ភ្នំពេញ៖ កីឡាករប្រដាល់ហ្វីលីពីនដែលល្បីល្បាញនៅទូទាំងពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ប្រាប់ថា លោកសប្បាយចិត្តដែលបានត្រឡប់មកកម្ពុជានិងឃេីញមានការរីកចម្រើន។
លោកក៏ចង់ចែករំលែកពីតិចនិកប្រដាល់ដល់កីឡាករ គុនខ្មែរ ផងដែរ។ លោកក៏សង្ឃឹមថា លោក នឹងត្រូវបានអញ្ជើញមកកម្ពុជាម្តងទៀត ដេីម្បីជួយបង្ហាត់ដល់កីឡាករគុនខ្មែររបស់កម្ពុជា។
ប៉ាគីអាវ កំពុងមានវត្តមាននៅកម្ពុជាដើម្បីចូលរួមពិធីចុះហត្ថលេខាផ្លូវការនៃកិច្ចព្រមព្រៀងទូត សុចន្ទៈ ជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នាល្ងាចថ្ងៃទី៣០ ខែឧសភានេះ នៅសណ្ឋាគារ Hayatt Gegency ក្នុងរាជធានីភ្នំពេញ។ លោកក៏នឹងចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅ កោះពេជ្រ នាថ្ងៃទី៣១ ឧសភានេះផងដែរ។
លោកនិយាយថា៖«ពួកគាត់ពូកែហើយក៏មានកីឡាករគុនខ្មែរ ដែលមានសក្ដានុពលអាចក្លាយជាជើងឯកពិភពលោកផងដែរ។ អ្វីដែលពួកគេត្រូវធ្វើគឺការផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើការហ្វិកហាត់បន្ថែមទៀតនិងមានវិន័យ ហើយត្រូវដឹងពីរឿងសម្ងាត់ក្នុងកីឡាប្រដាល់។ ដូច្នេះហើយបានជាខ្ញុំចង់ចែករំលែកជាមួយពួកគាត់»។
លោកបន្តថា៖«ប្រសិនបើខ្ញុំមានពេល ខ្ញុំអាចចែករំលែករឿងសម្ងាត់ក្នុងនាមជាអ្នកប្រដាល់ថាធ្វើយ៉ាងម៉េច ដើម្បីឲ្យក្លាយជាជើងឯកពិភពលោក ហើយត្រូវមានវិន័យខ្លួនឯងយ៉ាងម៉េច។ ប្រសិនបើ អ្នកមានក្ដីស្រមៃទៅអនាគតដោយមានការណែនាំ អ្នកអាចសម្រេចវាបាន»។
លោកប៉ាគីអាវ ធ្លាប់បានមកទស្សនាប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៦ ជាមួយលោក ឌូតើតេ ដែលពេលនោះជាប្រធានាធិបតីហ្វីលីពីន។
កីឡាករអាជីពរូបនេះបច្ចុប្បន្នមានអាយុ ៤៥ ឆ្នាំ ធ្លាប់បានផ្ដួលដៃគូ ដណ្ដើមបានខ្សែក្រវ៉ាត់ជាង២០។
ថ្នាក់ដឹកនាំកីឡាប្រដាល់គុនខ្មែរមានសេចក្តីរីករាយដែលស្ដេចប្រដាល់រូបនេះមានវត្តមាននៅ កម្ពុជា និងក្នុងព្រឹត្តិការណ៍គុនខ្មែរនេះ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នឹងមានឥទ្ធិពលវិជ្ជមានទៅលើវិស័យប្រដាល់គុនខ្មែរ ដូចជា ការទទួលស្គាល់គុនខ្មែរនៅលើពិភពលោក ព្រោះប៉ាគីអាវ គឺជាកីឡាប្រដាល់ល្បីល្បាញឮនៅលើពិភពលោក។
លោកថ្លែងថា៖ «ប្រទេសដែលពីមុនមិនបានស្គាល់គុនខ្មែរ ក៏ចាប់ផ្ដើមស្គាល់តាមរយៈលោក ម៉ានី ប៉ាគីអាវ»។
លោកបន្តថា លោកប៉ាគីអាវ ប្រាកដជាបានដឹងឮច្រើនពីគុនខ្មែរ។ លោកក៏គ្រោងស្នើសុំលោកប៉ាគីអាវ ឱ្យជួយគាំទ្រដល់គុនខ្មែរផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការមកទស្សនាប្រទេសកម្ពុជានិងទស្សនាការប្រកួត គុនខ្មែរ របស់លោក ប៉ាគីអាវ នាពេលនេះគឺជាការ លើកចិត្តមួយមិនត្រឹមតែសម្រាប់គុនខ្មែរទេ គឺសម្រាប់វិស័យកីឡាកម្រិតខ្ពស់ និងអាជីពទាំងមូលផងដែរ។
លោកថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំកីឡាម្នាក់ សូមអរគុណការផ្តល់កិត្តិយសរបស់គាត់ពេលនេះនិងសង្ឃឹមថា គាត់នឹងមកកម្ពុជាញឹកញាប់។ ពិសេសគុនខ្មែរនឹងកាន់តែល្បីល្បាញ»៕