កីឡាករជើងខ្លាំងគុនខ្មែរលំដាប់លេខ១របស់កម្ពុជា ធឿន ធារ៉ា បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ (2nd Asian Mixed Martial Arts Championship) ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាផ្លូវការ ប៉ុន្តែអ្នកប្រយុទ្ធប្រេស៊ីលមានសញ្ជាតិខ្មែរ Thiago Teixeira ដែលមានឈ្មោះខ្មែរថា សែន ច័ន្ទឫទ្ធីគុន បាននឹងកំពុងផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូងនេះ ដោយរូបគេដាក់គោលដៅដណ្តើមយកមេដាយមាស។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាអ្នករៀបចំការប្រកួត AMMA Championship 2024 នេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពជា និងក្រុមហ៊ុន VIP Sorts បានសម្រេចបញ្ចូលឈ្មោះ ធឿន ធារ៉ា នៅក្នុងព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីទទួលបានការយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹករបស់ ធារ៉ា។
តែទោះបីជាយ៉ាងណា នៅក្នុងសន្និសីទកាសែត ស្តីពីការសម្ពោធជាផ្លូវការការលក់សំបុត្រប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១២ ខែមិថុនា ធឿន ធារ៉ា មិនបានបង្ហាញវត្តមាននោះទេ។ ប៉ុន្តែលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានទម្លាយថា ធឿន ធារ៉ា បានដកខ្លួនចេញពីការប្រកួត AMMA Championship នេះហើយ ដោយសាររូបគេមិនអាចធ្វើគីឡូបាន ហើយក៏មានបញ្ហាផ្នែកសុខភាពផងដែរ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងចង់បានកីឡាករគុនខ្មែរល្អៗ មកធ្វើការប្រកួត ប៉ុន្តែជាបច្ចេកទេស កីឡាករគុនខ្មែរសុទ្ធមិនធ្លាប់ប្រកួត MMA សោះ គឺពិបាកក្នុងការប្រកួត MMA ណាស់ ព្រោះមួយប្រកួតឈរ រីឯមួយទៀតប្រកួតឈរផង និងអង្គុយ ឬដេកផង អ៊ីចឹងជំហរមានលក្ខណៈខុសគ្នា ហើយបច្ចេកទេសក៏ខុសគ្នាបន្តិចដែរ ហេតុនេះយើងត្រូវការការហ្វឹកហាត់បន្ថែម និងពេលវេលាបំប៉នបន្ថែមទៅលើរបៀបប្រកួតគុនចម្រុះ MMA នេះ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាផងនោះ បានយល់ថា កីឡាករ ដែលមិនទាន់យល់ពីបទបញ្ជា និងច្បាប់នៃការប្រកួតរបស់ MMA វាអាចបង្កឱ្យមានកំហុស ក្នុងពេលប្រកួតជាក់ស្តែង ដែលនាំឱ្យខូចកិត្តិយសទាំងកីឡាករផ្ទាល់ និងប្រទេសជាតិ។
អ្នកជំនាញកីឡារូបនេះ បានបញ្ជាក់ថា៖ «យើងមិនបំបាក់កីឡាករយើង ដោយសារគាត់មិនបានស្គាល់ និងយល់ពីបច្ចេកទេសទេ! ពេលខ្លះគាត់លឿនពេក ចាប់អត់បាននូវបទបញ្ជាប្រកួត ហើយនៅក្នុងការប្រកួតផ្លូវការជាអន្តរជាតិ គឺពេលយើងធ្វើខុសពីបទបញ្ជាប្រកួត គេបណ្តេញចេញ និងផ្សព្វផ្សាយតែម្តង ដល់អ៊ីចឹងវានាំឱ្យខូចកិត្តិយស។ ចំណុចនេះហើយបានជាគណៈកម្មការបច្ចេកទេសរបស់យើង បានគិត និងវិភាគច្បាស់លាស់ថា យើងមិនមែនយកគាត់មកប្រកួត តែបែរជាយកគាត់មកឱ្យខូចកិត្តិយសទៅវិញ»។
ជាមួយគ្នានេះ អ្នកប្រដាល់ប្រេស៊ីលមានសញ្ជាតិខ្មែរ Thiago Teixeira មានឈ្មោះខ្មែរថា សែន ច័ន្ទឫទ្ធីគុន បានដាក់ចិត្តខ្លាំង ក្នុងការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង ក្នុងការប្រកួត2nd Asian Mixed Martial Arts Championship 2024 ហៅកាត់ថា 2nd AMMA Championship 2024 នេះ។
កីឡាករ សែន ច័ន្ទឫទ្ធីគុន ដែលធ្លាប់ហ្វឹកហាត់ទាំងជំនាញ MMA និងប្រភេទកីឡាជឺជីស៊ូផងនោះ បានក្លាយជាបេក្ខភាពដ៏សំខាន់មួយ នៅក្នុងក្រុមជម្រើសជាតិកីឡា MMA កម្ពុជា នាពេលនេះ ព្រោះក្រៅពីហ្វឹកហាត់ខ្លួនឯង គឺ ច័ន្ទឫទ្ធីសែន ក៏បានចែករំលែកបទពិសោធន៍ និងបច្ចេកទេសប្រកួត MMA ទៅដល់កីឡាករ កីឡាការិនីកម្ពុជាផ្សេងទៀតផងដែរ។
សែន ច័ន្ទឫទ្ធីគុន បាននិយាយក្រោយសន្និសីទកាសែត កាលពីថ្ងៃទី១២ ខែមិថុនាថា៖«ខ្ញុំមានអារម្មណ៍ពិសេសបំផុត ដែលបានប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូងនេះ។ ខ្ញុំបានចែករំលែកទាំងបទពិសោធន៍ដែលខ្ញុំមានទៅដល់អត្តពលិកកម្ពុជាផ្សេងទៀត ហើយខ្ញុំខ្លួនឯងក៏បានប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែម គឺពួកយើងបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យមានភាពប្រសើរជាក្រុមតែម្តង សម្រាប់ត្រៀមការប្រកួត AMMA Championship ជាលើកដំបូងនៅកម្ពុជានេះ»។
ជាមួយការខិតខំប្រឹងនេះ សែន ច័ន្ទឫទ្ធីគុន មានការជឿជាក់ខ្លាំង ក្នុងការដណ្តើមយកមេដាយ ដោយគេបានបញ្ជាក់ថា៖ «ខ្ញុំមានការជឿជាក់ខ្លាំងលើខ្លួនឯង ហើយការកំណត់គោលដៅរបស់ខ្ញុំក៏ខ្លាំង ដែលវានឹងក្លាយជាកម្លាំងដ៏អស្ចារ្យ ក្នុងការឈានទៅរកការដណ្តើមបានមេដាយមាស។ តែទោះយ៉ាងណា ខ្ញុំមានចង់និយាយទៅកាន់ប្រជាជនកម្ពុជាថា តែឯងអាចទៅមុខបានហើយ ប៉ុន្តែបើយើងរួមគ្នា វាទៅមុខកាន់តែលឿន ហេតុនេះសូមអ្នកទាំងអស់គ្នា មកគាំទ្រដល់ក្រុមជម្រើសជាតិ MMA របស់យើងឱ្យបានច្រើន ក្នុងការប្រកួត AMMA Championship ខាងមុខនេះ»។
តាមខ្លឹមសារ ដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃពុធនោះ បានឱ្យដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤នេះ នឹងធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា ដោយមានប្រទេសចំនួន១៧ចូលរួម ហើយកម្ពុជា ជាម្ចាស់ផ្ទះបានត្រៀមកីឡាករ កីឡាការិនីចំនួន១៦នាក់ សម្រាប់ការប្រជែងយកមេដាយកម្រិតអាស៊ីមួយនេះ។
អ្នកលេងគុនចម្រុះ ចាន់ រតនា កីឡាករ ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហ៊ាន, មាស ម៉ើ, សែន ច័ន្ទឫទ្ធីគុន, ហ៊ុន ចាន់រាជ, ធាន អាន, អេ វីរៈខាំឈិតភូថង, ហាន ហ៊ីម, ផេង សុខបញ្ញាកីឡាការិនី ខៀវ ចិន្តារ័ត្ន, នៅ ស្រីពៅ, វឿន វ៉ាន់នីតា, សំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីពីន គឺជាបេក្ខភាព ដែលត្រូវប្រកួតតំណាងឱ្យកម្ពុជា ហើយអ្នកទាំងនេះភាគច្រើនជាអត្តពលិកធ្លាប់មានបទពិសោធន៍ប្រកួត MMA គឺលើកលែងតែកីឡាការិនី ទួន ស្រីពីន, វឿន វ៉ាន់នីតា និងកីឡាករ ផេង សុខបញ្ញា ជាអ្នកចំណូលថ្មី។
ជាមួយគ្នា លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានឱ្យដឹងថា កម្ពុជាយើងបានសម្រេចធ្វើជាម្ចាស់ផ្ទះការប្រកួត AMMA Championship នេះ ក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ហើយលោកបានបង្ហើបថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងចូលរួមនៅក្នុងពិធីបើកការប្រកួតនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
ចំពោះការចំណាយទៅលើការរៀបចំការប្រកួត AMMA Championship 2024 នេះវិញ លោក វ៉ាត់ ចំរើន បានទម្លាយថា អស់ជាង៣០ម៉ឺនដុល្លារ ប៉ុន្តែក្នុងនោះសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី ឬ Asian Mixed Martial Arts Association (AMMA) បានជួយឧបត្ថម្ភជាង៩០ភាគរយហើយ។
ចំណែកការចំណាយប្រមាណ១០ភាគរយទៀត គឺម្ចាស់ផ្ទះកម្ពុជា ជាអ្នកស្វែងរកការឧបត្ថម្ភពីខាងក្រៅ ដើម្បីបន្ថែមទៅលើថវិកា ដែលនឹងទទួលបានពីការលក់សំបុត្រពីការប្រកួត នេះ ហើយក្រុមហ៊ុន VIP Sports ដែលមានលោក Steven Path ជានាយកប្រតិបត្តិ គឺជាអ្នករ៉ាប់រងទៅលើការងារនេះ។ តាមការបញ្ជាក់ គឺសំបុត្រកន្លែង VIP ១សន្លឹកតម្លៃ៦ម៉ឺនរៀល និងកន្លែងធម្មតានៅផ្នែកខាងលើ១សន្លឹកតម្លៃ២ម៉ឺនរៀល ហើយនៅក្នុងវិមានពហុកីឡដ្ឋានជាតិ ក៏មានការដាក់ឱ្យមានម៉ាស៊ីនត្រជាក់ សម្រាប់អ្នកទស្សនាផ្ទាល់ជាលើកទី១ផងដែរ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងធ្វើដោយមានគោលការណ៍ច្បាស់លាស់ និងមានការទទួលខុសត្រូវ ចំពោះអនាគតនៃក្បាច់គុនព្រលឹងជាតិ និងក្បាច់គុនអត្តសញ្ញាណជាតិរបស់ខ្លួន ហើយការប្រកួត AMMA Championship 2024នេះ ចាត់ទុកថា ជាការប្រកួត ដើម្បីធ្វើទំនើបកម្មក្បាច់គុន គឺធ្វើយ៉ាងណាឱ្យក្បាច់គុនខ្មែររបស់យើងកាន់តែចូលរួមជាមួយសភាពការ ឬភាពជឿនលឿន នៃការប្រកួតក្បាច់គុននៅលើពិភពលោក អ៊ីចឹងគោលដៅគឺលើកតម្កើងក្បាច់គុនរបស់យើង»៕