកលមួយ ដែលគេហៅថា ក្រមសីលធម៌គុនខ្មែរនេះ សម្រាប់ឱ្យប្រទេសទាំងអស់មើលឃើញថា យើងមានបន្ទាត់ច្បាស់លាស់ និងប្រភពល្អ ព្រមទាំងមានសណ្តាប់ធ្នាប់ ក្នុងការរាយគុនខ្មែរទៅលើពិភពលោក ហើយមានការគ្រប់គ្រងគុនខ្មែ នៅលើពិភពលោកបានល្អ តាមរយៈក្រមសីលធម៌ហ្នឹង»។
លោកបន្ថែមថា៖ «យើងអាចទាក់ទាញប្រទេសចូលរួមឱ្យដល់គោលដៅរបស់យើង គឺធ្វើម៉េចឱ្យបានជាង ៧៥ ប្រទេស ដើម្បីយើងឈានទៅដល់ការស្នើសុំទៅ IOC ចូលជាសមាជិក។ គោលដៅដ៏សំខាន់នេះហើយ បានជាយើងខិតខំពង្រឹងផ្ទៃក្នុង និងសមត្ថភាពរបស់យើងឱ្យបានល្អ និងមានបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឱ្យបានល្អដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែរបានយូរអង្វែងនិងប្រកបដោយចីរភាព»៕