ភ្នំពេញៈ ជាកាសែតវ័យចំណាស់ ភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post) ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ជាកាសែតឯករាជ្យ ប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈបានយ៉ាងល្អ ព្រោះរាល់ព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រកាសែតនេះ សុទ្ធតែបានឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម។
កាសែតនេះបានចេញផ្សាយប្រចាំខែជាភាសាអង់គ្លេសតាំងពីឆ្នាំ ១៩៩២ និងបានបោះជំហានទៅមុខមួយកម្រិតទៀត ដោយមានការចេញផ្សាយជាប្រចាំថ្ងៃ ជាភាសាអង់គ្លេស នៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០០៨ ហើយនៅថ្ងៃទី ៩ ខែ៩ ឆ្នាំ ២០០៩ បានចេញផ្សាយជាភាសាខ្មែរប្រចាំថ្ងៃមួយទៀត ដើម្បីពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយទៅដល់មិត្តអ្នកអានទាំងខ្មែរនិងបរទេស។
ព័ត៌មានដ៏សម្បូរបែបត្រូវបានចុះផ្សាយជាប្រចាំថ្ងៃ នៅលើកាសែតភ្នំពេញប៉ុស្តិ៍ទាំង២ភាសា ហើយក្នុងនោះព័ត៌មានផ្នែកកីឡា ក៏ត្រូវបានពង្រីកវិសាលភាពការចុះផ្សាយលើកាសែតដ៏ចំណាស់មួយនេះផងដែរដោយផ្តោតទាំងទៅលើកីឡាជាតិ និងអន្តរជាតិ។ កាសែតនេះបានបង្កើតឱ្យមានសារព័ត៌មានកីឡាប្រចាំសប្តាហ៍ដាច់ដោយឡែកឈ្មោះថា «កីឡាថ្ងៃនេះ ឬ Sports Today» នាអំឡុងឆ្នាំ ២០១០។
រំឭកទៅដល់ការបង្កើតឱ្យមានជាសារព័ត៌មានកីឡានេះ លោក អ៊ឹង ចំរើន អតីតការីនិពន្ធព័ត៌មានកីឡារបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបង្ហាញមោទនភាពខ្លាំង ដែលលោកបានរួមចំណែកបង្កើតឱ្យមានទំព័រកីឡា «កីឡាថ្ងៃនេះ» ដើម្បីពង្រីកការផ្សព្វផ្សាយពីវិស័យកីឡានៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លោកអ៊ឹង ចំរើនបានលាឈប់ពីតួនាទីមួយនេះ នៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន លោកជានាយកប្រតិបត្តិសារព័ត៌មានឌីជីថល«ថ្មីៗ»។
លោក អ៊ឹង ចំរើន បានប្រាប់ថា៖ «តាមពិតទៅ មុនខ្ញុំចូលរួមជាមួយកាសែតភ្នំពេញប៉ុស្តិ៍ គឺកាសែតនេះមានមាតិកាកីឡារបស់ខ្លួនរួចទៅហើយ ប៉ុន្តែអ្វីដែលជាមោទនភាពបំផុតសម្រាប់ខ្ញុំនោះ គឺការចូលរួមបង្កើតសារព័ត៌មានកីឡាប្រចាំសប្តាហ៍មួយដាច់ដោយឡែក ក្នុងអំឡុងឆ្នាំ ២០១០ ព្រោះកីឡាថ្ងៃនេះ របស់ភ្នំពេញប៉ុស្តិ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាដោយកាលនោះ ការផ្សព្វផ្សាយកីឡានៅកម្ពុជាមិនទាន់ទូលំទូលាយ និងសម្បូរបែបដូចសព្វថ្ងៃនោះឡើយ»។
បើទោះបីជាមនុស្សមួយចំនួនគិតថា ផ្នែកកីឡាវាគ្រាន់តែជាព័ត៌មានបន្ទាប់បន្សំដើម្បីបង្គ្រប់ទំព័រនៅកាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែក្រុមការងារកីឡារបស់ស្ថាប័នមួយបានប្រឹងប្រែងខ្លាំង ក្នុងការបង្កើតមាតិកាល្អៗ ដែលបានឆ្លុះបញ្ជាំងពីភាពស៊ីជម្រៅនៅក្នុងវិស័យកីឡា ហើយគ្រប់ព្រឹត្តិការណ៍សំខាន់ៗ សុទ្ធតែត្រូវបានចុះផ្សាយ នៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ បើទោះបីជាពេលខ្លះ ត្រូវចំណាយពេលរង់ចាំរហូតដល់ម៉ោង ១ យប់ក្នុងការផលិតអត្ថបទឱ្យបានគ្រប់ជ្រុងជ្រោយក៏ដោយ។
មិនតែប៉ុណ្ណោះ ក្រុមការងារកីឡារបស់ភ្នំពេញប៉ុស្តិ៍ មានទាំងអ្នកយកព័ត៌មាន និងអ្នកថតរូបតែងតែបានចុះយកព័ត៌មានផ្ទាល់ សម្ភាសផ្ទាល់ ថតរូបផ្ទាល់ នៅស្ទើរគ្រប់ព្រឹត្តិការណ៍កីឡា ដោយផ្តោតសំខាន់មុនគេ លើវិស័យកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ ហើយជាបន្តបន្ទាប់មកទៀត ភ្នំពេញប៉ុស្តិ៍ បានពង្រីកការចុះផ្សាយគ្រប់ប្រភេទកីឡាទាំងអស់ ធ្វើឱ្យមជ្ឈដ្ឋានទូទៅបានស្គាល់កាន់តែច្បាស់ពីភ្នំពេញប៉ុស្តិ៍ ដែលបានឆ្លុះបញ្ចាំងពីតថភាពពិតនៃវិស័យកីឡានៅកម្ពុជា។
បើទោះបីជាក្នុងរយៈពេលជាង ១០ ឆ្នាំមុន វិស័យកីឡា មិនទាន់ទទួលបានការគាំទ្រខ្លាំង ព្រោះការប្រកួតភាគច្រើន ត្រូវបានរៀបចំឡើងដោយមិនសូវមានអ្នកទស្សនា ប៉ុន្តែក្រុមការងារកីឡារបស់កាសែតភ្នំពេញប៉ុស្តិ៍ តែងតែស្ថិតនៅជាប់ជាមួយព្រឹត្តិការណ៍ទាំងអស់នោះ ដើម្បីប្រមែប្រមូលបាននូវសាច់រឿងពិត ហេតុការណ៍ពិត និងអារម្មណ៍ពិត របស់ប្រភព ដែលស្ថិតនៅទីនោះផ្ទាល់ និងភាគីពាក់ព័ន្ធ ហេតុនេះរាល់ព័ត៌មានកីឡាដែលបានចុះផ្សាយនៅភ្នំពេញប៉ុស្តិ៍ តែងតែទទួលបានការជឿទុកចិត្តពីមិត្តអ្នកអាន។
លោក អ៊ឹង ចំរើន បន្ថែមថា៖ «ភ្នំពេញប៉ុស្តិ៍ ជាកាសែតមួយដែលផ្តល់តម្លៃលើព័ត៌មានកីឡា ហើយក្រៅពីព័ត៌មានកីឡាប្រចាំថ្ងៃ ភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ និងភាសាអង់គ្លេស ក៏ដូចជា Sports Today បានផ្សព្វផ្សាយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់អំពីប្រវត្តិកីឡា ប្រវត្តិអត្តពលិកជាតិ និងអន្តរជាតិ ច្បាប់ល្បែង កម្មវិធីប្រកួត ក៏ដូចជាចំណេះដឹងផ្សេងៗអំពីកីឡា»។
លោកបញ្ជាក់ថា៖«បើនិយាយពីកម្មវិធីបាល់ទាត់ និងប្រដាល់ យើងផ្សព្វផ្សាយព័ត៌មានដ៏ស៊ីជម្រៅអំពីសមាសភាពកីឡាករ កម្មវិធីប្រកួតតាមដានការប្រកួតផ្ទាល់និងបទសម្ភាសន៍ក្រោយ ការប្រកួត។ យើងបានសហការជាមួយបណ្តាស្ថានីយទូរទស្សន៍ សម្រាប់ការចុះផ្សាយកម្មវិធីប្រកួតកីឡាប្រដាល់ប្រចាំថ្ងៃនៅចុងសប្តាហ៍មុនគេ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់មិត្តអ្នកអាន ហើយយើងមានទំនាក់ទំនងយ៉ាងល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្តាសហព័ន្ធ និងក្លិបកីឡានានា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា»។
ក្រៅពីបានរួមចំណែកផ្សព្វផ្សាយក៏ដូចជាលើកកម្ពស់វិស័យកីឡា នៅក្នុងស្រុក ក្រុមកីឡារបស់ភ្នំពេញប៉ុស្តិ៍ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សាយពីព័ត៌មានកីឡា ដែលទាក់ទងទៅនឹងក្រុមជម្រើសជាតិនៃប្រភេទកីឡានីមួយៗដែលបានត្រៀមខ្លួន និងចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជាពិសេសការប្រកួតស៊ីហ្គេម ដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង។
នៅរាល់ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ភ្នំពេញប៉ុស្តិ៍ បានតាមដានយ៉ាងដិតដល់ ក្នុងការប្រមែប្រមូលបាននូវធាតុផ្សំនិងប្រភពគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតបានជាអត្ថបទដ៏ត្រឹមត្រូវ និងបង្ហាញឱ្យឃើញពីស្ថានភាពពិត ដែលទទួលបានទំនុកចិត្តពីអ្នកអាន ព្រមទាំងថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី និងភាគីពាក់ព័ន្ធ ជាតំណាងឱ្យក្លិប សហព័ន្ធនិងស្ថាប័នកីឡាផ្សេងៗ។ទន្ទឹមនឹងនេះ នៅពេលអត្តពលិកកម្ពុជា ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពានរង្វាន់ពីការប្រកួតនៅលើឆាកអន្តរជាតិ គឺភ្នំពេញប៉ុស្តិ៍ តែងតែបានបង្ហាញពីមោទនភាពជាមួយសមិទ្ធផលទាំងនោះ តាមរយៈការចុះផ្សាយ នៅលើទំព័រកាសែត និងបណ្តាញសង្គមផ្សេងៗរបស់ខ្លួន ដើម្បីចែករំលែកភាពជោគជ័យទាំងអស់នេះ ទៅដល់ប្រជាជនកម្ពុជា និងមិត្តអ្នកអានទាំងខ្មែរ និងបរទេស។
ជាក់ស្តែង នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ជាប្រវត្តិ សាស្ត្រ ជាលើកដំបូង កន្លងមកនេះ ភ្នំពេញប៉ុស្តិ៍ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានស៊ីជម្រៅ តាំងពីការត្រៀមខ្លួន៤ឆ្នាំមុន រហូតដល់ការប្រកួតបានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់បំផុត។
ជាមួយគ្នានេះអ្នកថតរូបរបស់ភ្នំពេញប៉ុស្តិ៍ ក៏បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការថតយករូបភាពល្អៗទាំងនៅក្នុងពិធីបើក-បិទ និងសកម្មភាពប្រកួតនៃប្រភេទកីឡាផ្សេងៗដើម្បីរំលេចចេញនូវទស្សនីយភាពដ៏អស្ចារ្យដែលបានឆ្លុះបញ្ចាំងពីមោទនភាពកិត្យានុភាព និងជោគជ័យដ៏ឧត្តុង្គឧត្តមរបស់ម្ចាស់ផ្ទះកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានយ៉ាងល្អបំផុត និងបានទទួលការសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
តាមរយៈការចូលរួមចំណែកផ្សព្វផ្សាយពីវិស័យកីឡា តាំងពីឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្ន ជាពិសេសពីអំឡុងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ព័ត៌មានកីឡារបស់ភ្នំពេញប៉ុស្តិ៍ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចាត់ទុកថា ជាផ្នែកមួយយ៉ាងសំខាន់ ដែលបានរួមចំណែកផ្សព្វផ្សាយពីចលនាកីឡាអូឡាំពិកជាតិព្រោះគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (IOC) បានយកព័ត៌មានកីឡារបស់ភ្នំពេញប៉ុស្តិ៍ ជាផ្នែកមួយ ដែលឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃចលនាកីឡាអូឡាំពិកនៅកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «យើងសូមអរគុណដល់កាសែតភ្នំពេញប៉ុស្តិ៍ ព្រោះចាប់តាំងពី NOCC បានធ្វើកំណែទម្រង់ ពីឆ្នាំ ២០០៩ មក គឺកាសែតនេះ បានរួមចំណែកច្រើនណាស់ ជាពិសេសបានគ្របដណ្តប់ព័ត៌មានកីឡាអូឡាំពិក និងការងាររបស់អូឡាំពិកបានច្រើន និងធ្វើឱ្យមតិមហាជន មានការកោតសរសើរ ព្រោះទំព័រកីឡារបស់ភ្នំពេញប៉ុស្តិ៍ដែលបោះជាកាសែតនោះមានការជ្រួតជ្រាប និងល្បីល្បាញ អាចជាការរួមចំណែកមួយក្នុងការអភិវឌ្ឍចលនាអូឡាំពិក នៅកម្ពុជា»។
លោកបានបន្ថែមថា៖ «យើងដឹងហើយថា កាសែតភ្នំពេញប៉ុស្តិ៍ បានទាំងភាសាខ្មែរ និងអង់គ្លេស អ៊ីចឹងភាសាអង់គ្លេសហ្នឹង ត្រូវបានចលនាអូឡាំពិកអន្តរជាតិយកជាព័ត៌មានផ្លូវការមួយពីចលនាអូឡាំពិករបស់កម្ពុជា គឺពីមុនមកមានសារៈសំខាន់ណាស់ អ៊ីចឹងពេលយើងជួបថ្នាក់ដឹកនាំចលនាអូឡាំពិកអន្តរជាតិ នៅក្នុងកិច្ចប្រជុំ គាត់តែងប្រាប់យើងថា គាត់បានតាមដានការងាររបស់ NOCC តាមរយៈភ្នំពេញប៉ុស្តិ៍ ហើយយើងក៏មានយកព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ មកដាក់នៅលើវេបសាយរបស់យើងដែរ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានទទូចសុំឱ្យភ្នំពេញប៉ុស្តិ៍ នៅតែបន្តការចុះផ្សាយព័ត៌មានកីឡានៅកម្ពុជាឱ្យកាន់តែផុសផុល បើទោះបីជាស្ថាប័ននេះ លែងមានការបោះពុម្ពជាកាសែត ដោយផ្តោតតែលើអនឡាញវិញក្តី។ លោកបញ្ជាក់ថា៖«យើងសង្ឃឹមថា ថ្នាក់ដឹកនាំរបស់ភ្នំពេញប៉ុស្តិ៍ នឹងបន្តការងារតាមអនឡាញកាន់តែល្អថែមទៀត គឺមានអត្ថបទ និងសាច់រឿងល្អៗ ព្រមទាំងមានការយកចិត្តទុកដាក់ចុះផ្សាយព័ត៌មានកីឡារបស់យើងឱ្យបានច្រើនថែមទៀត»។
ក្រៅពីបានចូលរួមចំណែកផ្សព្វផ្សាយពីវិស័យកីឡានៅកម្ពុជា រហូតមានការទទួលស្គាល់ពី NOCC និង IOC នោះ អត្ថបទកីឡារបស់ភ្នំពេញប៉ុស្តិ៍ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការផ្តល់នូវចំណេះដឹងដល់អ្នកយកព័ត៌មានកីឡាជំនាន់ក្រោយ អាចរៀនសូត្រ ដើម្បីដកស្រង់យកចំណុចល្អៗ ទៅពង្រឹងជំនាញនៃការសរសេរអត្ថបទកីឡារបស់ពួកគេឱ្យបានកាន់តែល្អប្រសើរផងដែរ។
អតីតអ្នកយកព័ត៌មានកីឡារបស់វេបសាយ Sabay លោក អ៊ុំ សុភក្តិ ដែលគេស្គាល់ថា ជាអ្នកអត្ថាធិប្បាយកីឡាបាល់ទះដ៏មានប្រជាប្រិយ នាពេលបច្ចុប្បន្ន ដោយមានឈ្មោះហៅក្រៅថា DUKU នោះ បាននិយាយថា៖ «ភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយគ្រប់ប្រភេទកីឡា ហើយការសរសេររបស់គាត់ល្អ គឺសរសេរវែងៗ មានព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ ក្បោះក្បាយ និងមានប្រភពត្រឹមត្រូវ អាចជឿទុកចិត្តបាន»។
ពិធីករបាល់ទះរូបនេះ បានបន្ថែមថា៖ «ខ្ញុំ និងមិត្តភក្តិ ធ្លាប់បានអានព័ត៌មានកីឡារបស់ភ្នំពេញប៉ុស្តិ៍ ហើយខ្ញុំធ្លាប់បានរៀនសូត្រ និងដកស្រង់យកចំណុចល្អៗរបស់កាសែតនេះទៅពង្រឹងជំនាញសរសេររបស់ខ្ញុំ ទាំងរបៀបនៃការចាប់ជ្រុង ស្ទីលនៃការសរសេរ ក៏ដូចជាការប្រើប្រាស់ឃ្លាឃ្លោងនៅក្នុងសាច់រឿង។ អ៊ីចឹងខ្ញុំគិតថា ប្អូនៗ ដែលទើបតែរៀនសរសេរកាសែត អាចយកភ្នំពេញប៉ុស្តិ៍ជាគោលបាន ហើយអ្នកដែលមានអាជីពហ្នឹងយូរឆ្នាំ ក៏អាចមើលដូចគ្នា ព្រោះភ្នំពេញប៉ុស្តិ៍ ជាកាសែតចំណាស់មួយ ដែលប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ នូវរាល់ការចុះផ្សាយរបស់ខ្លួន»៕