ភ្នំពេញ៖ កីឡាករជើងខ្លាំងមានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បានប្រើភាសាចាក់ដោតផ្តាំទៅកីឡាករជាម្ចាស់ខ្សែក្រវាត់របស់ថៃ Nueng Dubunlek Tded99 ឱ្យចូលវាយប្តូរឱ្យអស់ពីលទ្ធភាពមក កុំមកវាយរត់គេចយកតែលុយ។ ចំណែកសិស្សច្បងរបស់គេ ពេជ្រ ប៊ុនសិទ្ធ ក៏បានផ្តាំទៅកីឡាករ Sonvann Khongoum Tded99 ត្រូវវ៉ៃប្តូរឱ្យអស់ដូចគ្នា។
ការបោះពាក្យសម្តីបែបឌឺដងបែបនេះរបស់ ពេជ្រ សម្បត្តិ និង ពេជ្រ ប៊ុនសិទ្ធ គឺដោយសារកីឡាករនិយមវាយសម្រុករបស់កម្ពុជាទាំង ២ នាក់នេះ ត្រូវដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់ជាសិស្សរួមក្លិបរបស់ថៃ Nueng Dubunlek និង Sonvann Khongoum ក្នុងព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀនប្រដាល់ ទទក នៅបរិវេណតារាងបាល់ទាត់ទួលដំណាក់ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាយប់ថ្ងៃទី ៩ ខែមីនា ខាងមុខនេះ។
បើតាមលោក ម៉ុល នី ប្រធានផ្គូផ្គងការប្រកួតប្រចាំសង្វៀនប្រដាល់ ទទក បានឱ្យដឹងថា កីឡាករ Nueng Dubunlek គឺជាជើងខ្លាំងម្នាក់ក្នុងទម្ងន់ ៦០ គីឡូក្រាម ដែលធ្លាប់យកឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ រិន ដាវី សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ នៅប្រទេសថៃកន្លងមក។
ជាមួយគ្នានេះ ពេជ្រ សម្បត្តិ ដែលបានមើលការប្រកួតរបស់ Nueng Dubunlek ហើយនោះ បានទទួលស្គាល់ថា កីឡករថៃម្នាក់នេះ មានសមត្ថភាពល្អ ដែលអាចទាត់ និងចាប់បុកជង្គង់ល្អ ប៉ុន្តែ សម្បត្តិ បានបង្ហាញការមិនពេញចិត្តពីរបៀបប្រកួតរបស់គេម្នាក់នេះ ដែលរត់គេច ច្រើនជាងចូលវ៉ៃប្តូរ។
កីឡាករជើងខ្លាំងរបស់កម្ពុជារូបនេះ បាននិយាយថា៖ «គាត់ (Nueng Dubunlek) ជាកីឡាករល្អក្បាច់ ថយទាត់មួយៗ តែច្បាស់ ហើយចំពោះខ្ញុំ កីឡាករវាយដកបែបនេះ អត់ស៊ីចង្វាក់ទេ! បើថយវាយមួយៗមិនសូវជាអីទេ ប៉ុន្តែនេះថយគេវ៉ៃអត់បានតែម្តង អ៊ីចឹងលើកនេះគាត់អាចថយយកលុយម្តងទៀត»។
រំឭកទៅដល់ការប្រកួតរវាង រិន ដេវីត និង Nueng Dubunlek ដែលបានវ៉ៃថយ ដើម្បីយកខ្សែក្រវាត់ នៅប្រទេសថៃនោះ ពេជ្រ សម្បត្តិ បានបញ្ជាក់បែបឌឺដងឱ្យកីឡាករថៃម្នាក់នេះថា៖ «លើកមុន វាយថយយកខ្សែក្រវាត់ ប៉ុន្តែបើវាយថយយកលុយលើកនេះ បែបពិបាកបន្តិចហើយ ព្រោះនេះជាការប្រកួតពាក់ហ្គង់ MMA»។
យ៉ាងណាក៏ដោយ ពេជ្រ សម្បត្តិ ដែលធ្លាប់ទទួលមេរៀនជូរចត់ ត្រូវកីឡាករឡាវ Kampoo BS Muaythai ទាត់ឱ្យចូលកញ្ចឹងកឱ្យសន្លប់ក្នុងទឹកទី៣ ជាមួយចង្វាក់ដើរចូលវាយសម្រុកកន្លងមកនោះ នៅតែបារម្ភ ខ្លាចហេតុការណ៍បែបនេះកើតឡើងម្តងទៀត បើរូបគេជម្នះចូលវាយសម្រុកខ្លាំង ប៉ុន្តែកីឡាករ Nueng Dubunlek ប្រកាន់យកការវាយថយ និងរត់ ចាំតែទាត់សងមួយៗនោះ។
សម្បត្តិ បាននិយាយថា៖ «វាអាចមានការពិបាកដែរ ព្រោះយើងជាកីឡាករដើរចូល ចំណែកគាត់ជាកីឡាករវាយដក អ៊ីចឹងបើយើងចូលផុត គឺបារម្ភថា គាត់ទាត់ចូលក ព្រោះខ្ញុំធ្លាប់ទទួលមេរៀនបែបនេះពេលប្រកួតជាមួយកីឡាករឡាវ។ ខ្ញុំមិនបានភ្លេចនោះទេ ហើយតាំងតែពីពេលនោះមក ខ្ញុំមានការប្រុងប្រយ័ត្នច្រើន»។
ចំណែកកីឡាករ ពេជ្រ ប៊ុនសិទ្ធ ក៏បានផ្តាំទៅកីឡាករថៃ Sonvann Khongoum Tded99 សូមប្រកួតឱ្យអស់ពីសមត្ថភាព សម្រាប់ការជួបគ្នា នៅលើទឹកដីខេត្តកំពង់ធំ នាយប់ថ្ងៃសៅរ៍នោះដែរ ចំណែកសិស្សប្អូនរបស់គេម្នាក់ទៀត គឺ ធន់ ផានិត ក៏ត្រូវប្រកួតជាមួយថៃ Ratchasak Tded99 នាយប់នោះដូចគ្នា។
ពេជ្រ ប៊ុនសិទ្ធ បាននិយាយថា៖ «សមត្ថភាពរបស់កីឡាករថៃម្នាក់នេះ ល្មមប្រកួតគ្នាបាន ហើយជាការប្រកួតពាក់ហ្គង់តូច MMA ទៅទៀត អ៊ីចឹងដឹងតែពេញលេងហើយ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហេតុនេះសុំឱ្យគាត់មកប្រកួតឱ្យអស់ពីសមត្ថភាព គឺមានប៉ុន្មានបញ្ចេញឱ្យអស់មក»៕