ភ្នំពេញ៖ អតីតកីឡាការិនីជម្រើសជាតិបាល់ទាត់របស់អាមេរិក គឺម្ចាស់អាវលេខ១៥ Joanna Lohman និងមិត្តរួមអាជីពរបស់នាង Kacey White បានធ្វើដំណើរមកទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅកម្ពុជា ហើយក៏ជាពេល ដែលអ្នកទាំង២ ត្រូវចូលរួមចែករំលែកពីបទពិសោធន៍នៃការលេងបាល់ និងបំណិនជីវិតល្អៗ ដល់យុវតី និងយុវជនកម្ពុជា ដើម្បីអភិវឌ្ឍជំនាញកីឡាបាល់ទាត់របស់ពួកគេឱ្យបានកាន់តែប្រសើរឡើង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នាថ្ងៃទី៤ ខែមីនានេះ បានឱ្យដឹងថា Joanna Lohman និង Kacey White មកធ្វើទស្សនកិច្ចនៅកម្ពុជា តាមរយៈកម្មវិធីបេសកជនកីឡា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែមីនានេះ។
អតីតតារាបាល់ទាត់របស់អាមេរិកទាំង២រូបនេះ នឹងធ្វើការប្រស្រ័យជាមួយយុវតីកម្ពុជា និងយុវជនដទៃទៀត ដើម្បីលើកទឹកចិត្តពួកគេ ក្នុងការអភិវឌ្ឍជំនាញកីឡាបាល់ទាត់របស់គេ ហើយលើកកម្ពស់វិស័យកីឡា ដែលមានប្រជាប្រិយបំផុតនេះ ក្នុងចំណោមកីឡាក្នុងពិភពលោក។
ស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «សកម្មភាពរបស់ Joanna Lohman និង Kacey White ជាមួយកីឡាករ កីឡាការិនីដែលមានក្តីស្រមៃខ្ពស់ ផ្តោតលើការងារជាក្រុម ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ការកសាងការទុកចិត្តលើខ្លួនឯង និងមេរៀនដទៃទៀត ដែលគេអាចរៀនសូត្រតាមរយៈការលេងបាល់ទាត់»។
តាមកម្មវិធីដែលបានដាក់ចេញ គឺអតីតកីឡាការិនីជម្រើសជាតិអាមេរិក Joanna Lohman និង Kacey White នឹងត្រូវចូលរួមក្នុងសកម្មភាពនានានាសប្តាហ៍នេះ នៅខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅខេត្តកំពង់ឆ្នាំង អ្នកទាំង២ នឹងបង្ហាត់បង្ហាញ ពីបទពិសោសធន៍ និងបច្ចេកទេសលេងបាល់ទាត់ជាមួយក្លិបកីឡាផ្កាឈូក ហើយនៅខេត្តសៀមរាប ពួកគាត់នឹងបង្ហាត់បង្ហាញហើយប្រស្រ័យជាមួយកុមារ ដោយសហការជាមួយអង្គការ Kids Play International។
ទន្ទឹមនឹងនេះ ដើម្បីរំឭកដល់ទិវានារីអន្តរជាតិ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ អ្នកស្រី Joanna Lohman និង Kacey White នឹងត្រូវជួបជាមួយកូនសិស្សកម្ពុជា ដើម្បីនិយាយអំពីស្រ្តីក្នុងកីឡា ហើយចែករំលែកបទពិសោធន៍ ក្នុងនាមជាអតីតកីឡាការិនីអាជីព ក្នុងក្រុមជម្រើសជាតិអាមេរិក។
ជាមួយកម្មវិធីបេសកជនកីឡារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ គឺអាមេរិកបានជ្រើសរើសអត្តពលិក និងគ្រូបង្វឹក ដើម្បីឱ្យបង្ហាត់បង្ហាញពីការលេងកីឡា ហើយប្រាស្រ័យជាមួយយុវជន និងអត្តពលិកវ័យក្មេង នៅទូទាំងសកលលោក។ នេះបើតាមការបញ្ជាក់បន្ថែម នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។
សេចក្តីប្រកាសដដែលនេះ បានលម្អិតថា «នៅបរទេស ស្ថានទូត និងស្ថានកុងស៊ុលអាមេរិក បានធ្វើការជាដៃគូជាមួយអង្គការក្នុងស្រុក ដើម្បីដំណើរការកម្មវិធី ដែលជួយអភិវឌ្ឍជំនាញក្នុងការដឹកនាំ ផ្តល់អំណាចដល់ស្រ្តី ហើយបណ្តុះភាពសុខដុម និងបរិយាបន្នសង្គម ដោយកន្លងមក មានបេសកជនកីឡាជាង ៣០០ នាក់ ក្នុងវិញ្ញាសាកីឡាចំនួន២៤ខុសៗគ្នា បានធ្វើដំណើរក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងកម្មវិធីប្រកបដោយលទ្ធផលខ្ពស់»៕