ភ្នំពេញ៖ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ លន បញ្ញា បានទទួលស្គាល់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌជាមួយជើងខ្លាំងលំដាប់ A របស់ថៃ Petchdam Petchyindee ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Krud Kun Khmer: Reign of Kings បានក្លាយជាជាជំនួបដ៏ធំ និងមានការពិបាក ដែលរូបគេមិននឹកស្មានថា សង្វៀនប្រដាល់ទទក អាចនាំយកជើងខ្លាំងៗមកប្រកួតនៅកម្ពុជាបាន ហើយរឹតតែគិតមិនដល់ថា ខ្លួនមានឱកាសអាចប៉ះ Petchdam។
លន បញ្ញា ដែលជាជើងខ្លាំងកម្រិត A របស់កម្ពុជា ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម បានដឹងច្បាស់ថា Petchdam គឺជាជើងខ្លាំង ដែលធ្លាប់ឆ្លងកាត់ការប្រកួតគ្រប់សង្វៀនធំៗ ទាំងនៅក្រៅស្រុក និងនៅប្រទេសថៃ ហើយគេម្នាក់នេះ ក៏ធ្លាប់មានប្រវត្តិឈ្នះកីឡាករកំពុងល្បីឈ្មោះខ្លាំងនៅស្រុកថៃ រតថាំង ផងដែរ។
តែទោះបីជាយ៉ាងណា លន បញ្ញា បានចាត់ទុកការជួបជើងខ្លាំង Petchdam នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី ៣១ ខែមីនានេះ ថាជាឱកាសដ៏ល្អមួយ ដែលរូបគេអាចនឹងសាងបានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ បើសិនជាអាចយកឈ្នះអ្នកល្បីរបស់ថៃម្នាក់នេះបាន។
លន បញ្ញា បាននិយាយថា៖ «ដៃគូរបស់ខ្ញុំលើកនេះ គាត់ល្អខ្លាំង ព្រោះជាជើងខ្លាំង ដែលធ្លាប់ប្រកួតនៅសង្វៀន ONE និងសង្វៀនធំៗនៅស្រុកថៃ។ គាត់បានស្គាល់អស់ហើយ សម្រាប់ការប្រកួតធំៗ តែខ្ញុំក៏សប្បាយចិត្តខ្លាំង ដែលបានជួបអ្នកខ្លាំង ព្រោះវាអាចជាឱកាសសាងកេរ្តិ៍ឈ្មោះរបស់យើងដែរ ព្រោះ Petchdam ជាប្រភេទកីឡាករលំដាប់ខ្លាំង ជាន់ផ្អៀងនៅស្រុកថៃ ហើយខ្ញុំក៏មិននឹកស្មានថា បានជួបគាត់នោះដែរ»។
តាមរយៈការសិក្សា និងស្វែងយកពីបច្ចេកទេសប្រកួតរបស់ Petchdam មួយរយៈពេលនេះ លន បញ្ញា បានដឹងថា ជើងខ្លាំងរបស់ថៃម្នាក់នេះ ជាកីឡាករអាចវាយថយក៏បាន បុកក៏បាន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ Petchdam ជាកីឡាករជំនាញប្រើឆ្វេង គឺម៉ាត់ឆ្វេង កែងឆ្វេង និងទាត់ឆ្វេង ខណៈអាវុធវាយចេញរបស់គេ មានទម្ងន់ធ្ងន់ ដែលអាចនឹងមានការលំបាកក្នុងការទប់ទល់។
តែទោះយ៉ាងណា លន បញ្ញា បានបញ្ជាក់ថា៖ «ខ្ញុំរំពឹងត្រឹម ៥០ ភាគរយសិនបានហើយ ព្រោះគាត់ជាកីឡាករលំដាប់ស្រុកថៃ ហើយគាត់មកវ៉ៃនេះក៏មិនចង់ចាញ់នាំឱ្យខូចឈ្មោះ គឺគាត់ចង់ឈ្នះយើង ហើយយើងក៏ចង់ឈ្នះគាត់ដូចគ្នា ដោយខ្ញុំតាំងចិត្តថា នឹងខំប្រឹងធ្វើឱ្យបានល្អ ហេតុនេះសូមពុកម៉ែបងប្អូនចូលរួមគាំទ្រឱ្យបានច្រើន ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករគុនខ្មែររបស់យើង ហើយខ្ញុំប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យជម្នះជូនអ្នកគាំទ្រឱ្យបាន»។
មិនមែនមានតែ លន បញ្ញា ម្នាក់នោះទេ ដែលត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ ក្នុងកម្មវិធី Krud Kun Khmer: Reign of Kings នេះ ប៉ុន្តែសិស្សច្បងរបស់គេ ធន់ រិទ្ធី ក៏ត្រូវប្រកួតអំបោះឆៅដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ ក្នុងទម្ងន ៧៣ គីឡូក្រាម ជាមួយអ្នកប្រយុទ្ធមកពីអ៊ីរ៉ង់ Ali Yousef ផងដែរ ហើយ ធន់ រិទ្ធី បានអះអាងថា រូបគេបានត្រៀមខ្លួន ៥ សប្តាហ៍ហើយ ដើម្បីជួបរបស់ពិតម្នាក់នេះ។
ជាមួយគ្នាម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា និង ឡៅ ចិត្រា ត្រូវដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌជាមួយជើងខ្លាំងមកពីប្រទេសថៃដូចគ្នា ខណៈ គឹម វាសនា ត្រូវប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ជាមួយកីឡាករអ៊ីរ៉ង់ ម៉ារ៉ុក និងកីឡាករបារាំង ចំណែក ឡៅ ចន្ទ្រា ត្រូវប្រកួតសងសឹក Sammy Banchamek រីឯឡៅ សៃណាត ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាមួយ ឡុង ពិសិដ្ឋ ហើយកីឡាករជើងខ្លាំងមួយចំនួនទៀត ក៏ត្រូវដាក់ប្រកួតក្នុងកម្មវិធី Krud Kun Khmer: Reign of Kings នាថ្ងៃទី ៣០ និងទី ៣១ ខែមីនានេះផងដែរ៕