ភ្នំពេញ៖ កម្ពុជាតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីក្នុងរង្វង់ ១០០ នាក់ ដើម្បីទៅចូលរួមការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ លើកទី៦ ឆ្នាំ ២០២៤ (6th Asian Indoor and Martial Arts Games) ដែលនឹងប្រព្រឹត្តនៅប្រទេសថៃ ពីថ្ងៃទី ២១ ដល់ទី ៣០ ខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានបង្ហាញតួលេខនេះ ក្នុងពេលលោកបានដឹកនាំមន្រ្តីជាន់ខ្ពស់របស់កម្ពុជាចំនួន ៤ នាក់ ទៅចូលរួម កិច្ចប្រជុំនាយបេសកកម្ម ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះនេះ តាមការអញ្ជើញរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី ៣-៥ ខែមីនា ឆ្នាំ ២០២៤។
ចំពោះកិច្ចប្រជុំនាយបេសកកម្មនេះ លោក វ៉ាត់ ចំរើន ឱ្យដឹងថា គឺផ្ដោតការយកចិត្តទុកដាក់ទៅលើព័ត៌មាន ដែលពាក់ព័ន្ធទៅលើការរៀបចំរបស់ម្ចាស់ផ្ទះថៃ ទៅតាមគោលការណ៍របស់អូឡាំពិកអាស៊ី ដោយបានឱ្យនាយបេសកកម្មគ្រប់ប្រទេសទាំងអស់ ត្រៀមលក្ខណៈបញ្ជូនកីឡាករ កីឡាការិនី និងធ្វើការចុះឈ្មោះឱ្យបានទាន់ពេលវេលា ទៅតាមការកំណត់របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងរបស់ម្ចាស់ផ្ទះ។
លោកបានឱ្យដឹងទៀតថា ការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ ឆ្នាំ ២០២៤ នេះ ស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំចង្អុលបង្ហាញនិងតម្រង់ទិសផ្ទាល់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយម្ចាស់ផ្ទះថៃ កំពុងតែមមាញឹកត្រៀមរៀបចំទទួលភ្ញៀវ រៀបចំទីតាំង រៀបចំបដិសណ្ឋារកិច្ច រីឯលក្ខណៈបច្ចេកទេសមួយចំនួនគឺក្រុមប្រឹក្សាអូឡាំពិកអាស៊ី ជាអ្នករៀបចំ។
ជាមួយគ្នានេះ ប្រទេសថៃ ជាម្ចាស់ផ្ទះថៃ បានកំណត់យកទីតាំងនៅទីក្រុងបាងកក និងខេត្តចន្ទបុរី សម្រាប់រៀបចំការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះនេះ ដោយមាន ៤៥ ប្រទេសចូលរួមប្រកួត ហើយប្រទេសទាំងអស់នេះ សុទ្ធសឹងជាសមាជិកចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ចំណែកការស្នាក់នៅហូបចុក គឺម្ចាស់ផ្ទះថៃ នឹងរៀបចំនៅក្នុងសណ្ដាគារ ដោយមិនមានភូមិកីឡាឡើយ។
ចំពោះប្រតិភូកីឡាកម្ពុជា ដែលត្រៀមចូលរួមការប្រកួតប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងត្រៀមចូលរួមការប្រកួតនេះ ដោយយកតាមចំនួនកំណត់មួយ គឺយកតែប្រភេទកីឡាដែលមានក្នុងកម្មវិធីនៅប្រទេសថៃនេះប៉ុណ្ណោះ ហើយយកតែប្រភេទកីឡា ដែលមានសក្ដានុពលខ្លាំងនៅកម្ពុជា។ ក្នុងនោះយើងក៏មិនត្រៀមយកទៅច្រើននោះដែរ គឺត្រឹមតែកីឡាករ កីឡាការិនីក្នុងរង្វង់ប្រហែល ១០០ នាក់ទេ ក្នុងចំណោម ៣៨ ប្រភេទកីឡា នៅក្នុងការប្រកួតនេះ»។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានឱ្យដឹងទៀតថា ក្រោយចប់កិច្ចប្រជុំនាយបេសកកម្មនេះទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងត្រៀមធ្វើការជាមួយនឹងក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជាសហព័ន្ធកីឡាជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ ចូលរួមការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ នៅប្រទេសថៃ នាពេលខាងមុខនេះ៕