ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលជាដៃគូប្រជែងយ៉ាងសំខាន់ ក្នុងការប្រមាញ់យកពានលីគកំពូលកម្ពុជានោះ បាននិងកំពុងផ្តោតខ្លាំងទៅលើការប្រកួតជាមួយក្រុមបឹងកេត និងវិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ដែលត្រូវប្រកួតជើងទី១ នៅល្ងាចម៉ោង ៦ ថ្ងៃពុធនេះ ដោយក្នុងនោះ ស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះបឹងកេត នៅពហុកីឡដ្ឋានជាតិ ហើយភ្នំពេញក្រោន ត្រូវប៉ះក្រុមការពារតំណែងជើងឯក៣សម័យកាល នៅកីឡដ្ឋានព្រីនស៍។
បើទោះបីជា ក្រុមស្វាយរៀង និងភ្នំពេញក្រោន មិនធ្លាប់ចាញ់ក្រុមបឹងកេត និងវិសាខា សោះនៅក្នុងការប្រកួតលីគកំពូលមែន ប៉ុន្តែគ្រូបង្គោលរបស់ក្រុមខ្លាំងទាំង២នេះ បានមើលឃើញថា ការជួបក្រុមបឹងកេត និងវិសាខា ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នេះ អាចនឹងមានការលំបាកខ្លាំង។ តែទោះយ៉ាងណា ទាំងគ្រូបង្វឹកក្រុមស្វាយរៀង និងបឹងកេត នៅតែមានការជឿជាក់ ក្នុងការទទួលបានលទ្ធផលល្អ។
លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានអះអាងថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះវិសាខា ហើយលោកគិតថាការប្រកួតនេះ នឹងមានភាពតានតឹង ប៉ុន្តែវាពិតជាសំខាន់ណាស់ក្នុងការផ្តល់ឱកាសដល់កីឡាករវ័យក្មេងបានផ្លាស់ប្តូរចូលលេងផងដែរ ព្រោះការប្រកួតពានសម្តេច ហ៊ុន សែន កន្លងមក ក៏ភ្នំពេញក្រោន បានធ្វើបែបនេះដូចគ្នា ដើម្បីឱ្យកីឡាករក្មេងៗមានបទពិសោធន៍សម្រាប់ការប្រកួតផ្លូវការ។
លោកបាននិយាយថា៖ «ការប្រកួតជាមួយក្រុមវិសាខា គឺជាការប្រកួតដែលលំបាកខ្លាំង ដូច្នេះវាជាការប្រកួតប្រជែងក្នុងកម្រិតមួយទៀត។ យើងមានការប្រកួតទាំងលីគ និងខាប់ ដូច្នេះយើងត្រូវធ្វើការផ្លាស់ប្តូរ ហើយខ្ញុំគិតថា ការប្រកួតនេះនឹងកាន់តែទាក់ទាញ ព្រោះវិសាខា មានកម្លាំងចិត្តបន្ថែមទៀត ដោយពួកគេក៏មានឱកាសក្នុងការឈ្នះពានផងដែរ»។
សម្រាប់ការបង្ហាញខ្លួន ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ៣ រដូវកាលកន្លងមកនេះ ក្រុមវិសាខា មិនធ្លាប់ស្គាល់ការចាញ់សោះ សម្រាប់ការប្រកួតសរុបទាំង២១លើករបស់ពួកគេ ប៉ុន្តែសម្រាប់ការជួបក្រុមភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ វិសាខា បានចាញ់ទាំង៣លើក គឺចាញ់ ១-០ សម្រាប់ការប្រកួតជុំទី១ រួចបន្តចាញ់ ៣-១ ក្នុងជុំទី២ ហើយការជួបគ្នានៅជុំទី៣ កាលពីថ្ងៃទី ៣ ខែមីនា កន្លងមកនេះ វិសាខ បានចាញ់ក្រុមភ្នំពេញក្រោន ៣-១ ដដែល។
យ៉ាងណាក៏ដោយ លោក Oleg បានមើលឃើញថា ការបរាជ័យចំនួន៣លើក នៅលីគកំពូលកម្ពុជា ជាពិសេសការចាញ់ ៣-១ កាលពីពេលថ្មីៗនេះ វានឹងធ្វើឱ្យក្រុមវិសាខា កាន់តែមានភាពពុះកញ្រ្ជោលខ្លាំង ក្នុងការសងសឹកជាមួយក្រុមភ្នំពេញក្រោន សម្រាបជំនួបលើកនេះ ដើម្បីឈានទៅរកការឈ្នះតំណែងជើងឯកជាលើកទី៤ ជាប់ៗគ្នារបស់ពួកគេ ប៉ុន្តែភ្នំពេញក្រោន បានផ្តោតខ្លាំងដូចគ្នា។
គ្រូបង្វឹកជនជាតិអ៊ុយក្រែន លោក Oleg បានបញ្ជាក់ថា៖ «វិសាខា នឹងលេងអស់ពីសមត្ថភាពដើម្បីពាននេះ ហើយយើងក៏កំពុងតែផ្តោតលើការប្រមូលអារម្មណ៍ដើម្បីប្រកួតជាមួយពួកគេដូចគ្នា ព្រោះវានឹងលំបាកជាងមុន។ ពួកគេនឹងស្រេកឃ្លានការប្រកួត ក៏ដូចជាសងសឹកពួកយើង បន្ទាប់ពីការចាញ់ក្នុងការប្រកួតលីគនាពេលកន្លងមក»។
ដោយឡែក លោក Pep Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានចាប់អារម្មណ៍ខ្លាំងពីទម្រង់លេងដ៏ល្អរបស់ក្រុមបឹងកេត។ ទោះជា ក្រុមស្វាយរៀង ធ្លាប់បានឈ្នះក្រុមបឹងកេត ៣-១ និងស្មើ ៣-៣ សម្រាប់ការប្រកួតលីគកំពូល តែលោក Pep បានមើលឃើញថា បឹងកេត មានកីឡាករវ័យក្មេងក្នុងស្រុកដែលមានទេពកោសល្យ ហើយពួកគេតែងស្រែកឃ្លានក្នុងការចង់បានបាល់ និងចង់ស៊ុតបញ្ចូលទី។
គ្រូបង្វឹកក្រុមស្វាយរៀងរូបនេះបាននិយាយថា៖ «ការប្រកួតពានរង្វាន់សម្តេចនេះ ប្រហែលជាគោលដៅចម្បងរបស់ក្រុមបឹងកេត សម្រាប់រដូវកាលនេះ ហើយពួកគេលេងក្នុងដី អ៊ីចឹងហើយខ្ញុំគិតថាវាជាការប្រកួតដ៏លំបាក ប៉ុន្តែដូចមុនអ៊ីចឹងសម្រាប់ពួកយើង គឺវាជាឱកាសដ៏អស្ចារ្យក្នុងការលេងនៅកីឡដ្ឋានជាតិអូឡាំពិក និងរីករាយជាមួយការប្រកួតដ៏ល្អមួយ។ ដូចមុនៗដែរយើងនឹងព្យាយាមគ្រប់គ្រងការប្រកួត និងស្វែងរកចន្លោះប្រហោង ហើយព្យាយាមបញ្ឈប់កីឡាករដើម្បីរារាំងបាល់វាយបករបស់ពួកគេ»។
លោក Pep Munoz បានបន្ថែមថា៖ «គ្រប់កីឡាករទាំងអស់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរទាំងអស់ក្នុងការលេង។ យើងត្រូវតែរើសកីឡាករបរទេស៤ នាក់ ព្រោះវាជាច្បាប់នៃការប្រកួត តែអ្នកគ្រប់គ្នាសុទ្ធតែបានហ្វឹកហាត់បានយ៉ាងល្អ ហើយយើងពិតជារំភើបដើម្បីលេងការប្រកួតនៅថ្ងៃស្អែក (ថ្ងៃនេះ) ហើយយើងនឹងទទួលបានលទ្ធផលល្អជាបន្តទៀត សម្រាប់ការប្រកួតជើងទី២»៕