ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែអាចរក្សាភាពខ្លាំងរបស់ខ្លួនបាន តាមរយៈការយកឈ្នះក្រុមបឹងកេត ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០២៣-២០២៤ (ថ្នាក់ជាតិ) ចំណែកក្រុមម្ចាស់ផ្ទះវិសាខា បានវាយបកតាមស្មើក្រុមភ្នំពេញក្រោន ២-២ ទាំងលំបាក នៅក្នុងការប្រកួតជើងទី១ កាលពីយប់ថ្ងៃពុធម្សិលមិញ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ កាលពីយប់ថ្ងៃទី ៦ ខែមីនានោះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយរិះគន់ត្រង់ៗ ចំពោះបញ្ហាមិនអំណោយផល ទាក់ទងនឹងស្មៅធម្មជាតិ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការពិបាកខ្លាំង សម្រាប់ក្រុមស្វាយរៀង និងបឹងកេត ក្នុងការប្រកួតគ្នា។ ចំណែកថ្នាក់ដឹកនាំក្រុមវិសាខា ក៏បានប្រតិកម្ម ចំពោះការកាត់សេចក្តីមិនសមហេតុផលរបស់លោកអាជ្ញាកណ្តាលផងដែរ។
លោក Pep Munoz គ្រូបង្វឹកក្រុមស្វាយរៀង បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតតង់ទី១ យើងធ្វើបានល្អ ដោយយើងបានគ្រប់គ្រងការប្រកួត តាមរយៈការលេងពីក្រោមរហូតដល់មុខទីគូប្រកួត តែការសម្រេចចុងក្រោយមានការពិបាក ដោយសារ បឹងកេត បានការពារកៀកនៅមុខទីគាត់មែនទែន»។
លោកបន្ថែមថា៖ «យើងរកបានត្រឹម ១ គ្រាប់ គឺមិនអាចរកបាន២គ្រាប់ទេ នៅតង់ទី១ ហើយក្រុមបឹងកេត ក៏អាចបង្កើតឱកាសបាន ២ ទៅ ៣ ដង នៅមុខទីរបស់យើងដែរ។ ចូលតង់ទី២ មានសកម្មភាពមួយចំនួន យើងមិនអាចគ្រប់គ្រងបាន នៅពេលបឹងកេត បានព្យាយាមបង្កើតឱកាសបន្ថែមនៅមុខទីរបស់យើង ហើយគាត់ធ្វើបានល្អ។ តែទោះបីជាយ៉ាងណា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមយើង ធ្វើឱ្យយើងឈ្នះការប្រកួតនេះ»។
តែទោះបីជាយ៉ាងណាគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានរិះគន់ពីកម្រាលស្មៅធម្មជាតិ នៅពហុកីឡដ្ឋានជាតិថា បានបង្កឱ្យក្រុមទាំង២ មានការពិបាកលេងដូចគ្នា។
លោ Pep Munoz បញ្ជាក់ថា៖ «សម្រាប់ក្រុមយើង និងបឹងកេត សុទ្ធតែជាក្រុមចង់លេងបាល់ ប៉ុន្តែទីលានមិនល្អប្រសើរ ហើយយើងមិនដឹងថាក្រុមជម្រើសជាតិកម្ពុជា លេងយ៉ាងម៉េចទេ ព្រោះទីលាននេះពិបាកលេងណាស់ហើយវាប៉ះពាល់ដល់ក្រុមបាល់ទាត់របស់យើង។ កីឡដ្ឋានល្អប៉ុន្តែស្មៅនៅលើទីលានមិនល្អ សម្រាប់អ្នកគាំទ្រមើល»។
តាមរយៈការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមស្វាយរៀង អាចរកបាន៣គ្រាប់ជាប់ៗគ្នា ដោយក្នុងនោះខ្សែប្រយុទ្ធពាក់លេខ ៩ Gabriel Silva Costa រកបាន ២ គ្រាប់ នៅនាទីទី៣៣ និងទី៦២ ហើយបានបន្ថែម ១ គ្រាប់ទៀតដោយកីឡាករ ជូ ស៊ិនទិ នៅនាទីទី៧១ គឺមុនពេលខ្សែប្រយុទ្ធ ចន្ថា ចន្ទាកា រកបាន ១ គ្រាប់វិញឱ្យក្រុមម្ចាស់ផ្ទះបឹងកេត នៅនាទីទី៧៥។
ជាមួយការយកឈ្នះក្រុមបឹងកេត ៣-១ នេះ បានធ្វើឱ្យក្រុមស្វាយរៀង មានភាគរយខ្ពស់ ក្នុងការទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះការប្រកួតកាត់សេចក្តីជើងទី២ នៅថ្ងៃទី ១០ ខែមេសា ត្រូវធ្វើនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ពួកគេវិញម្តង។
ផ្ទុយពីនេះក្រុមវិសាខា កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ក្នុងការប្រជែងយកឱកាសឡើងទៅការពារតំណែងជើងឯក៣សម័យកាលជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍មួយនេះ បានវាយបកតាមស្មើក្រុមភ្នំពេញក្រោន ២-២ ទាំងលំបាក នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃពុធ។
តាមរយៈការប្រកួតនេះ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ អាចរកបានគ្រាប់បាល់បើកឆាកឱ្យក្រុមភ្នំពេញក្រោន លឿនបំផុត គឺនៅត្រឹមនាទីទី២ ហើយខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៦ ប៉ុន្តែខ្សែប្រយុទ្ធ Janata De Olivrea Bastosរកបាន ១ គ្រាប់វិញឱ្យវិសាខា នៅនាទីទី១០ ហើយ ស៊ិន កក្កដា រកបានគ្រាប់បាល់ស្មើ ២-២ នៅនាទីទី៧៧។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតដ៏តានតឹងនេះ ក្រុមវិសាខា និងលោក ហុក សុចិត្រា ជាអគ្គលេខាធិការ បានសម្តែងការប្រតិកម្មខ្លាំងចំពោះការកាត់សេចក្តីនៅលើទីលានរបស់លោកអាជ្ញាកណ្តាល ហោ ប៊ុនថង ដែលបានផ្លុំកញ្ចែ បញ្ឈប់សកម្មភាពបម្រុងស៊ុតបាល់ដាច់តែម្នាក់ឯងរបស់ Janata De Olivrea Bastos នៅនាទីទី១៩ បើទោះបីជាបាល់នោះ មិនស្ថិតក្នុងជំហរអកហ្សឺក៏ដោយ។
តាមវីដេអូនៃការប្រកួតនេះ Yudai Ogawa របស់ភ្នំពេញក្រោន បានស្លាយយកបាល់ កាត់ពីមុខ ស៊ិន កក្កដា របស់វិសាខា ធ្វើឱ្យបាល់នោះខ្ទាតទៅមុខទីក្រុមភ្នំពេញក្រោន ទៅវិញ និងបានរំលងផុត អ៊ន ចាន់ប៉ូលីន ដែលឈរនៅពីខាងមុខផងដែរ។ ឃើញបែបនេះ Janata De Olivrea Bastos ដែលឈរនៅពីចំហៀង ចាន់ប៉ូលីន បានរត់ទៅទទួលបាល់នោះ បម្រុងស៊ុតបញ្ចូលទីទៅហើយ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលផ្តុំកញ្ចែបញ្ឈប់ ដោយសំអាងថាជាបាល់អកហ្សឺ ធ្វើឱ្យក្រុមវិសាខា បានតវ៉ាភ្លាមៗផងដែរ តែគ្មានប្រសិទ្ធភាព។
តែទោះបីជាយ៉ាងណា លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា នៅតែមិនអស់ចិត្តលើរឿងនេះ និងសុំឱ្យមានការបកស្រាយ។ លោកបានបង្ហោះសារ ក្រោយការប្រកួតបែបនេះថា៖ «តាំងពីខ្ញុំដឹកនាំច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលតវ៉ាឬក៏ប្រតិកម្មជាមួយក្រុមអាជ្ញាកណ្តាលទេ ហើយក៏បានណែនាំក្រុមការងារកីឡាករខ្ញុំដែរមិនឱ្យប្រតិកម្មជាមួយអាជ្ញាកណ្តាលទេ ប៉ុន្តែរឿងងាយៗបែបនេះតើគាត់មើលមិនឃើញ យល់ច្រឡំឬយ៉ាងណាទេ។ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់ តែខ្ញុំស្នើសុំការបកស្រាយឱ្យបានច្បាស់»៕