ភ្នំពេញ៖ ទោះបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹកទៅហើយក្តី ប៉ុន្តែលោកគ្រូ ភុំ សារ៉ាយ នៅតែអាចឆក់បានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ តាមរយៈការប្រើក្បាច់ពិសេសៗ ក្នុងការយកឈ្នះលើគូប្រកួត ចំពោះការបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនមួយរយៈពេលចុងក្រោយនេះ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅ លោកក៏បានប្រើជំនាញពិសេសទាំងនេះ យកឈ្នះកីឡាករឡាវផងដែរ ប៉ុន្តែអ្នកប្រយុទ្ធបារាំង Adam Noi បានបង្ហាញការមិនយល់ស្របឡើយ ចំពោះការកាត់សេចក្តីឱ្យស្មើពិន្ទុជាមួយ ចាន់ ប៊ុនហឿន។
តាមរយៈការប្រកួត ក្នុងព្រឹត្តិការណ៍ Cambodian Kun Khmer KKIF ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២ ខែមីនា កន្លងទៅ បុរសវ័យ៤០ឆ្នាំ ភុំ សារ៉ាយ ត្រូវបានដាក់ឱ្យប្រកួតជាមួយកីឡាករវ័យ២១ឆ្នាំរបស់ឡាវ Sornchai Madamchara ក្នុងទម្ងន់៦០គីឡូក្រាម ហើយការប្រកួតនេះ ភុំ សារ៉ាយ បានបង្ហាញសមត្ថភាពយ៉ាងល្អទាំងចលនាវាយចេញ និងភាពរឹងមាំ។
អ្វីដែលដែលកាន់តែធ្វើឱ្យអ្នកគាំទ្រជក់ចិត្តបំផុតនោះ គឺ ភុំ សារ៉ាយ បានប្រើក្បាច់ពិសេសៗ រួមមានការប្រើជង្គង់ហោះ ការទាត់សំដៅកញ្ចឹងក និងផ្ទៃមុខ ជាពិសេសក្បាច់លោតទាត់លើវេហាសំដៅទៅលើកញ្ចឹងកគូប្រកួត ចំណែកកណ្តាប់ដៃ និងការទាត់ក្រោមរបស់គាត់ ក៏នៅតែមានប្រសិទ្ធភាពល្អផងដែរ ដែលធ្វើឱ្យកីឡាករ Sornchai ទទួលរងការលំបាកច្រើន និងបានញញឹមទទួលយកការប្រកាសឱ្យចាញ់ពិន្ទុ ភុំ សារ៉ាយ ដោយអស់ចិត្ត។
ជាមួយការដណ្តើមបានជ័យជម្នះជាមួយការប្រើក្បាច់ពិសេសៗនេះ ភុំ សារ៉ាយ បានទទួលការកោតសរសើរខ្លាំងពីអ្នកគាំទ្រ ចំណែកលោក ស្រី ចាន់ថន ស្ថាបនិកបង្កើតព្រឹត្តិការណ៍ Cambodian Kun Khmer KKIF និងជាប្រធានក្លិប Kun Khmer International Fight Gym (KKIF) ក៏បានសរសើរដល់ ភុំ សារ៉ាយដែរ។
លោកបង្ហោះសារអបអរជាមួយរូបភាពនៃការលោតទាត់លើវេហាសំដៅទៅលើកញ្ចឹងកគូប្រកួតរបស់ភុំ សារ៉ាយ បែបនេះថា៖ «អបអរសាទរលោកគ្រូ ភុំ សារ៉ាយ ដែលបានយកឈ្នះកីឡាករឡាវ សនឆៃ ដោយបញ្ចេញក្បាច់គុនខ្មែរដ៏ពិសេស»។
ផ្ទុយពីនេះកីឡាករជើងខ្លាំងរបស់បារាំង Adam Noi នៅតែបានចាត់ទុកថា រូបគេជាអ្នកឈ្នះ បើទោះបីជាចៅក្រមទាំង៥នាក់ បានសម្រេចឱ្យស្មើពិន្ទុជាមួយអ្នកប្រដាល់ ចាន់ ប៊ុនហឿន សម្រាប់ការប្រកួត ក្នុងព្រឹត្តិការណ៍ Cambodian Kun Khmer KKIF កាលពីយប់ថ្ងៃសៅរ៍នោះក៏ដោយ ខណៈការប្រកួតរបស់អ្នកទាំង២នេះ មានភាពស្វិតស្វាញខ្លាំង ដោយពួកគេ បានវាយបកសងគ្នា៣ទឹកពេញ។
Adam Noi បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំឈ្នះទាំង៣ទឹក ហើយដូចអ្នកទាំងអស់គ្នាឃើញហើយពីអ្វីដែលខ្ញុំបានបង្ហាញ សម្រាប់ការប្រកួតនេះ ប៉ុន្តែមិនជាអ្វីទេ ព្រោះខ្ញុំបានធ្វើបានល្អរួចហើយ។ខ្ញុំអាចនឹងមកប្រកួតនៅកម្ពុជាម្តងទៀត ប៉ុន្តែខ្ញុំមិនចាំបាច់ជួប ចាន់ ប៊ុនហឿន ម្តងទៀតទេ ព្រោះតាមរយៈការប្រកួតនេះ ខ្ញុំបានឈ្នះគាត់រួចទៅហើយ តែដោយសារខ្ញុំមិនអាចផ្តួលគាត់ឱ្យសន្លប់ ទើបបានលទ្ធផលស្មើគ្នា»។
យ៉ាងណាក៏ដោយ Adam Noi បានសរសើរពីទឹកចិត្តប្រកួតរបស់ ចាន់ ប៊ុនហឿន ថាជាកីឡាករល្អម្នាក់ ដែលមានភាពអំណត់ខ្លាំង សមជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ ហើយកីឡាករបារាំងម្នាក់នេះ បានព្យាករថា ប៊ុនហឿន នឹងអាចក្លាយជាម្ចាស់ខ្សែក្រវាត់ដ៏ធំមួយ នាថ្ងៃអនាគតឱ្យតែគេខំប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែល្អ។
នៅយប់ថ្ងៃសៅរ៍នោះដែរ ម្ចាស់មេដាយមាស ឡៅ ចិត្រា បានដេញវ៉ៃកីឡាករអ៊ីរ៉ង់ Ehsan Khorshidvand ពេញសង្វៀន។ បើទោះបីជាដៃគូម្នាក់នេះ មានភាពរឹងមាំ និងមានក្បាច់វាយសងបានល្អ ពិសេសកណ្តាប់ដៃក៏ដោយ ប៉ុន្តែ ចិត្រា បានគ្រប់គ្រងការប្រកួតយ៉ាងល្អ ហើយក៏បានវាយកែងបណ្តាលឱ្យ Ehsan បែក និងត្រូវបានអាជ្ញាកណ្តាលរាប់នៅទឹកទី៣ផងដែរ មុនពេលប្រកាសឱ្យឈ្នះពិន្ទុ។ ចំណែក ឡេង ប៉ុនម៉ៅបានវាយកែង និងម៉ាត់កីឡាករម៉ារ៉ុក កាណាន់ បៃរ៉ាម៉ូវី ឱ្យសន្លប់ត្រឹមទឹកទី១ប៉ុណ្ណោះ៕