លោក​ឧត្តម​សេនីយ៍​ត្រី ខូវ ឆាយ ដែល​ត្រូវ​បាន​អង្គប្រជុំ​របស់​គណៈកម្មាធិការប្រតិបត្តិ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បោះឆ្នោត​ជ្រើស​តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ជំនួស​ប្រធាន​ចាស់ គឺ​លោក តែម ម៉ឺន កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​នោះ បាន​បញ្ជាក់​ពី​គោលជំហរ​​មិន​គាំទ្រ​ឱ្យ​កីឡាករ​ ​Dave Leduc ឡើង​ប្រកួត​នៅ​លើ​សង្វៀន​​ក្នុង​​ប្រទេស​កម្ពុជា​ ដរាបណា​លោក​នៅ​ជា​ប្រធាន​សហព័ន្ធ។

ការ​ប្រកាស​បិទ​ផ្លូវ​ឱ្យ​មិន​ Dave Leduc ឡើង​ប្រកួត​នៅ​កម្ពុជា​នេះ គឺ​លោក ខូវ ឆាយ បាន​និយាយ​តប​​ទៅ​នឹង​ការ​បង្ហោះសារ​របស់​កីឡាករ ជា​ស្តេច​ប្រដាល់​របស់​មីយ៉ាន់ម៉ា​រូបនេះ ដែល​បាន​សរសេរ​ថា៖​ «ខ្ញុំ​ត្រូវកា​រ​១​លាន​ដុល្លារ បើ​សិន​ចង់​ឱ្យ​ខ្ញុំ​ឡើងសង្វៀន​ម្ដង​ទៀត ខ្ញុំ​នឹង​ដើរ​ផ្ដួល​កីឡាករ Muay​Thai ព្រោះ​ខ្ញុំ​គិត​ថា Muay Thai គឺលួច​ចម្លង​ក្បាច់​គុនខ្មែរ។ ខ្ញុំ​ចង់​ប្រកួត​ម្ដង ប៉ុន្ដែ​ផ្ដួល​តែ​កីឡាករ Muay Thai ប៉ុណ្ណោះ»។ 

ជាមួយ​សំណេរ​មួយ​ឃ្លា​របស់ Dave Leduc នេះ លោក ខូវ ឆាយ និយាយ​ក្នុងពេល​ផ្តល់​បទ​សម្ភាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក ​កាល​ពី​ព្រឹក​ថ្ងៃទី​៩ ខែ​មិថុនា​នេះ​ថា លោកបាន​អាន និង​មើល​រួច​ហើយ ហើយ​លោក​មិនគាំ​ទ្រ​នោះ​ទេ។ 

លោក ឆាយ បាន​ចាត់​ទុក​ការ​ទាមទារ​ទឹក​ប្រាក់​ ១​លាន​ដុល្លារ សម្រាប់​ការ​ឡើង​ប្រកួត​នៅ​ប្រទេស​កម្ពុជា​របស់ Dave Leduc ជា​ការ​ទាមទារ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​បុគ្គល គឺ​មិនមែន​ជា​ការ​ជួយ​ផ្សព្វ​ផ្សាយ​គុនខ្មែរ​នោះ​ទេ។

ចំណែក​​មហិច្ឆិតា​ចង់​ប្រកួត និង​ចង់​ផ្តួល​តែ​​កីឡាករ MuayThai របស់ថៃ​ពី​សំណាក់ Dave Leduc ត្រូវ​បាន​លោក ខូវ ឆាយ បញ្ជាក់​ថា៖​ «Dave Leduc ​និយាយ​ពីបញ្ហា​របស់​គុនខ្មែរ​ជាមួយ​ MuayThai គឺ​ខ្ញុំ​គិត​ថា ​ក្នុងនាម​ជា​សហព័ន្ធ យើង​មិនចង់​ឱ្យ​មាន​ការ​បែង​ចែក និងអុជអាល​បង្ក​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍​នោះ​ទេ ព្រោះ​ទង្វើ​នេះ​វាធ្វើ​ឱ្យ​មាន​ការ​ឈ្លោះ​គ្នា។​យើង​ជា​ប្រទេស​មួយ​មាន​សន្តិភាព ​គឺ​យើង​អត់​ត្រូវ​ការ​ឱ្យ​មានការ​ឈ្លោះ​គ្នា ស្អប់គ្នា ឈាន​​ទៅ​​រក​ការ​បង្ក​ឱ្យ​មាន​សង្រ្គាម​ទេ»។ 

ប្រធានសហព័ន្ធ​រូបនេះ បាន​បន្ថែម​ថា៖ «និយាយ​តាម​ត្រង់​ចំពោះ​បុគ្គល Dave Leduc នេះ ​ខ្ញុំ​មិន​ស្វាគមន៍​គាត់​ឱ្យ​ឡើង​សង្វៀន​ប្រដាល់​នៅ​ប្រទេស​​កម្ពុជា​ទេ  ដរាប​ណា​ខ្ញុំ​នៅ​ជា​ប្រធាន​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ព្រោះ​បុគ្គល​នេះ​បាន​បង្ក​បញ្ហា​ម្តង​ហើយ កាល​ពី​ប្រកួត​ជាមួយ ព្រំ សំណាង»។ 

ចំពោះ​ស្ថានភាព​ប្រកួត​បែប Mas Fight ១ទឹក​៩នាទី ​រវាង ព្រំ សំណាង និង Dave Leduc កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជាព្រឹត្តិការណ៍​ប្រដាល់​ធំ​បំផុត​ជា​ប្រវត្តិសាស្រ្ត​រវាង​គុនខ្មែរ និងក្បាច់​គុន Lethwei របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ លោក ខូវ ឆាយ បាន​អះអាង​ថា Leduc ​បាន​ព្រម​ព្រៀង​គ្នា​ប្រកួត​ពាក់​ហ្គង់​រួច​ហើយ ប៉ុន្តែ​ជិត​ដល់ម៉ោ​ង​ប្រកួត​ គាត់​ទាមទារ​ប្រកួតអំបោះ​ឆៅ​វិញ ដែល​ធ្វើ​ឱ្យ​មាន​ការ​ពន្យារពេល​កម្ម​វិធី​ប្រកួត​ជិត​១ម៉ោង។

លោក ខូវ ឆាយ បានសង្កត់​ធ្ងន់​ថា៖ «ពេលនោះ​យើង​បាន​បង្ខំ ព្រំ សំណាង ឱ្យ​ប្រកួត (អំបោះឆៅ) ទៅ​តាម Dave Leduc ព្រោះបើ​មិន​ធ្វើ​ដូច្នេះ នឹង​ខូច​កម្មវិធី​ប្រកួត​ទាំង​មូល​តែម្តង​អ៊ីចឹង យើង​ឃើញ​ហើយ​ថា កីឡាក​រហ្នឹង​ក្រឡេចក្រឡុច​ច្រើន ហេតុ​នេះ​ដរាបណា​ខ្ញុំ​នៅ​តែ​ជា​ប្រធាន​សហព័ន្ធ គឺ​ Dave Leduc មិនអាច​ឡើង​សង្វៀន​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ទេ! បើ​គាត់ចង់​បាន​ឡើង​ប្រកួត​នៅ​កម្ពុជា គឺ​គាត់​ត្រូវរង់ចាំ​រហូត​ដល់​ខ្ញុំ​ចុះចេញ​ពី​ប្រធាន​សហព័ន្ធ​សិន»។

យ៉ាង​ណាក៏​ដោយ កីឡាករ Dave Leduc ដែល​បាន​សម្រេច​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា មក​រស់​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​បើក​ហាង​កាហ្វេ ឈ្មោះ DAV House ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​នោះ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​លោក ខូវ ឆាយ ហើយ​បាន​ចាត់​ទុក​​ទង្វើ​របស់​លោក ឆាយ ជា​ការ​និយាយ​​ដោយ​​គ្មាន​វិជ្ជាជីវៈ និង​មិន​មាន​ការ​ផ្តល់​តម្លៃ​ដល់​រូប​លោក គឺ​ខុសពី​អតីតប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​មុន (លោក តែម ម៉ឺន) ដែល​មាន​ទាំង​វិជ្ជាជីវៈ និង​ចាស់​ទុំ​ជាង​គួរ​ឱ្យ​គោរព។ 

Dave បាន​បញ្ជាក់​តាម​ការបង្ហោះសារ​របស់​ខ្លួន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ខ្ញុំ​គិត​ថា ​អ្នក​ថ្មី (ខូវ ឆាយ) ​កំពុង​ព្យាយាម​ចង់ល្បី​ដោយ​យក​ឈ្មោះ​ខ្ញុំ​មក​ធ្វើ​ជា​វិធានបទ ពេលនេះ​ដំណើរការ​ហើយ​សូម​អបអរសាទរ។ ប្រសិន​បើ​ជា​មនុស្សប្រុស​មែន គួរតែ​និយាយ​ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី​បញ្ហា ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​និយាយ​ជាមួយ​អ្នកកាសែត ហើយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម និង​ធ្វើឱ្យ​រឿង​នេះ​ផ្ទុះ។ គាត់​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះខ្ញុំ​ជា​សាធារណៈ ហើយ​ប្រឌិត​រឿង​មិន​ពិត​អំពី​ខ្ញុំ»។

ស្តេច​ប្រដាល់​របស់​មីយ៉ាន់ម៉ា​រូបនេះ បាន​បន្ថែម​ថា៖ «ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា ខ្ញុំរស់​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ និង​កូន​របស់​ខ្ញុំ​ទើប​តែ​កើត​បាន​១ខែ​នៅ​ទីនេះ។ ខ្ញុំ​បាន​វិនិយោគ​នៅ​ទីនេះ ខ្ញុំ​បាន​បង្កើត​ការងារ​សម្រាប់​បុគ្គលិក​ជាច្រើន និង​ជួយ​គ្រួសារ​ជាច្រើន ដែល​ជា​អតីត​យុទ្ធជន។ ខ្ញុំ​បាន​បើក​អាជីវកម្ម​នៅ​ទីនេះ ហើយ​អ្នក​ដែល​បាន​តាម​ដាន​ខ្ញុំ ពួកគាត់​ដឹង​ហើយ​ថា ​ខ្ញុំ​បាន​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ស្ទើរ​តែ​រាល់​ថ្ងៃ​តាម​បណ្តាញ​សង្គម»។

តែទោះ​បី​ជា​យ៉ាង​ណា លោក ខូវ ឆាយ បាន​អះអាង​​ថា កីឡាករ Dave Leduc សព្វថ្ងៃ​នេះ​​អស់​ផ្លូវ​​ត្រូវ​ទៅ​ហើយ ព្រោះ​កាល​ពី​មុន​គាត់​នៅ​ថៃ ហើយ​ចេញពី​ថៃ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ចំណែក​ពេលនេះ​គាត់​មក​ប្រទេស​​កម្ពុជា ដើម្បី​ស្វែង​រក​ការ​ជ្រកកោន ឬក៏​មាន​ផែន​ការរក​ការ​គាំទ្រ​ដើម្បី​សុំសញ្ជាតិ​ខ្មែរ។ ប៉ុន្តែ​លោក​មិនគាំ​ទ្រ​នោះ​ទេ  ព្រោះ​បុគ្គល​ម្នាក់​នេះ ​បានបង្កើត​ឱ្យ​មានបញ្ហា​ម្តង​ជា​២ដង។

បន្ថែម​លើ​នេះ ​ការ​បង្គាប់​ឱ្យ​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន Manny Pacquiao ធ្វើ​ត្រាប់​ ដើម្បី​បង្ហាញពី​និមិត្តប​សញ្ញា​ក្បាច់គុណ Lethwei របស់​មីយ៉ាន់ម៉ា ពី​សំណាក់ Dave Leduc នៅ​ក្នុង​កម្មវិធី​ប្រកួត​សង្វៀន​ហនុមាន​គុនខ្មែរ​ កាល​ពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ ក៏​ជាទង្វើ​មួយ ដែល​​លោក ខូវ ឆាយ មិនពេ​ញ​ចិត្ត ព្រោះ Dave បាន​ឆ្លៀត​យក​កម្មវិធី​គុនខ្មែរ ទៅ​ផ្សព្វ​ផ្សាយ​ក្បាច់គុន​ផ្សេង ទាំង​ខ្លួនឯង​​ត្រឹម​ជា​ភ្ញៀវ​ធម្មតា។

លោក ឆាយ បាននិយាយ​ថា៖ «យើង​ឃើញទង្វើ​របស់គាត់​​ហើយ គឺបុគ្គល​ម្នាក់​នេះ មិន​អាច​យក​ជា​គ្នា​បាន​ទេ អ៊ីចឹង​ក្នុងនាមជា​សហព័ន្ធ យើង​មិន​ធ្វើ​ការជាមួយ​គាត់​ទេ ព្រោះ​យើង​មិនដឹង​ថា ពេល​ធ្វើ​ការជាមួយ​គាត់ នឹង​មាន​រឿង​អ្វីកើត​ឡើង​ទៀត! មិន​ស្រួល​ដល់ពេល​ឡើង​សង្វៀន​ហើយ គាត់​នៅ​អាច​ប្រែ​ក្រឡាស់​បាន​ទៀត អ៊ីចឹង​យើង​មិនអាចទុកចិត្ត​​ធ្វើ​ការ​ជាមួយ​គាត់​បាន​ទេ ខូច​កម្មវិធី​គេ​អស់»។

យ៉ាង​ណាក៏​ដោយ ជុំវិញរឿងនេះ Dave បានបកស្រាយ​ថា៖​ «ខ្ញុំបាន​បង្ហាញ Manny Pacquiao នៅ​និមិត្ត​សញ្ញា​ក្បាច់គុន Lethwei នៅពេល​ដែល​ខ្ញុំ​បាន​ជួប​គាត់​កាល​ពីសប្តាហ៍​មុន នៅ​ក្នុង​កម្មវិធីប្រដាល់គុនខ្មែរ។ ចំណែក​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ ​បាន​និយាយ​ថា “មិន​អាច​ធ្វើបែបនឹង​បានទេ” ហើយ​មិន​អនុញ្ញាត​ខ្ញុំឡើង​ប្រកួត​លើ​សង្វៀន​គុន​ខ្មែរ​ទៀត​ឡើយ។ ខ្ញុំ​បាន​ធ្វើ​និមិត្ត​សញ្ញា Lethwei ជាមួយ​អ្នក​រាល់​គ្នា ​ដែល​ខ្ញុំបាន​ជួប ព្រោះ​វា​ជា​រូបភាពតំណាង​ក្បាច់​គុន​របស់​ខ្ញុំ តើ​វា​ប្រឆាំង​នឹង​ច្បាប់​គុន​ខ្មែរ ​ក្នុង​ការ​ចែករំលែក​វប្បធម៌​ក្បាច់គុនប្រដាល់​របស់​ខ្ញុំ​ឬ?។

តែទោះបីជា​យ៉ាង​ណា លោក ខូវ ឆាយ បាន​ប្រកាន់​គោល​ជំហរ​ច្បាស់​លាស់ ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ Dave Leduc ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា និង​ទង្វើ​ដែល Dave បាន​បង្ក​ឡើង​កន្លង​មក ហើយលោក​បាន​​សំណូមពរ​ឱ្យ​​ប្រជាពល​រដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំ​ទ្រ​វិស័យ​ប្រដាល់​ ឈប់​ចាប់​អារម្មណ៍​និង​បុគ្គល​ម្នាក់​នេះ​ទៀត​ទៅ។ 

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «​ Dave Leduc ​មិនមែន​ជា​អាយដល​របស់​យើង​ទេ ហើយ​ក៏​មិនមែន​ជា​អ្នក​ដែល​យើង​ត្រូវ​កោត​សរសើរ​នោះ​ដែរ ព្រោះ​មនុស្ស​នេះ​អត់ស្មោះ​ត្រង់»៕