ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងនឹងពិភាក្សាការងារជាមួយតំណាងស្ថានីយទូរទស្សន៍ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីកំណត់គោលការណ៍ឱ្យគ្រប់ស្ថានីយទូរទស្សន៍ ដែលមានសង្វៀនប្រដាល់ទាំងអស់នៅកម្ពុជា ត្រូវរៀបចំឱ្យមានការប្រកួតគូយុវជនថ្នាល និងគូកីឡាការិនីឱ្យបានទៀងទាត់ ប្រចាំសប្តាហ៍។
ការកំណត់គោលការណ៍ឱ្យស្ថានីយទូរទស្សន៍ រៀបចំឱ្យមានការប្រកួតគូយុវជនថ្នាល និងគូកីឡាការិនីនេះ ត្រូវបានទម្លាយដោយលោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកបានស្តាប់ការបរិយាយដោយអួលដើមកពីសំណាក់កីឡាការិនី នូវ ស្រីពៅ ដែលបានសម្រេចចិត្តបោះបង់ចោលការឡើងប្រដាល់ទាំងអារម្មណ៍ឈឺចាប់ ដោយសារតែចាប់គូមិនបានប្រកួត។
កីឡាការិនីជើងខ្លាំង ដែលអាចប្រកួតបានទាំងគុនខ្មែរ គុនចម្រុះ (MMA) ឃីកបុកស៊ីង និងប្រដាល់សកល នូវ ស្រីពៅ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយអារម្មណ៍ក្តុកក្តួលថា៖ «បងប្រុសខ្ញុំ នូវ ស៊ីថា គាត់ថា ម៉េចប្អូនឯងឈប់ឡើងវ៉ៃ គេកំពុងរកលុយបាន ប៉ុន្តែខ្ញុំបានតបទៅគាត់វិញថា បងអើយ គេរកបានតែប្រុសៗហ្នឹង ចំណែកស្រីៗអត់ផង ហើយស្រីអត់សូវមានទៀត ឃើញឡើងវ៉ៃមុខដដែលៗ ឯគ្នាអ្នកអត់ នៅតែអត់ គឺដូចខ្ញុំពីមុនដែរហ្នឹង!»។
អតីតកីឡាការិនីជម្រើសជាតិ ដែលជាស្រ្តីទី១ ធ្លាប់បានឈ្នះការប្រកួតគុនចម្រុះ នៅសង្វៀន ONE Championship នូវ ស្រីពៅ បានបន្ថែមថា៖ «ខ្ញុំស្រឡាញ់ប្រដាល់មែនទែន ហើយកាលប៉ាខ្ញុំនៅ គាត់ជំរុញខ្ញុំណាស់។ ខ្ញុំនៅតែដេកគិតរហូត គឺចង់វិលត្រឡប់ទៅហាត់វិញ ប៉ុន្តែទៅហាត់យ៉ាងម៉េច បើគ្មានបានឡើងប្រកួតផងហ្នឹង។ គេថា នាំគ្នាលើកស្ទួយយេនឌ័រ ប៉ុន្តែរុញឈ្មោះទៅប៉ុស្តិ៍ណា ក៏គេមិនឱ្យឡើងវ៉ៃ»។
បន្ថែមលើនេះ នូវ ស្រីពៅ បានមើលឃើញថា ភាពរីកចម្រើននៃវិស័យកីឡាប្រដាល់គុនខ្មែរ ដែលមានការប្រកួតព្រឹត្តិការណ៍ធំៗជាច្រើន នាពេលបច្ចុប្បន្ន ក៏បានបង្កប់នូវភាពកម្សត់ និងភាពសោកសង្វេគ ចំពោះកីឡាករ កីឡាការិនី ដែលមិនទាន់មានឈ្មោះបោះសំឡេង ឬមានសមត្ថភាពមិនទាន់លេចធ្លោ ព្រោះការផ្តល់តម្លៃ គឺគេសម្លឹងឃើញតែកីឡាករមានឈ្មោះបោះសំឡេង និងល្បីៗ។
នៅត្រង់ចំណុចនេះ នូវ ស្រីពៅ បានបញ្ជាក់ថា៖ «អ្នកល្បីៗ មានគេចោមរោមជួយច្រើន ចំណែកគ្នាអ្នកអត់ ស្ងាត់ច្រៀប ហើយការនិយាយបែបនេះ មិនមែនខ្ញុំច្រណែនគេទេ គឺអបអរផងដែរ ប៉ុន្តែបើយើងមើលទៅមួយជ្រុងទៀត កម្សត់មែនទែន គឺអ្នកស្រឡាញ់កីឡា បានយល់អារម្មណ៍មួយនេះ។ ពេលខ្លះគ្នាអត់ហ៊ាននិយាយទេ ព្រោះអត់មានកេរ្តិ៍ឈ្មោះ និយាយទៅទឹកមាត់វាសាប ហើយពេលខ្លះមានគេរិះគន់ទៅទៀតថា និយាយរកតែជំនួយ»។
យ៉ាងណាក៏ដោយ នូវ ស្រីពៅ ដែលបានបោះបង់ចោលអាជីពជាអ្នកប្រដាល់អស់រយៈពេលចូល ១ ឆ្នាំហើយនោះ នៅតែមានចិត្តអាឡោះអាល័យ ក្នុងការវិលមកប្រកបអាជីពនៅលើវិថីមួយនេះ ហើយប្រពន្ធរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ សុខ រិទ្ធី រូបនេះ បានទម្លាយថា នឹងអាចបើកជាក្លិបប្រដាល់ ដើម្បីបង្ហាត់សិស្ស នៅពេលណាមានថវិកាគ្រប់គ្រាន់។
ស្រីពៅ បានបង្ហើបថា៖ «បើទោះបីជាខ្ញុំបានបោះបង់អាជីពនេះមែន ប៉ុន្តែខ្ញុំបានតាមដានកីឡារហូត ព្រោះខ្ញុំស្រឡាញ់ និងបានតស៊ូលើជំនាញនេះច្រើនឆ្នាំមកហើយ ហើយនៅតែចងចិត្តថា ថ្ងៃណាមួយ ពេលមានថវិកាច្រើន ចង់បើកក្លិបប្រដាល់ជាមួយប្តីរបស់ខ្ញុំ ដើម្បីរក្សាឱ្យមានកេរ្តិ៍ឈ្មោះជាបន្តទៀត ទាំងប្តី និងប្រពន្ធ»។
ជាមួយការបរិយាយពីផលលំបាក ដែលបានកើតមាន សម្រាប់ការចាប់អាជីពជាអ្នកប្រដាល់ស្រ្តីរបស់ នូវ ស្រីពៅ នេះ បានជំរុញឱ្យលោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញមុខមកធានាខុសត្រូវ ចំពោះការសម្របសម្រួលឱ្យ ស្រីពៅ បានឡើងប្រកួតទៀងទាត់ បើសិនជាកីឡាការិនីរូបនេះ សម្រេចចិត្តចូលមកប្រកួតជាថ្មីវិញ ហើយលោកក៏មានគម្រោងកំណត់ជាគោលការណ៍ ក្នុងការរៀបចំឱ្យមានការប្រកួតគូយុវជនថ្នាល ជាពិសេសការប្រកួតផ្នែកនារី នៅគ្រប់សង្វៀនផងដែរ។
លោក ខូវ ឆាយ បានប្រកាស តាមរយៈការបង្ហោះសារបែបនេះថា៖ «ខ្ញុំគាំទ្រឱ្យ ស្រីពៅ ត្រឡប់មកហ្វឹកហាត់ និងឡើងសង្វៀនប្រកួតវិញ ខ្ញុំធានាថា នឹងសម្របសម្រួលក្នុងការចាប់គូឱ្យ ស្រីពៅ បានឡើងប្រកួតទៀងទាត់។ សហព័ន្ធ កំពុងត្រៀមពិភាក្សាជាមួយស្ថានីយទូរទស្សន៍ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីកំណត់គោលការណ៍ឱ្យស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវរៀបចំឱ្យមានគូយុវជនថ្នាល និងគូកីឡាការិនីយ៉ាងតិច ១ គូ សម្រាប់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ប្រចាំសប្តាហ៍»៕