ភ្នំពេញ៖ កីឡាករជើងខ្លាំងជាម្ចាស់​មេដាយមាសស៊ីហ្គេម ឡៅ ចន្ទ្រា រួមទាំង​ ឡុង ពិសិដ្ឋ, អ៊ូច ធារិទ្ធ និង គឹម វាសនា សុទ្ធតែ​បានប្រើ​បច្ចេកទេស​វាយ​ឱ្យ​អ្នក​ប្រដាល់​បរទេស​​ចាញ់​ដោយ​សន្លប់ សម្រាប់ការបង្ហាញ​ខ្លួន​រួម​គ្នា ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀន​ប្រដាល់​ទទក នៅ​លើ​ទឹក​ដី​ខេត្ត​ព្រៃវែង ចំណែក​ ធន់ រិទ្ធី មិនអាច​ប្រើកណ្តាប់​ដៃ​ដ៏​ធ្ងន់​របស់​គេ ដើម្បី​ផ្តួល​កីឡាករ​អ៊ីរ៉ង់ Keivan បាន​ឡើយ។

សម្រាប់ការ​ប្រកួត កាលពី​យប់​ថ្ងៃទី ៣ ខែមីនា​នេះ ឡៅ ចន្ទ្រា និង គឹម វាសនា បាន​វ៉ៃ​គូ​ប្រកួត​ឱ្យ​សន្លប់​ នៅ​ក្នុងទឹកទី​១​ ដូចគ្នា។ ចន្ទ្រា ​បានប្រើ​ទម្ងន់​ជើងដ៏​ធ្ងន់របស់គេ ទាត់​​ឱ្យ​កីឡាករអ៊ីរ៉ង់ Dashangi រាប់​ចំនួន​២​លើក ហើយ​នៅពេលដៃគូ​ម្នាក់​នេះ ជម្នះ​​ចូល​​ម៉ាត់​សង​វិញ​នោះ ចន្ទ្រា បាន​គេច​យ៉ាងរហ័ស រួច​ច្រាស​កែងឆ្វេង​ចូល​ផ្ទៃ​មុខ​ពេញ​ទំហឹង និង​ថែម​​ ១​ ជង្គង់​ទៀត​នាំ​ឱ្យ ​Dashangi ដួល​ដេក​ចុក​រមួល ហើយ​ត្រូវបានអាជ្ញាកណ្តាល​បញ្ឈប់ការ​ប្រកួត នៅ​ចុង​ទឹក​ទី១ នេះ​តែម្តង។

ជាមួយការ​វាយកែងឆ្វេងដ៏​មានប្រសិទ្ធភាព​របស់ ឡៅ ចន្ទ្រា នេះ បាន​ធ្វើឱ្យ​កីឡាករ​អ៊ីរ៉ង់ ​Dashangi បែក​ក្រោម​ផ្នែកខាងស្តាំយ៉ាង​ធំ ហើយ​ត្រូវបាន​គ្រូពេទ្យ​ដេរ​អស់​ ១២ ថ្នេរ។ ចំណែក​ការ​ប្រកួត​វ៉ៃអំបោះ​ឆៅ​វិញ គឹម វាសនា បាន​ម៉ាត់​កីឡាករតួកគី Semet Omer ឱ្យ​ដួល​សន្លប់​នៅ​ចុងទឹកទី​១ បន្ទាប់ពី​រូបគេ​បាន​វ៉ៃដៃគូ​ម្នាក់នេះ​ឱ្យ​ដួល​ទាំង​វង្វេង និង​ត្រូវ​បាន​​អាជ្ញា​កណ្តាល​​រាប់​ ១ ​លើក នៅពាក់កណ្តាល​ទឹក​នោះ។

ដោយឡែក​សម្រាប់ការ​ប្រកួត​ជម្រុះ​ដណ្តើមខ្សែក្រវាត់ទម្ងន់ ៥១​ គីឡូក្រាម​វិញ ម្ចាស់​មេដាយ​​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ឡុង ពិសិដ្ឋ បាន​​ផ្តួល​កីឡាករ​ថៃ Arpithan Poryuthphum ឱ្យ​សន្លប់ នៅក្នុងទឹក​ទី​៣ តាម​រយៈការ​វាយកែងឆ្វេង​បាន​យ៉ាង​ល្អបំផុត ហើយនៅ​ក្នុងទឹក​នេះដែរ ពិសិដ្ឋ ក៏បាន​បុកកែង និង​ម៉ាត់​ឱ្យ​កីឡាករ Arpithan ដួល​ទាំងវង្វេង និងត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ចំនួន​២លើក។

ចំណែកការ​ប្រកួត​ជម្រុះ​ដណ្តើមខ្សែ​ក្រវាត់ទម្ងន់ ​​៥៧ គីឡូ​ក្រាម​វិញ កីឡាករ​មាន​ជំនាញ​ទាំង​​​ប្រដាល់​សកល និងគុនខ្មែរ អ៊ូច ធារិទ្ធ បាន​ចំណាយថាមពល និង​បច្ចេក​ទេស​អស់​ពី​ខ្លួន ដើម្បី​ផ្តួល​កីឡាករ​ថៃ Pitpiyak បោះបង់ការ​ប្រកួត​នៅទឹក​ទី​៤ តាម​រយៈ​ការ​ទាត់​ឱ្យ​ខូចជើង​ឆ្វេង​ដួល​​ក្រោក​លែង​រួច។

ផ្ទុយពី​នេះ ការ​វ៉ៃអំបោះ​ឆៅ​រវាង​អ្នកលេង​កណ្តាប់ដៃ ធន់ រិទ្ធី និង​កីឡាករ​អ៊ីរ៉ង់ Keivan ពិតជា​ទទួល​បាន​ការ​គាំទ្រខ្លាំង ព្រោះអ្នកទាំង​២នេះ បាន​វាយប្តូរ​កណ្តាប់​ដៃ​៣ទឹក​ពេញ និង​ចំគោល​ដៅបានល្អដូចគ្នា ប៉ុន្តែ​ទាំង រិទ្ធី និង Keivan ពិតជា​មាន​ភាពស៊ូខ្លាំង ដែលមិនបាន​បង្ហាញ​​ភាពថមថយ​ដូចគ្នា ហើយនៅ​ចុង​បញ្ចប់​ពួកគេ បានត្រឹមសរសើរ​គ្នា​ទៅវិញ​ទៅមក ក្រោយ​​​​ប្រកាស​ឱ្យស្មើ​ពិន្ទុ ខណៈ Keivan ក៏​ធ្លាប់បាន​ប្រកួតស្មើ​ជាមួយ​អ្នកប្រយុទ្ធ​របស់​ថៃ សៃយុគ ដូច ធន់ រិទ្ធី ផងដែរ៕