កីឡាករ​មាន​ជំនាញ​ទាំង​ប្រដាល់​សកល និង​គុនខ្មែរ ទូច ដេវីត បែរ​ជា​អាច​ប្រើ​បច្ចេក​ទេស​​វ៉ៃ​លក្ខណៈ​​​ឃីកបុកស៊ីង​បាន​យ៉ាង​ល្អ​បំផុត ដើម្បី​ផ្តួល​អ្នក​ប្រដាល់​របស់​ថៃ Pech Narin ​ឱ្យ​សន្លប់ សម្រាប់​​ការ​ជួប​គ្នា នៅលើ​សង្វៀនប៉ុស្តិ៍​លេខ​៥។ ចំណែក​ វី ស្រីឆាយ ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​លំបាក​​លើ​កីឡាការិនី​របស់​អ៊ីរ៉ង់ Negin Shahinfar បន្ទាប់ពី​បាន​ខក​ខាន​ឡើង​ប្រកួត​អស់​រយៈ​ពេល​ប្រមាណ​ ៣​ខែ។

ចំពោះ ទូត ដេវីត ត្រូវ​បាន​អ្នកគាំ​ទ្រ​ទទួល​ស្គាល់រួច​ទៅ​ហើយ​ថា មានសមត្ថភាព​ល្អ​ទាំង​ការ​ប្រកួត​ប្រដាល់​កលស និង​គុនខ្មែរ ប៉ុន្តែ​នេះ​ជាលើក​ដំបូង​ហើយ ដែល​អ្នក​គ្រប់​គ្រង​នៅ​សង្វៀន​ប៉ុស្តិ៍លេខ​៥ បាន​ដាក់ឱ្យ​កីឡាករ​របស់​កម្ពុជា​រូប​នេះ ​ប្រកួត​ជា​លក្ខណៈ​ឃីកបុកស៊ីងជាមួយ​អ្នក​ប្រដាល់​របស់​ថៃ Pech Narin ហើយជា​លទ្ធផល ដេវីត បាន​វ៉ៃ​ឱ្យ​ថៃម្នាក់នេះ​រហូត​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ក្នុងទឹក​ទី​២ 

ជាមួយគ្នា​នេះ លោក សេង កដិកា  អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បានសាទរ​ខ្លាំងចំពោះ​សមត្ថ​ភាព​ប្រកួត​ឃីកបុកស៊ីង​របស់ ទូច ដេវីត គឺ​ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ ដែលបង្កើត​ឱ្យ​មាន​នូវ​ការចាប់អារម្មណ៍​ពី​អ្នក​គាំ​ទ្រ ហើយ​នេះជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​សង្វៀន​ប៉ុស្តិ៍លេខ​៥ ក្នុងការ​ដាក់​ឱ្យ​មាន​ការ​ប្រកួតបែប​ចម្រុះ គឺមាន​​​ទាំងប្រដាល់​​គុនខ្មែរ ប្រដាល់​ឃីកបុកស៊ីង វ៉ៃអំបោះឆៅ ការ​ប្រកួត​ពាក់ហ្គង់ចេញម្រាម និងពាក់​ហ្គង់​ធម្មតា ទៅ​តាម​ការ​ចង់បាន​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ។

លោក សេង កដិកា បានប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃ​ចន្ទ​នេះ​ថា៖ ​«សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​ឃីក​បុកស៊ីង​​របស់ ទូច ដេវីត លើក​នេះ​ពិតជា​មាន​ការ​ប្លែក​ភ្នែក​សម្រាប់​អ្នក​ទស្សនា ដោយពួកគាត់​មានការ​សាទរ​ខ្លាំង ជាពិសេស​អ្នក​គាំ​ទ្រ​នៅ​សង្វៀន​ផ្ទាល់ ព្រោះ ដេវីត មាន​បច្ចេក​ទេសវាយ​សន្ធាប់បាន​ល្អ​ទាំង​ការ​ប្រើ​ស្នៀត​ជើង និង​កណ្តាប់​ដៃ ​ធ្វើ​ឱ្យ​​កីឡាករ​របស់​ថៃមិនអាចទប់​ទល់​បាន គឺ​ត្រូវ​បាន​លោក​អាជ្ញាកណ្តាប់​បញ្ឈប់​ការ​ប្រកួត​ នៅ​ត្រឹម​ទឹក​ទី​២»។

ការ​ប្រកួត​ប្រដាល់​នៅ​សង្វៀន​ប៉ុស្តិ៍លេខ ៥។ រូបថត សហការី

តាម​រយៈការ​ប្រកួតជាក់​ស្តែង កាលពី​យប់​ថ្ងៃទី​២៥ ខែឧសភា កន្លងមក​នេះ ទូច ដេវីត បាន​ប្រើជំនាញ​ប្រដាល់​សកល​របស់​ខ្លួន គឺ​ការ​ម៉ាត់​ឆ្វេងស្តាំ​ចូលពេញៗ ធ្វើ​ឱ្យ​កីឡាករ​ថៃ Pech Narin ​វង្វេង​នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ជាលើកទី​១ និងបាន​​រាប់​ម្តង​ទៀត នៅចុង​ទឹកទី​១​ដដែលនេះ តាមរយៈការ​ទាត់​ជើង​ក្រោម នាំ​ឱ្យ Pech Narin បាត់បង់​ជំហរ។

បើទោះបីជា Pech Narin មាន​ភាព​ស៊ូ​ខ្លាំង មិន​ព្រម​សន្លប់​នៅ​ក្នុង​ទឹក​ទី១ ប៉ុន្តែ​ឈាន​ចូល​ទឹក​ទី​២ ទូច ដេវីត បាន​បង្កើន​ការ​វាយសម្រុក​កាន់​តែ​ខ្លាំង ទាំង​ការ​ប្រើ​កណ្តាប់​ដៃ ជាពិសេស​ការ​ទាត់សន្ធាប់​ទៅលើ​ជើង​ក្រោម ហើយ​ទម្ងន់​ទាត់​ចេញៗ​ធ្ងន់ៗ​របស់ ដេវីត បាន​ធ្វើ​ឱ្យ​ Pech Narin ដួល ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​រា​ប់ជា​លើក​ទី ​៣ និង ​ឈាន​ដល់​ការ​បញ្ឈប់​ការ​ប្រកួត​តែម្តង នៅពេល ដេវីត បាន​ទាត់​ថៃម្នាក់នេះ​ឱ្យ​ដួល​ទាំង​អស់ជំហរម្តង​ទៀត នៅ​ពាក់​កណ្តាល​ទឹក​ដដែល​នេះ។​

ដោយ​ឡែក​ កីឡាការិនី វី ស្រីឆាយ ដែលទើប​ទទួល​បានឱកាស​ឡើង​ប្រកួត​ជាថ្មី ក្រោយ​ខក​ខាន​អស់​រយៈពេល​ប្រមាណ​៣​ខែមក​ហើយ​នោះ បាន​ព្យាយាម​វ៉ៃ​ប្តូរ​ជាមួយ​កីឡាការិនី​របស់អ៊ីរ៉ង់ Negin Shahinfar យ៉ាង​ស្វិត​ស្វាញបំផុត។ ស្រីឆាយ បាន​ទទួល​ការ​ម៉ាត់​ចូល​ពេញៗ​ពីសំណាក់​ដៃគូមានកម្ពស់​ខ្ពស់​រូប​នេះ ហើយការ​បុក​កែង​របស់​ Negin Shahinfar ក៏​បាន​ធ្វើ​ឱ្យ ស្រីឆាយ មានស្នាមពកយ៉ាង​ធំ នៅ​ក្រោម​ភ្នែក​ខាង​ឆ្វេងផងដែរ។

ទោះបីជា​យ៉ាង​ណា ​កីឡាការិនី​កូន​១ វី ស្រីឆាយ មិន​បាន​បង្ហាញ​ភាពទន់ជ្រាយ​នោះ​ទេ គឺ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​២សម័យ​កាល​រូប​នេះ បាន​ព្យាយាម​ប្តូរ​កណ្តាប់​ដៃ ព្រម​ទាំង​ចូល​ចាប់បុកជង្គង់ និង​វាយ​កែងរហូត​ចប់ ​៣ ទឹកពេញ ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​ Negin Shahinfar យ៉ាងរំភើប​ បើ​ទោះបីជាសាច់​​ប្រកួត​៣ទឹក​ពេញ​ ត្រូវ​បានគេមើល​ឃើញ​ថា កីឡាការិនី​អ៊ីរ៉ង់ ហាក់​មាន​ប្រៀបជាង ស្រីឆាយ ក៏​ដោយ។ 

ការ​ប្រកួត​ប្រដាល់​នៅ​សង្វៀន​ប៉ុស្តិ៍លេខ ៥។ រូបថត សហការី

ជាមួយគ្នា​នេះ លោក សេង កដិកា បានបញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា បើ​ប្រកាស​ឱ្យ វី ស្រីឆាយ ស្មើពិន្ទុជាមួយ Negin Shahinfar អាច​ល្អជាង​ការ​ឱ្យ​ឈ្នះ។ តែទោះបីជា​យ៉ា​ងណា លោក​បាន​សរសើរពីទឹក​ចិត្ត​ប្រកួត​យ៉ាង​អង់អាច​របស់ វី ស្រីឆាយ ហើយ​លោក​ក៏បានជំរុញ​ឱ្យ​សង្វៀន​ប្រដាល់​ផ្សេងៗ​ទៀត ផ្តល់ឱកាស​ឱ្យ​កីឡាការិនី​គុនខ្មែរ បាន​ឡើង​ប្រកួត​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​មានឱកាស​កាន់​តែ​ច្រើន ក្នុងការ​ពង្រឹង​សមត្ថ​ភាព​ឱ្យបាន​កាន់​តែ​ប្រសើរ​។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ លោក សេង កដិកា បាន​បញ្ជាក់​ថា៖​ «ខ្ញុំយល់​ថា ការ​ផ្តល់ឱកាស​ឱ្យ​​កីឡាការិនី​បាន​ឡើង​ប្រកួត វាជារឿង​ដ៏​ល្អមួយ សម្រាប់​វិស័យ​គុនខ្មែរ​របស់​យើង ដើម្បីយើង​មាន​ធន​ធាន​កីឡាការិនី​កាន់​តែ​ច្រើន សម្រាប់​ត្រៀម​ការ​ប្រកួត​អន្តរជាតិតំណាង​ឱ្យជាតិ ហើយ​ការងារ​នេះ គឺលុះ​ត្រា​តែ​​គ្រប់​សង្វៀន​ទាំង​អស់​នាំ​គ្នា​ធ្វើ ព្រោះ​បើ​មាន​ការ​ប្រកួត​កាន់​តែ​ច្រើន ខ្ញុំ​ជឿ​ថា ក្លិប​នីមួយៗ ក៏គាត់​មាន​ទឹក​ចិត្ត​បណ្តុះបណ្តាល​ឱ្យ​មាន​កីឡាការិនីកាន់​តែ​ច្រើនដូចគ្នា»។ 

សម្រាប់ការ​ប្រកួត កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដែរ កីឡាករ​កម្ពុជា រិន សារ័ត្ន ក៏ខិតខំប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព ដើម្បី​យក​ឈ្នះ​អ្នក​ប្រដាល់​របស់​ថៃFasawang ដោយពិន្ទុ។ ​

ចំពោះ​លទ្ធផល​ការ​ប្រកួតរបស់​​កីឡាករក្នុង​ស្រុក​ចំនួន៤​គូទៀត គឺ​​កីឡាករថ្នាល ខាំ ពិសិដ្ឋ បានផ្តួល នីរិទ្ធី តុងលី ឱ្យ​សន្លប់​ក្នុង​ទឹកទី​១ រីឯ ធន់ ចាន់ណា បាន​ទាត់ឱ្យ ខាំ ម្ទេសទុំ ខូចជើង​ក្នុ​ង​ទឹក​ទី​១ ចំណែក កីឡាករជើង​ចាស់ ថា សារុន បាន​ត្រឹមស្មើពិន្ទុ​ជាមួយ ចាត់ សីហា ខណៈ ទូច ប្រុសណុច បានឈ្នះ រិទ្ធី សុភាព ដោយពិន្ទុ៕