ភ្នំពេញ៖ គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi បានចាត់ទុកការដណ្តើមបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះវិសាខា កាលពីយប់ថ្ងៃអាទិត្យថា ជាការរក្សាបាននូវក្តីសង្ឃឹមចំពោះក្រុមសិង្ហក្រហម ក្នុងការបោះជំហានទៅដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរនៅលើកំពូលតារាងស្រាប់ ប៉ុន្តែជ័យជម្នះរបស់ភ្នំពេញក្រោន បានធ្វើឱ្យ វិសាខា ស្ទើរអស់ឱកាសទាំងស្រុងទៅហើយ ក្នុងការប្រជែងយកតំណែងជើងឯក នារដូវកាលនេះ។
តាមរយៈក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយ ក្រោយការប្រកួតថា៖ «អរគុណអ្នកទាំងអស់គ្នា ដែលបានមកគាំទ្រពួកយើង ហើយនេះជាក្តីសង្ឃឹមរបស់យើងក្នុងការដណ្តើមពានរង្វាន់។ គ្រប់ការប្រកួតទាំងអស់ វាដូចជាវគ្គផ្តាច់ព្រ័ត្រ យើងលេងបានយ៉ាងល្អក្នុងការប្រកួតនេះ តែយើងក៏ត្រូវការសំណាងជាមួយគ្នាផងដែរ ជាពិសេសនៅវគ្គទី២ ពួកគេ (វិសាខា) ចាប់ផ្តើមដាក់សម្ពាធខ្លាំង ដូច្នេះវាមិនងាយស្រួលទេសម្រាប់យើង»។
តាមរយៈការប្រកួត នៅកីឡដ្ឋានព្រីនស៍ កាលពីយប់ថ្ងៃទី៣ ខែមីនានោះ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ និង ប្រាក់ ធីវ៉ា បានរួមគ្នារកបាន ២ គ្រាប់ឱ្យក្រុមភ្នំពេញក្រោន ដោយប្រើពេលត្រឹម ៣ នាទី ពោលគឺ ប្រាក់ ធីវ៉ា បានតែតបាល់បញ្ជូលទី នៅនាទីទី២៦ ហើយ ពិសុទ្ធ បានបន្ថែម ១គ្រាប់ទៀត នៅនាទីទី២៩ ហើយនៅនាទីទី៦៩ ពិសុទ្ធ រកបាន ១ គ្រាប់ទៀត ដើម្បីជួយឱ្យ ភ្នំពេញក្រោន យកឈ្នះក្រុមវិសាខា ៣-១ ខណៈ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Youssef Ezzejjari នៅនាទីទី៩០។
លោក Oleg បានបន្ថែមថា៖ «ក្រុមទាំង២មានកីឡាករ និងក្រុមការងារល្អ ដូច្នេះការប្រកួតរបៀបនេះ គឺយើងត្រូវតែធ្វើយ៉ាងណាក្នុងការគ្រប់គ្រងវា ដោយមិនត្រូវឱ្យពួកគេមានចន្លោះលេងច្រើននោះទេ។ ខ្ញុំរីករាយដែល ពិសុទ្ធ រកបាន ២គ្រាប់ ហើយគេក៏មានការគាំទ្រខ្លាំងពីមិត្តរួមក្រុមផងដែរ»។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា៖ «លឹម ពិសុទ្ធ ជាកីឡាករល្អម្នាក់ ដែលអាចរកគ្រាប់បាននៅពេលដែលគេទទួលបាល់ ហើយ ប្រាក់ ធីវ៉ា ក៏ដូចគ្នា។ យើងរកគ្រាប់បាល់បាននៅពេលដែលយើងមានឱកាសម្តងៗ ដែលមើលទៅដូចជាងាយស្រួល តែតាមពិតវាមិនដូច្នេះទេ។ ខ្ញុំមិនគិតថា យើងមានឱកាសច្រើននោះទេ ប៉ុន្តែយើងអាចបង្កើតឱកាសទាំងនោះឱ្យមានគ្រាប់បាល់បាន»។
ជាមួយការដណ្តើមបាន ៣ពិន្ទុពីក្រុមវិសាខានេះ បានជួយឱ្យក្រុមភ្នំពេញក្រោន នៅតែមានគម្លាតពិន្ទុតិចជាងក្រុមព្រះខ័នរាជស្វាយរៀង ៧ ពិន្ទុដដែល គឺ ៥៩ ទល់នឹង ៥២ ពិន្ទុ។ មានន័យថា ពួកគេនៅមានឱកាសច្រើនក្នុងការប្រជែងយកពាន ព្រោះការប្រកួតដំណាក់កាលទី ៣ នៅសល់ ៤ ប្រកួតទៀត ទើបឈានទៅដល់ការប្រកួតដំណាក់កាលទី ៤ ចុងក្រោយរវាងក្រុមឈរនៅតំបន់កំពូលតារាងទាំង ៤ (Top4) ដែលមាន ៣ ប្រកួត ហេតុនេះបើ ភ្នំពេញក្រោន ធ្វើបានល្អ នៅក្នុងការប្រកួតអស់នេះ ជាពិសេសអាចយកឈ្នះក្រុមស្វាយរៀង គឺឱកាសលើកពាន នៅតែមានចំពោះពួកគេ។
ផ្ទុយពីនេះក្រុមវិសាខា ដែលកំពុងឈរនៅលេខ៣ ដោយមាន ៣៨ពិន្ទុដដែលនោះ ស្ទើរតែអស់ឱកាសទាំងស្រុងទៅហើយ ក្នុងការប្រជែងយកពាន ព្រោះគិតត្រឹមការប្រកួតលើកទី២៣នេះ ពួកគេមានពិន្ទុតិចជាងក្រុមឈរនៅលេខ១ ស្វាយរៀង រហូតដល់ ២១ពិន្ទុ ហេតុនេះបើទោះបីជា វិសាខា អាចឈ្នះទាំង ៧ប្រកួតចុងក្រោយ ស្មើ ២១ពិន្ទុ ក៏មិនអាចមានឱកាសលើកពាននោះដែរ ព្រោះគេមិនជឿថា ក្រុមស្វាយរៀង ចាញ់ទាំង ៧ប្រកួតចុងក្រោយ ហើយក្រុមភ្នំពេញក្រោន មិនអាចរកបានជ័យជម្នះបន្ថែមនោះទេ។
ចំណែកការប្រកួត កាលពីថ្ងៃអាទិត្យនោះដែរ ក្រុមម្ចាស់ផ្ទះបឹងកេត បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១ ដើម្បីបន្តឈរនៅលេខ៤ ដោយមាន ៣៤ពិន្ទុ រីឯក្រុម ISI ដង្កោសែនជ័យ ក៏បានយកឈ្នះក្រុមណាហ្គាវើលដ៍ ២-០ នៅលើទឹកដីខ្លួនឯង ដើម្បីបាន ៣៤ស្មើជាមួយ បឹងកេត ដដែល ហេតុនេះការប្រកួតប្រជែង ដើម្បីបានទៅលេងនៅ Top4 នៅតែមានភាពតានតឹងខ្លាំង ព្រោះក្រុមកងយោធពលខេមរភូមិន្ទ ដែលមាន ២៧ពិន្ទុ ក៏នៅមានឱកាសប្រជែងយកទីតាំងនេះដូចគ្នា៕