ភ្នំពេញ៖ អតីតកីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង ដែលបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ដោយបញ្ហារបួសរ៉ាំវ៉ៃនោះ បានប្រកាសដាក់ដេញថ្លៃលក់ស្បែកជើង ១ គូ ដើម្បីយកប្រាក់ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ទៅតាមទឹកចិត្តរបស់ខ្លួន។
បើទោះបីជា ការប្រកាសដាក់លក់ស្បែកជើងត្រឹម ១ គូនេះ ត្រូវបានអ្នកខ្លះគិតថា ជារឿងធម្មតាៗ ដែលមិនបានលះបង់អ្វីខ្លាំង ប៉ុន្តែ កែវ សុខផេង បានទម្លាយថា ស្បែកជើង ១ គូនេះ វាមានអត្ថន័យ និងមានតម្លៃខ្លាំងណាស់ចំពោះរូបគេ ព្រោះនេះជាស្បែកជើងដែល សុខផេង បានពាក់និងរកបានគ្រាប់បាល់ ក្នុងពេលក្រុមជម្រើសជាតិកម្ពុជា បានឆ្លងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត លើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៩ ឆ្នាំ។
កែវ សុខផេង បានប្រកាស នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ៤ ខែមីនាថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា។ ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើង ១ គូ ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ ព្រោះឆ្នាំ ២០១៩ ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ Sea Games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើងក៏បានឆ្លងវគ្គ ៤ ក្រុមចុងក្រោយជាប្រវត្តិសា្រស្ត រយៈពេល ៦៩ ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គហ្នឹងទេ»។
ខ្សែប្រយុទ្ធ ដែលធ្លាប់លេងឱ្យក្លិបបឹងកេត ក្លិបភ្នំពេញក្រោន ក្លិប PKNP របស់ម៉ាឡេស៊ី និងចុងក្រោយនៅក្លិបវិសាខារូបនេះ បានបន្ថែមថា៖ «បន្ទាប់មកពេលចប់ Sea Games ភ្លាម ខ្ញុំក៏ថែរក្សាស្បែកជើង ១ គូនេះ ទុកជាអនុស្សាវរីយ៍រយៈពេល ៦ ឆ្នាំមកហើយប៉ុន្តែបេះដូងនិងចិត្តចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទើបខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន ១ លានរៀល ហើយថវិកាទាំងអស់ ខ្ញុំនឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផា»។
គួររំឭកថា កែវ សុខផេង បានចូលលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣ ដោយបានបង្ហាញខ្លួនចំនួន ៦៨ ដង និងរកបានគ្រាប់បាល់សរុបចំនួន ១៨ គ្រាប់ ហើយនៅក្នុងគ្រាប់បាល់ទាំងអស់នេះ សុខផេង បានឱ្យតម្លៃខ្លាំងទៅលើគ្រាប់បាល់ទាំង ៣ គ្រាប់ ដែលរូបគេរកបាន សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ ដែលបានជួយឱ្យក្រុមកម្ពុជា ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៩ ឆ្នាំ។
តែទោះបីជាយ៉ាង សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីននោះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិវៀតណាម ៤-០ ចំណែកការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ ក្រុមកម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយស្មើគ្នា ២-២ ដែលរកគ្រាប់បាល់បានដោយ សៀង ចន្ធា និង កែវ សុខផេង ហើយអ្នកស៊ុតបាល់ប៉េណាល់ទីចុងក្រោយមិនចូលក៏ជា កែវ សុខផេង ដែលធ្វើឱ្យរូបគេទួញយំ បង្ហាញការសោកស្តាយ និងតូចចិត្តយ៉ាងខ្លាំង ចំពោះកំហុសចុងក្រោយមួយនេះ៕