កីឡាករចំណូលថ្មី នៅ វណ្ណថន បានសារភាពថា រូបគេស្ទើរតែមិនជឿថា អាចមានសមត្ថភាពដណ្តើមបានខ្សែក្រវាត់ជើងឯកប៉ុស្តិ៍លេខ៥ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលត្រូវបានដាក់ឱ្យកីឡាករកម្រិតCវាយដណ្តើមគ្នាជាលក្ខណៈម៉ារ៉ាតុងជាលើកដំបូងនោះទេ ចំណែកជើងខ្លាំង ខាំ ខ្លានាង, ឃន សុម៉ាលី និងកីឡាការិនី មឿយ សឹង ក៏ទទួលបានជ័យជម្នះយ៉ាងរំភើបលើអ្នកប្រយុទ្ធមកពីបរទេសផងដែរ។
សម្រាប់ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ជើងឯក «ប៉ុស្តិ៍លេខ៥» ដែលបានដាក់បេក្ខភាពកីឡាករចំនួន ៨នាក់ ឱ្យប្រកួតដណ្តើមគ្នាជាលក្ខណៈម៉ារ៉ាតុងក្នុងថ្ងៃតែមួយនេះ បានក្លាយជាការប្រកួតខ្សែក្រវាត់ថ្មី មិនធ្លាប់មានសង្វៀនណារៀបចំទេ ហើយលោក ហួង តារាមុនី អគ្គនាយកស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ ៥ បានលើកឡើងក្នុងសន្និសីទកាសែត មុនការប្រកួតថា ជាការបើកទំព័រសករាជថ្មី ដើម្បីផ្តល់លទ្ធភាពដល់កីឡាករកម្រិត C អាចពង្រឹងសមត្ថភាព និងរកបានចំណូលលើការចាប់យកអាជីពជាអ្នកប្រដាល់នេះ។
តាមរយៈការប្រកួតជាក់ស្តែង ដែលត្រូវបានធ្វើឡើង នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមកនេះ កីឡាករ នៅ វណ្ណថន បានឈ្នះទាំង ៣ប្រកួតជាប់ៗគ្នា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នេះ ជាមួយប្រាក់រង្វាន់ចំនួន ៨លានរៀល ហើយលេខ២ បានទៅលើកីឡាករ រឿប វិច្ឆិកា ដែលទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន ៤លានរៀល។
សម្រាប់ការប្រកួតចំនួន ៣ទឹកដូចគ្នា នៅជុំទី១ នៅ វណ្ណថន បានទម្លាក់កីឡាករ ឡុង លីហេង ជាមួយការយកឈ្នះដោយពិន្ទុ រីឯ រឿប វិច្ឆិកា បានឈ្នះកីឡាករ ជន់ រឿងសារ៉ូត ដោយពិន្ទុដូចគ្នា ចំណែក រិទ្ធី សុភាព ក៏បានឈ្នះ សឹង ឡេង ដោយពិន្ទុ ខណៈ រឿង ឌីណា បានយកឈ្នះ គឿម សុវណ្ណង៉ា ដោយពិន្ទុដែរ។
ចំពោះការប្រកួតនៅជុំទី២ កីឡាករ នៅ វណ្ណថន បានបន្តយកឈ្នះលើកីឡាករ រឿង ឌីណា ដោយពិន្ទុ ហើយ រឿប វិច្ឆិកា ក៏បានទម្លាក់កីឡាករ រិទ្ធី សុភាព ដើម្បីឡើងទៅជួប នៅ វណ្ណថន នៅវគ្គផ្តាច់ព្រ័ត្រ ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញ ក្រោមការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនាផ្ទាល់នោះ នៅ វណ្ណថន បានរក្សាកំណត់ត្រាឈ្នះជាលើកទី៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ដ៏មិនគួរឱ្យជឿ បន្ទាប់ពីចៅក្រមទាំង៥នាក់ បានផ្តល់ពិន្ទុឱ្យរូបគេឈ្នះ វិច្ឆិកា ដោយពិន្ទុនោះ។
កីឡាករ នៅ វណ្ណថន បាននិយាយក្រោយការឈ្នះខ្សែក្រវាត់ថា៖ «ការប្រកួតនេះ ពិតជាមានភាពតានតឹងខ្លាំង ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្ត ព្រោះខ្ញុំមិនដែលគិតថា ខ្ញុំអាចដណ្តើមបានខ្សែក្រវាត់ក្នុងពេលនេះទេ។ តែទោះបីជាយ៉ាងណា ខ្ញុំបានតាំងចិត្តប្រកួតខ្លាំង ដោយសារខ្សែក្រវាត់នេះស្អាត ហើយម្យ៉ាងទៀត ខ្ញុំក៏នៅក្មេង អ៊ីចឹងបើខ្ញុំអាចដណ្តើមបានខ្សែក្រវាត់នេះ ខ្ញុំនឹងមានឈ្មោះល្បី»។
កីឡាករវ័យ១៨ឆ្នាំ ធ្លាប់បានប្រកួតបាន១៨ដង ឈ្នះ១៦ និងចាញ់២ដង នៅ វណ្ណថន បានបន្ថែមថា៖ «ខ្ញុំបានសម្លឹងមើលទៅថ្ងៃអនាគតនៃការចាប់អាជីពប្រដាល់នេះ ហើយខ្ញុំពិតជាអរគុណខ្លាំងដល់សង្វៀនប៉ុស្តិ៍លេខ៥ ដែលបានរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាមនេះ សម្រាប់កីឡាករកម្រិតC ហើយខ្ញុំពិតជារំភើបចំពោះការចូលរួមគាំទ្រ និងលើកទឹកចិត្តយ៉ាងច្រើនរបស់ពុកម៉ែបងប្អូន»។
យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះការសម្រេចឱ្យ នៅ វណ្ណថន ជាអ្នកឈ្នះ ព្រោះពួកគេបានមើលឃើញថា រឿប វិច្ឆិកា ទៅវិញទេ ដែលសមជាអ្នកឈ្នះខ្សែក្រវាត់នេះ ក៏ប៉ុន្តែចំពោះ វិច្ឆិកា ព្រមទទួលយកការចាញ់នេះ ដោយបាននិយាយក្រោយការប្រកួតថា៖ «ចំពោះការប្រកួតផ្តាច់ព្រ័ត្រនេះមានភាពតានតឹងខ្លាំង ហើយខ្ញុំទទួលយកលទ្ធផល សម្រាប់ការបានត្រឹមជើងឯករងនេះ»។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិវិញ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ខាំ ខ្លានាង គួរតែអាចផ្តួលកីឡាករចិន Wu Changfa ឱ្យសន្លប់ ឬបោះបង់ចោលការប្រកួត តាមរយៈបច្ចេកទេសវាយបានយ៉ាងល្អរបស់គេ ប៉ុន្តែកីឡាករចិនម្នាក់នេះ ពិតជាមានភាពស៊ូខ្លាំងបំផុត គឺទោះបីជាទទួលរងការវាយចូលធ្ងន់ៗបែបណា ក៏គេមិនព្រមចុះចាញ់។
តាមរយៈការប្រកួតនេះ ខាំ ខ្លានាង បានបុកកែងបណ្តាលឱ្យ Wu Changfa បែកលើចុងចិញ្ចើមឆ្វេងមានឈាមហូរស្រោចពេញផ្ទៃមុខ ហើយបន្ថែមទៅលើរបួសនេះ ខ្លានាង បានតាមម៉ាត់ វាយកែង ជាពិសេសបានបុកជង្គង់ចូលធ្ងន់ៗ បណ្តាលឱ្យកីឡាករចិនម្នាក់នេះចុករមួល ហើយត្រូវបានអាជ្ញាកណ្តាលរាប់នៅចុងទឹកទី៣ផងដែរ ប៉ុន្តែគេនៅតែអាចស៊ូ រហូតដល់ចប់ទឹក និងបានចាញ់ ខ្លានាង ត្រឹមពិន្ទុ។
ជាមួយភាពស៊ូរបស់កីឡាករចិន Wu Changfa នេះ ខាំ ខ្លានាង បាននិយាយបែបសរសើរក្រោយការប្រកួតថា៖ «ការប្រកួតនេះពិតជាស្វិតស្វាញណាស់។ ខ្ញុំបានវាយចូលគាត់ពេញៗ និងណែនៗតែម្តង ប៉ុន្តែគាត់ស៊ូខ្លាំងណាស់។ គាត់គួរតែឈប់ ក្រោយពេលខ្ញុំវាយកែងបណ្តាលឱ្យបែកធំ ហើយក៏គួរតែសន្លប់ក្រោមការបុកជង្គង់ចូលធ្ងន់ៗរបស់ខ្ញុំផងដែរ ប៉ុន្តែគាត់ពិតជាមានការតាំងចិត្តខ្ពស់ គឺខ្ញុំមិនធ្លាប់ជួបកីឡាករដែលមានភាពស៊ូខ្លាំងដូចគាត់ពីមុនមកនោះទេ»។
ចំណែកកីឡាការិនីជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ មឿយ សឹង និងកីឡាករកំពុងសាងបានភាពល្បី ឃន សុម៉ាលី ក៏ដណ្តើមបានជ័យជម្នះ សម្រាប់ការប្រកួតនៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នេះផងដែរ ដោយក្នុងនោះ មឿយ សឹង បានបុកជង្គង់ចូលពេញៗបង្ខំឱ្យកីឡាការិនីអ៊ីរ៉ង់ Nazamin Hoseini ចុះចាញ់នៅពាក់កណ្តាលទឹកទី២ រីឯ ឃន សុម៉ាលី បានបន្សល់ស្នាមបែកចំនួន២កន្លែងនៅលើផ្ទៃមុខកីឡាករអ៊ីរ៉ង់ Araya Rahel មុនពេលប្រកាសឱ្យឈ្នះដោយពិន្ទុ៕